សារធាតុចិញ្ចឹមត្រឹមត្រូវ និងមានតុល្យភាព គឺជាធាតុដ៏សំខាន់បំផុតមួយនៃសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រភពល្អបំផុតមួយនៃសារធាតុចិញ្ចឹមដែលនឹងជួយអ្នកឲ្យរក្សាបាននូវសុខភាពដ៏ប្រសើរ រួមជាមួយរូបរាងស្រស់ស្អាតនោះ គឺដំឡូងជ្វា។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីចំនុចពិសេសៗនៃដំឡូងជ្វា ហើយក៏កុំភ្លេចបន្ថែមវាចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកផង ៖
១. សារធាតុប្រឆាំងអុកស៊ីតកម្ម
ដំឡូងជ្វាមានផ្ទុកសារធាតុ Carotenoid ដែលជាអុកស៊ីដង់មួយប្រភេទប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលសម្លាប់កោសិកាតាមរយៈដំណើរការអុកស៊ីតកម្ម (សកម្មភាពមួយដែលពន្លឿនភាពចាស់នៃវ័យ ហើយធ្វើឲ្យមនុស្សងាយនឹងមានជំងឺរ៉ាំរ៉ៃផ្សេងៗ)។ លើសពីនេះទៅទៀត សារធាតុ Beta-carotene ក៏ជាអុកស៊ីដង់ដែលជួយពង្រឹងមុខងារប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ចំណុចពិសេសផ្សេងទៀតនៃសារធាតុនេះ គឺវាជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងការវិវត្តន៏នៃជំងឺមហារីក។ ការទទួលទានដំឡូងជ្វា ក៏ជួយដល់សុខភាពស្បែកដូចគ្នា ខណៈដែលវាមានផ្ទុកសម្បូរទៅដោយវីតាមីន A (សារធាតុចិញ្ចឹមមួយប្រភេទជំរុញគុណភាពនៃការប្រឆាំងនិងការរលាកជួយក្នុងការសម្លាប់បាក់តេរីដែលបង្កឲ្យកើតមុន)។
២. វីតាមីន B6
វីតាមីន B6 ដែលមានផ្ទុកនៅក្នុងដំឡូងជ្វា គឺមានមុខងារកាត់បន្ថយសារធាតុ Homocysteine នៅក្នុងប្រព័ន្ធរាងកាយ។ សារធាតុគីមី Homocysteine ត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តន៏នៃជំងឺរ៉ាំរ៉ៃ, ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។
៣. វីតាមីន C
ដំឡូងជ្វា គឺជាប្រភពដ៏ល្អឥតខ្ចោះនៃវីតាមីន C ដែលជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺផ្តាសាយ និងជំងឺមួយចំនួនផ្សេងទៀតដែលបង្កឡើងដោយមីក្រូសារពាង្គកាយ។ លើសពីនេះទៅទៀត វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ចំពោះការលូតលាស់នៃធ្មេញ និងដំណើរការសំខាន់ៗដទៃទៀតដូចជា ការផលិតកូឡាជែន, ការរំលាយអាហារ និងការបង្កើតកោសិកាឈាម។ វីតាមីន C ក៏ជាសមាសធាតុសំខាន់មួយក្នុងការបង្កើតឡើងវិញនូវភាពរឹងមាំ និងភាពបត់បែន ឬភាពយឺតនៃស្បែកផងដែរ។ កម្រិតខ្ពស់នៃវីតាមីន C នៅក្នុងប្រព័ន្ធរាងកាយជួយទប់ទល់ប្រឆាំងនឹងភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស។
៤. ប៉ូតាស្យូម
ដំឡូងជ្វា ក៏ជាប្រភពនៃជាតិប៉ួតាស្យូម។ ប៉ូតាស្យូម គឺជា សារធាតុអេឡិចត្រូលីត្រដ៏សំខាន់មួយដែលជួយក្នុងការគ្រប់គ្រងសញ្ញាព្រមានផ្សេងៗនៃសរសៃប្រសាទ និងចង្វាក់បេះដូង។ ក៏មិនខុសពីសារធាតុអេឡិចត្រូលីត្រដទៃទៀតដែរ ប៉ូតាស្យូម គឺមានសារៈសំខាន់ដោយសារតែតួនាទីដ៏ចាំបាច់របស់វាក្នុងមុខងារជាច្រើនផ្សេងទៀតនៃរាងកាយដូចជា កាត់បន្ថយការហើម, ការរលាក, សម្រួលដល់ការរួមតូចនៃសាច់ដុំ និងការគ្រប់គ្រងភាពសកម្ម ក៏ដូចជាដំណើរការមុខងារនៃតម្រងនោម។
៥. ម៉ាញ៉េស្យូម
ម៉ាញ៉េស្យូមត្រូវបានគេស្គាល់ជាទូទៅថាជា សារធាតុប្រយុទ្ធប្រឆាំងជាមួយភាពតានតឹង និងលើកកម្ពស់ការសម្រាកបន្ធូរអារម្មណ៍ ។ វា គឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយដែលជួយធ្វើឲ្យសុខភាពសរសៃឈាមអាកទែ, ឈាម, ឆ្អឹង, បេះដូង និងមុខងារសាច់ដុំ មានភាពប្រសើរឡើង។
៦. ជាតិដែក
ដំឡូងជ្វា មានផ្ទុកនូវជាតិដែកដែលជួយក្នុងការបង្កើតថាមពល។ លើសពីនេះទៅទៀត វាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឈាម, ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងពង្រឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំនៃរាងកាយ។
៧. វីតាមីន D
វីតាមីន D គឺជាសារធាតុចិញ្ចឹមមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាមុខងារប្រព័ន្ធភាពស៊ាំ។ វីតាមីន D ក៏ដើរតួនាទីជាសារធាតុចិញ្ចឹម និងអ័រម៉ូនផងដែរ។ ក្រៅពីពន្លឺព្រះអាទិត្យ ដំឡូងជ្វា គឺជាប្រភពដ៏ល្អនៃវីតាមីន D៕