នេះគឺជាដំណឹងល្អមួយ សម្រាប់ស្ត្រីជាម្តាយគ្រប់រូប ជាពិសេស ស្ត្រីដែលកំពុងតែមានផ្ទៃពោះតែម្តង ។ វាក៏ជាសំណួរមួយដែលបងប្អូនអ្នកអានរបស់យើង តែងតែចោទសួរជាញឹកញាប់ ។ តាមការសិក្សាថ្មីមួយបានបង្ហាញថា ក្មេងដែលកើតពីម្តាយដែលបានញ៉ាំផ្លែឈើ៦ ទៅ ៧ ដងជារៀងរាល់ថ្ងៃ ក្នុងពេលមានផ្ទៃពោះ ឃើញថា ពិន្ទុIQ របស់គេអាចខ្ពស់ជាងគេពី ៦ទៅ៧ ពិន្ទុឯណោះ នៅពេលពួកគេធំឡើង។
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ផ្លែឈើ គឺល្អចំពោះមនុស្សយើងណាស់។ ប៉ុន្តែ ការញ៉ាំផ្លែឈើច្រើន ក៏អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន គួរឲ្យភ្ញាក់ផ្អើល ចំពោះទារកក្នុងផ្ទៃដែរ។ ការសិក្សាថ្មីមួយដែលធ្វើឡើង ដោយសាកលវិទ្យាល័យ Alberta បានបង្ហាញថា អត្ថប្រយោជន៍នៃការញ៉ាំផ្លែឈើ អាចចាប់ផ្តើមតាំងពីទារកក្នុងផ្ទៃមកម្លេះ។
ការសិក្សាដែលបានចុះផ្សាយ ក្នុងសារព័ត៌មាន EbioMedicine បានរកឃើញថា ទារកកើតពីម្តាយដែលញ៉ាំផ្លែឈើច្រើន បំផុតក្នុងពេលមានផ្ទៃពោះ ឃើញថាមានការលូតលាស់ល្អ ច្រើនជាងគេក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិត។
ចំពោះម្តាយដែលបានញ៉ាំទឹកផ្លែឈើ និងផ្លែឈើ៦ទៅ៧ ដងជារៀងរាល់ថ្ងៃ ក្នុងពេលមានផ្ទៃពោះ កូនដែលកើតមកឃើញថា អាចទទួលបានពិន្ទុ IQ ខ្ពស់ជាងកម្រិតមធ្យមរហូតដល់ ៦ ទៅ៧ ពិន្ទុឯណោះ ។ កម្រិតពិន្ទុជាមធ្យមរបស់ IQ គឺ១០០។
អ្នកស្រាវជ្រាវបានបញ្ជាក់ថា កាលណាទារកនៅក្នុងផ្ទៃកាន់តែយូរ ពួកគេកាន់តែទទួលបានការលូតលាស់បន្ថែមទៀត នៅពេលម្តាយនៅតែបន្តការញ៉ាំផ្លែឈើទៀត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនបានលើកទឹកចិត្តឲ្យម្តាយគ្រប់រូប ខំប្រឹងញ៉ាំផ្លែឈើច្រើនៗ ជ្រុលពេកនោះទេ ព្រោះវាអាចនឹងបង្ក ជាបញ្ហាសុខភាពច្រើនបាន ជាពិសេស ជំងឺទឹកនោមផ្អែមតែម្តង។ ប៉ុន្តែ ការសិក្សាបានបង្ហាញទៀតថា ត្រឹមតែការញ៉ាំផ្លែប៉ោមមួយផ្លែពីរ អាចនឹងផ្តល់ប្រយោជន៍យ៉ាងអស្ចារ្យទៅហើយ សម្រាប់ការលូតលាស់ ថាមពលខួរក្បាលកូននៅថ្ងៃអនាគត៕