ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ស្គាល់ និងឧស្សាហ៍ទទួលទានផ្លែប៉េងប៉ោះជាមិនខាន ប៉ុន្តែប្រហែលជាមិនសូវជាចូលចិត្តទឹកប៉េងបោះស្រស់ទេ ហើយក៏មិនបានចាប់អារម្មណ៍ដឹងទេថា ទឹកប៉េងប៉ោះស្រស់អាចផ្ដល់អត្ថប្រយោជន៍ប្រសើរជាច្រើនចំពោះសុខភាពរាងកាយ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ហើយទឹកប៉េងបោះស្រស់ ជាភេសជ្ជៈល្អបំផុតដែលអ្នកគួរទទួលទានជាប្រចាំដើម្បីរក្សាបាននូវសុខភាពរឹងមាំជៀសផុតពីជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានទឹកប៉េងប៉ោះស្រស់ ១ កែវ ជាប្រចាំ ៖
១. វាជួយរក្សាសុខភាពពោះវៀនធំ
ទឹកប៉េងប៉ោះស្រស់ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល lycopene ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
២. ល្អសម្រាប់ក្រពេញប្រូស្តាត
សារធាតុ lycopene ក៏ជួយទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាតប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែប៉េងបោះស្រស់ជាប្រចាំដើម្បីទទួលបានអត្ថប្រយោជន៍អស្ចារ្យ ក៏ដូចជាសារធាតុ lycopene គ្រប់គ្រាន់។
៣. ទប់ស្កាត់ជំងឺមហារីកលំពែង
ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដូចជាផ្លែប៉េងប៉ោះច្រើនជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងបានដល់ទៅ ៣០ ភាគរយ។ ទឹកប៉េងប៉ោះស្រស់ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលំពែងបានប្រសើរដូចគ្នានឹងសារធាតុ lycopene។
៤. បង្កើនការរំលាយអាហារ
ទឹកប៉េងប៉ោះស្រស់ មានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ការទទួលទានភេសជ្ជៈនេះទៀងទាត់ជួយធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើង ដោយទប់ស្កាត់អាការៈទល់លាមក, បំបាត់ជំងឺរាគ និងកម្ចាត់មេរោគផ្សេងៗទាក់ទងជាមួយប្រព័ន្ធរំលាយអាហារ។
៥. បញ្ចុះកម្រិតកូឡេស្តេរ៉ូល
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាកម្រិតកូឡេស្តេរ៉ូលឡើងខ្ពស់ វាប្រសើរណាស់ក្នុងការបន្ថែមទឹកប៉េងប៉ោះស្រស់ក្នុងរបបអាហារប្រចាំថ្ងៃ។ ជាតិសសៃ និងសារធាតុ niacin ដែលមានក្នុងទឹកប៉េងប៉ោះស្រស់ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អគួរឱ្យកត់សម្គាល់បែបធម្មជាតិ។
៦. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
បរិមាណខ្ពស់នៃជាតិសសៃដែលមានផ្ទុកក្នុងទឹកប៉េងប៉ោះស្រស់ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ក្រៅពីជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតនៃសុខភាពបេះដូងល្អប្រសើរហើយនោះ ទឹកប៉េងបោះស្រស់ ក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនទៀត រួមបញ្ចូលទាំងប៉ូតាស្យូម, niacin, folate និងវីតាមីន B6 ដែលល្អសម្រាប់រក្សាសុខភាពបេះដូង។
៧. ល្អសម្រាប់សុខភាពឆ្អឹង
កាល់ស្យូម មិនមែនជាសារធាតុចិញ្ចឹមតែមួយដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពឆ្អឹងល្អប្រសើររឹងមាំឡើយ។ អ្នកក៏ត្រូវការវីតាមីន K ដែលចាំបាច់ក្នុងការជួយរក្សាជាតិកាល់ស្យូមក្នុងឆ្អឹងផងដែរ។ ហើយទឹកប៉េងប៉ោះស្រស់មានផ្ទុកសម្បូរទៅដោយវីតាមីន K៕