មនុស្សភាគច្រើនគិតថា ស្ថានភាពនៃសក់របស់ពួកគេ គឺអាស្រ័យលើរបៀបដែលពួកគេថែរក្សាវា និងកត្តាខាងក្រៅផ្សេងៗទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែជាក់ស្ដែងស្ថានភាពនៃសក់ រួមជាមួយនឹងរោគសញ្ញាមួយចំនួនអាចក្លាយជាការចង្អុលបង្ហាញឲ្យដឹងពីភាពមិនប្រក្រតីណាមួយក្នុងរាងកាយបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីបញ្ហាទូទៅបំផុតមួយចំនួននៃសក់ដែលកើតឡើងនៅពេលសុខភាពជួបប្រទះនូវភាពមិនប្រក្រតី ៖

១. សក់ស្រអាប់គ្មានជីវិត

ការថែរក្សាមិនបានត្រឹមត្រូវ, ការលាបពណ៌សក់ ឬការប្រើប្រាស់ម៉ាស៊ីនកៀបមូរសក់ញឹកញាប់ពេក គឺសុទ្ធតែជាមូលហេតុដំបូងបំផុតដែលមនុស្សភាគច្រើនគិតដល់នៅពេលដែលសក់របស់ពួកគេប្រែជាស្រអាប់មិនរលាស់។ ទោះជាយ៉ាងណា សក់ក៏ប្រែជាស្រអាប់ផងដែរនៅពេលរាងកាយខ្វះនូវជាតិវីតាមីន និងធាតុមីក្រូ (microelements)។ ស្ថាននៃសក់បែបនេះអាចចង្អុលបង្ហាញថា រាងកាយរបស់អ្នកត្រូវការជាតិរ៉ែសេឡេញ៉ូម, ស្ពាន់ធ័រ, និងផូស្វ័រ។ ដើម្បីប្រាកដថាអ្វីដែលអ្នកគិត គឺត្រឹមត្រូវចូរពិនិត្យមើលលើស្ថានភាពអញ្ចាញ និងធ្មេញបន្ថែម ដោយប្រសិនបើសម្គាល់ឃើញមានបញ្ហាខុសប្រក្រតីណាមួយនោះ អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

២. អង្គែ

មានមូលហេតុច្រើនណាស់ដែលបង្កឲ្យកើតអង្គែដូចជា ការប្រើប្រាស់ផលិតផលថែរក្សាសក់ច្រើនប្រភេទពេក, ការទទួលទានអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករ, ស្ត្រេស និងបញ្ហាទាក់ទងជាមួយក្រពះពោះវៀនជាដើម។ ទោះជាយ៉ាងណា ប្រសិនបើមនុស្សម្នាក់កើតមានអង្គែពណ៌លឿង នោះពួកគេអាចកើតជំងឺរលាកស្បែក seborrheic។ ក្នុងករណីនេះសាប៊ូកម្ចាត់អង្គែ គឺមិនអាចជួយអ្វីបានឡើយ ហើយអ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកដំណោះស្រាយ។

៣. សក់ស្ដើងផុយស្រួយ

សក់ដែលស្ដើង និងផុយស្រួយ គឺអាចបណ្ដាលមកពីកង្វះនូវជាតិប្រួតេអ៊ីន។ ដូច្នេះអ្នកគួរទទួលទានផ្លែឈើឲ្យបានច្រើន រួមទាំងអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។ ទោះជាយ៉ាងណា ស្ថានភាពនៃសក់បែបនេះអាចចង្អុលបង្ហាញឲ្យដឹងពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺ Cushing’s disease ប្រសិនបើមានអមមកជាមួយនូវអាការៈ គេងមិនលក់រ៉ាំរ៉ៃ, សម្ពាធឈាមឡើងខ្ពស់ និងឈឺខ្នងគ្មានមូលហេតុ។

៤. សក់ជ្រុះ

សក់ជ្រុះច្រើនខុសប្រក្រតីអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធអង់ដូគ្រីន ឬបញ្ហាផ្សេងៗទាក់ទងជាមួយប្រព័ន្ធភាពស៊ាំ។ វាក៏អាចជារោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែមផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ កុំស្លន់ស្លោ ក៏ព្រោះពេលខ្លះវាអាចគ្រាន់តែបណ្ដាលមកពីកង្វះវីតាមីន ឬភាពស្ត្រេសប៉ុណ្ណោះ។

