វាប្រហែលជាដល់ពេលដែលត្រូវបញ្ចូលការធ្វើការច្រើនម៉ោងទៅក្នុងបញ្ជីនៃកត្តាគ្រោះថ្នាក់នៃជំងឺបេះដូង។ ការសិក្សាថ្មីមួយបានរកឃើញថា អ្នកធ្វើការក្នុងការិយាល័យនៅប្រទេសអង់គ្លេសមានកម្រិតនៃជំងឺគាំងបេះដូងកើនឡើងយ៉ាងខ្លាំងដោយសារការធ្វើការច្រើនម៉ោងជាងមិត្តរបស់ពួកគេ។
ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាឡុនដុន បានរកឃើញថា បុគ្គលិកដែលជាធម្មតាធ្វើការចាប់ពី ១១ ម៉ោង ឡើងទៅ ក្នុងមួយថ្ងៃ មាន ៦៧ ភាគរយ ដែលនឹងវិវត្តន៍ទៅរកជំងឺបេះដូង ដែលច្រើនជាងអ្នកដែលធ្វើការ ៧ ឬ ៨ ម៉ោង ក្នុងមួយថ្ងៃ។
អ្នកជំនាញជនជាតិអាមេរិកម្នាក់និយាយថា មានកត្តាជាច្រើនដែលអាចយកមកពន្យល់ពីការកើនឡើងនៃគ្រោះថ្នាក់ចំពោះអ្នកដែលធ្វើការច្រើនម៉ោងនៅក្នុងការិយាល័យនោះ។ វេជ្ជបណ្ឌិត Gregg C. Fonarow associate chief ផ្នែកបេះដូងនៃ UCLA’s David Geffen School of Medicine បាននិយាយថា “អ្នកដែលធ្វើការច្រើនម៉ោងអាចមិនសូវមានពេលសម្រាប់ការហាត់ប្រាណ, ការទទួលទានដែលល្អចំពោះសុខភាព និង ការទៅពិភាក្សាជាមួយគ្រូពេទ្យ ។ ពួកគេអាចនឹងទទួលនូវភាពតានតឹងកាន់តែច្រើន, គេងបានតិច និង មានអាកប្បកិរិយាផ្សេងៗដែលអាចនាំឱ្យមានគ្រោះថ្នាក់បេះដូងនិងសរសៃឈាម។
ការសិក្សាបានផ្សាយក្នុង Annals of Internal Medicine នៅខែមេសា ដែលបានសិក្សាលើអ្នកធ្វើការជនជាតិអង់គ្លេស៧,១០០ នាក់ ពីឆ្នាំ ១៩៩១ ដល់ ២០០៤ ហើយពិនិត្យរកអ្នកដែលមានរោគសញ្ញានៃជំងឺបេះដូង។ ប្រហែលជា ៧០ ភាគរយនៃអ្នកធ្វើការគឺជាបុរស ហើយភាគច្រើន (៩១%) ជាជនជាតិស្បែកស។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ប្រហែលជា ២.៧ ភាគរយ មានការវិវត្តន៍ទៅរកជំងឺសរសៃឈាមបេះដូងនៅពេលចប់ការសិក្សា។
អ្នកចូលរួមទាំងអស់បានរាយការណ៍ពីចំនួនម៉ោងដែលពួកគេបានចំណាយលើការងារ រួមទាំងការងារដែលគេយកទៅធ្វើនៅផ្ទះ។ ការសិក្សាបានរកឃើញថា ច្រើនជាងពាក់កណ្តាល (៥៤%) ធ្វើការចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយ ២១ ភាគរយ ធ្វើការ ៩ ម៉ោង ក្នុងមួយថ្ងៃ និង ១៥ ភាគរយ ចំណាយពេល ១០ ម៉ោង ក្នុងមួយថ្ងៃ។ ប្រហែលជា ១០ ភាគរយ ដែលធ្វើការចាប់ពី ១១ ម៉ោងឡើង។
ក្រុមការងារបានរកឃើញថា ក្រៅពីការកើនឡើងនៃគ្រោះថ្នាក់ជំងឺបេះដូងដល់ទៅ ៦៧ ភាគរយ ធៀបនឹងអ្នកដែលធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ ការធ្វើការចាប់ពី ១១ ម៉ោងឡើងទៅក៏អាចធ្វើឱ្យអ្នកខ្លះទទួលនូវគ្រោះថ្នាក់ផ្សេងទៀត។