មិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលទានទឹកដោះគោស្រស់បានទេ ដោយសារតែមានអ្នកខ្លះមានបញ្ហាពិបាករំលាយជាតិឡាក់តូសក្នុងទឹកដោះគោ ហើយបណ្តាលទៅជារាគ និង ហើមពោះជាដើម។ តែថ្ងៃនេះ យើងនិយាយតែសម្រាប់អ្នកអាចទទួលទានបាននោះទេ។ តើទឹកដោះគោស្រស់មានប្រយោជន៍អ្វីខ្លះដល់សុខភាព?
១. ល្អសម្រាប់អ្នកមានបញ្ហាបេះដូងនិងលើសសម្ពាធឈាម
ទឹកដោះគោមានផ្ទុកជាតិប៉ូតាស្យូម ដែលជួយពង្រឹងសាច់ដុំបេះដូងកន្ត្រាក់កាន់តែប្រសើរឡើង។ ប៉ូតាស្យូម ក៏ជួយគ្រប់គ្រងកម្រិតត្រឹមត្រូវនៃសម្ពាធឈាមផងដែរ។ ប្រសិនបើអ្នកព្រួយបារម្ភពីការកើនទម្ងន់ ឬកូឡេស្តេរ៉ូលមិនល្អ នៅពេលទទួលទានទឹកដោះគោ ចូរជ្រើសរើសទឹកដោះគោគ្មានជាតិខ្លាញ់ ឬមានផ្ទុកជាតិខ្លាញ់ទាប។
២. ល្អសម្រាប់អ្នកមានបញ្ហាស្រ្តេស
មួយកែវនៃទឹកដោះគោក្ដៅឧណ្ហៗអាចជួយសម្រួលសាច់ដុំនិងសសៃប្រសាទធ្វើឱ្យអារម្មណ៍ធូរស្រាលគួរឱ្យកត់សម្គាល់។ ការទទួលទានទឹកដោះគោមុនពេលចូលគេងក៏ជួយឱ្យឆាប់គេងលក់បានស្កប់ផងដែរ។ នេះក៏ព្រោះតែទឹកដោះគោផ្ដល់ឱ្យរាងកាយនូវអរម៉ូនមេឡាតូនីន និង ទ្រីបតូហ្វាន ដែលមាននាទីធ្វើឱ្យយើងងងុយគេង។
៣. ល្អសម្រាប់អ្នកមានបញ្ហាក្រពះ
នេះក៏ដោយសារតែ ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវ នៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត៕