៥. សក់ឡើងប្រេង

ជាធម្មតាបញ្ហាសក់បែបនេះ គឺបណ្ដាលមកពីរបបអាហាររបស់អ្នក។ ដើម្បីដោះស្រាយបញ្ហានេះ ចូរព្យាយាមកាត់បន្ថយការទទួលទានសាច់, ខ្លាញ់ ឬប្រេង និងអាហារបំពង, ជៀសវាងការទទួលទានជាតិផ្អែមច្រើន, អាហារអាំង, ជាតិអាល់កុល និងកាហ្វេ។ ប្រសិនបើសក់នៅតែមិនប្រែជាមានសភាពធម្មតាទេនោះ វាប្រហែលជាបណ្ដាលមកពីបញ្ហានៃការដុតរំលាយអាហារ, ខ្សោយអ័រម៉ូន ឬបញ្ហាទាក់ទងនឹងថ្លើម។ ក្នុងករណីនេះអ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញមុនពេលស្ថានភាពប្រែជាអាក្រក់ខ្លាំង។

៦. សក់ស្កូវមុនវ័យ

តាមពិតទៅ សក់ស្កូវ ភាគច្រើនអាស្រ័យលើភាពប្រែប្រួលនៃហ្សែនរបស់មនុស្ស។ នៅពេលយើងចាស់ចំនួននៃជាតិខ្លាញ់ melanocytes ដែលទទួលខុសត្រូវចំពោះការផលិតជាតិពណ៌មានការថយចុះ។ ជាមធ្យម ស្ត្រីចាប់ផ្ដើមមានសក់ស្កូវនៅវ័យចន្លោះពី ៣០ ទៅ ៤០ឆ្នាំ។ ប៉ុន្តែក៏មានស្ថានភាពមួយចំនួនទៀតនៅពេលមនុស្សវ័យក្មេង និងក្មេងជំទង់ប្រែជាមានសក់ស្កូវ។ ជាញឹកញយ សក់ស្កូវមុនវ័យ គឺជាលទ្ធផលនៃភាពតានតឹងខ្លាំង, អស់កម្លាំងរ៉ាំរ៉ៃ និងរបបអាហារមិនល្អ។

៧. ស្បែកក្បាលរមាស់

ប្រសិនបើរោគសញ្ញានេះអមមកជាមួយនឹង មុន, ការឈឺចាប់, របកស្បែក ឬរលាក នោះវាអាចជារោគសញ្ញាមួយដែលបង្ហាញឲ្យដឹងថាពិតជាមានអ្វីខុសប្រក្រតីធ្ងន់ធ្ងរកើតឡើងហើយ ដូច្នេះអ្នកត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកឲ្យបានលឿនបំផុត។ ប៉ុន្តែប្រសិនបើការរមាស់មិនអមមកជាមួយនូវអាការៈផ្សេងទៀតទេ នោះវាការរមាស់ គឺបណ្ដាលមកពីជំងឺប្រព័ន្ធសសៃប្រសាទបង្កឡើងដោយស្ត្រេស។

៨. សក់ស្ងួតបែកចុង

សក់ស្ងួតអាចបណ្ដាលមកពីកង្វះនូវជាតិប្រូតេអ៊ីន, ជាតិដែក និងជាតិទង់ដែង។ បញ្ហាសក់ស្ងួតបែកចុងក៏កើតមានជាញឹកញយលើអ្នកដែលមានរបបអាហារតឹងរ៉ឹង និងអ្នកដែលមានបញ្ហាទាក់ទងនឹងប្រព័ន្ធអង់ដូគ្រីន។ ដូច្នេះដើម្បីជៀសឆ្ងាយពីបញ្ហានេះចូរព្យាយាមទទួលទាន ត្រីក្រហម, ការ៉ុត និងទឹកក្រូចស្រស់ឲ្យបានច្រើន ហើយកុំភ្លេចទទួលទានទឹកធម្មតាឲ្យបានគ្រប់គ្រាន់ផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង