ការសម្អាតរាងកាយ គឺពិតជាសំខាន់ សម្រាប់ការរក្សាអនាម័យឱ្យបានល្អ។ តែតើអ្នកដឹងទេថា ផ្នែកខ្លះនៃរាងកាយ នឹងមានសុខភាពកាន់តែល្អ ប្រសិនបើយើងមិនសម្អាត? អ្នកប្រហែលជាកំពុងតែចង់ដឹងហើយមែនទេ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ផ្នែកលើរាងកាយ៣កន្លែង ដែលមិនទាមទារការសម្អាតញឹកញាប់។
១. ច្រមុះ
កុំកេសអាចម៍ច្រមុះទៀតអី។ នេះគឺជាការពិត ដែលអ្នកត្រូវធ្វើជាពិសេស បើសិនជាក្រចកអ្នកវែង ហើយម្រាមដៃគគ្រិចទៀត។ អ្នកជំនាញនិយាយថា ការដែលខំកេសអាចម៍ច្រមុះគឺងាយឱ្យមានការដាច់ដោចតិចតួចក្នុងច្រមុះ និងងាយមានការបង្ករោគនៅក្នុងនោះណាស់។ រឿងតែមួយដែលអ្នកគួរតែសម្អាតច្រមុះនោះ គឺនៅពេលអ្នកមានការបង្ករោគនៅផ្លូវដង្ហើមខាងលើដូចជា ជំងឺផ្តាសាយជាដើម។
២. សក់
បើសិនជាអ្នកចូលចិត្តងូតទឹកតែមួយថ្ងៃមួយដងនោះ វាគឺជារឿងល្អណាស់។ យ៉ាងណាមិញ គួរតែកុំកក់សក់គ្រប់ពេលដែលអ្នកងូតទឹកអី បើមិនអ៊ីចឹងទេ អ្នកនឹងប្រឈមនឹងការគ្រោះថ្នាក់លើស្បែកក្បាល និងសរសៃសក់ជាមិនខាន។ ស្បែកក្បាលមនុស្សយើងនឹងផលិតជាតិប្រេងជាធម្មជាតិដើម្បីសង្គ្រោះភាពស្ងួតរបស់សរសៃសក់ ដែលរឿងនេះអាចងាយនឹងធ្វើឱ្យរមាស់ស្បែកក្បាល កើតអង្គែ និងជ្រុះសក់បាន។ ជាតិប្រេងដែលចេញពីស្បែកក្បាលក៏ជួយថែរក្សាសរសៃសក់ឱ្យមានសំណើម និងភ្លឺរលោងដែរ។ ដូច្នេះបើសិនជាអ្នកបំបាត់ជាតិប្រេងការពារទាំងនេះ ដោយការកក់សក់រាល់ថ្ងៃនោះ ស្បែកក្បាលនឹងរងការគ្រោះថ្នាក់មិនខាន។
៣. ត្រចៀក
តើអ្នកមានបានសម្អាតត្រចៀកក្រោយពីងូតទឹករួចដែរទេ? តើអ្នកមានបានប្រើប្រដាប់ត្បាលត្រចៀកចូលក្នុងរន្ធត្រចៀក ដើម្បីប្រាកដថាលែងមានអាចម៍ត្រចៀកដែរទេ? យោងទៅតាមអ្នកជំនាញបានឱ្យដឹងថា វាមិនល្អទេក្នុងការធ្វើបែបនេះ។ អាចម៍ត្រចៀកមនុស្សយើង មិនមែនជារបស់ដែលកខ្វក់ទេ តែវាត្រូវបានផលិតឡើងដើម្បីជួយការពារក្រដាសត្រចៀកមនុស្សយើង។ ម៉្យាងវិញទៀតការដែលប្រើប្រដាប់ត្បាលត្រចៀក ឬសម្អាតអាចម៍អាចធ្វើឲ្យក្រដាសត្រចៀកងាយនឹងរបួសផង។ អ្វីដែលអ្នកត្រូវធ្វើជំនួសវិញនោះគឺ គ្រាន់តែលាងសម្អាតផ្នែកខាងក្រៅរបស់ត្រចៀកទៅបានហើយ៕