ការគេងមិនគ្រប់មិនត្រឹមតែធ្វើអោយអ្នកបាក់សម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលខ្លាំងក្លាចំពោះសុខភាពផងដែរ ។ ថាតើការគេងមិនបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់នឹងបង្កបញ្ហាអ្វីខ្លះទៅ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអាចនឹងកើតឡើងប្រសិនបើអ្នកគេងមិនគ្រប់ជាប្រចាំ ៖
១. ពិបាកផ្ដោតអារម្មណ៍
យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា កង្វះនៃការគេងអាចជះឥទ្ធិពលអវិជ្ជមានគួរឱ្យព្រួយបារម្ភចំពោះដំណើរមុខងារនៃខួរក្បាល ដោយភាពហត់នឿយកាត់បន្ថយសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ និងចងចាំពត៌មានផ្សេងៗ។
២. សុខភាពផ្លូវចិត្ត
ការគេងមិនគ្រប់ក៏មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក NCBI បានឱ្យដឹងថា អ្នកដែលគេងបានតិចជាង ៦ ម៉ោងរាល់យប់ គឺហាក់ដូចជាងាយនឹងវិវត្តទៅជាកើតជំងឺធ្លាក់ទឹកចិត្តច្រើនជាងអ្នកដែលបានគេងគ្រប់គ្រាន់ដល់ទៅ ៥ ដងឯណោះ។
៣. សម្ពាធឈាមឡើងខ្ពស់
ក្រៅពីការទទួលទានអាហារមានផ្ទុកជាតិសូដ្យូមច្រើនហើយនោះ បញ្ហាសម្ពាធឈាមឡើងខ្ពស់ក៏បណ្ដាលមកពីកង្វះនៃការគេងផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវមួយនៃវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក NCBI បានឱ្យដឹងថា ប្រមាណជា ៩០ ភាគរយនៃអ្នកដែលគេងមិនគ្រប់ ឬមានជំងឺគេងមិនលក់នឹងអាចជួបប្រទះនូវបញ្ហាសុខភាពគួរអោយបារម្ភជាច្រើន រួមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់។
៤. ជំងឺសសៃឈាមបេះដូង និងដាច់សសៃឈាមខួរក្បាល
ការគេងមិនគ្រប់អាចរារាំងឈាមមិនឱ្យរត់បានត្រឹមត្រូវ ហើយវាជាអ្វីមួយដែលអាចធ្វើឱ្យឈាមកកកើតមានឡើង។ ឈាមកកនោះអាចចរាចរ ហើយរាំងស្ទះដល់លំហូរនៃឈាមដឹកនាំអុកស៊ីសែនទៅកាន់សាច់ដុំបេះដូងដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ ប្រសិនបើអ្នកផ្ដាច់ការផ្គត់ផ្គង់ឈាមដឹកនាំអុកស៊ីសែនទៅកាន់ផ្នែកមួយនៃខួរក្បាល នោះហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនឹងឡើងខ្ពស់គួរឱ្យព្រួយបារម្ភជាក់ជាមិនខាន។
៥. ជំងឺធាត់ជ្រុល
ផលប៉ះពាល់មួយផ្សេងទៀតនៃការគេងមិនគ្រប់ គឺជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។
៦. ជំងឺទឹកនោមផ្អែម
អតុល្យភាពនៃអ័រម៉ូនដោយសារការគេងមិនគ្រប់ក៏អាចជះឥទ្ធិពលលើការផលិតអាំងស៊ុយលីនផងដែរ
។ បញ្ហាផ្សេងៗពាក់ព័ន្ធជាមួយអាំងស៊ុយលីអាចបណ្ដាលអោយកម្រិតនៃជាតិស្ករក្នុងឈាមនៅតែខ្ពស់គ្រប់ពេល ហើយអ្នកប្រាកដជាប្រឈមមុខនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមមិនខាន៕