ផ្លែស្រកានាគ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ភាគច្រើននៃពួកយើងទទួលទានផ្លែឈើនេះ ដោយមិនបានចាប់អារម្មណ៍ទេថា វាអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏ដូចជាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺបាន។ ហើយចំពោះអ្នកដែលមិនចូលចិត្តទទួលទានក៏ប្រហែលជានឹងប្ដូរចិត្តជាចង់ទទួលទានផ្លែស្រកានាគវិញជាមិនខាន បន្ទាប់ពីអានអត្ថបទនេះរួច។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ល្អៗនៃផ្លែស្រកានាគចំពោះសុខភាពរាងកាយ រួមជាមួយរបៀបដ៏ងាយក្នុងការធ្វើទឹកផ្លែស្រកានាគស្រស់ ៖
១. ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺទឹកនោមផ្អែម
ទឹកផ្លែស្រកានាគជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើងខ្ពស់។ ផ្លែស្រកានាគ គឺជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
២. ទប់ស្កាត់ជំងឺមហារីក
ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា phenols, flavonoids និងសមាសធាតុពិសេសៗដែលជាសារធាតុប្រឆាំងជំងឺមហារីក និងទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើង។
៣. ព្យាបាលទប់ស្កាត់ជំងឺហឺត និងក្អក
ផ្លែស្រកានាគ ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំឡើងប្រយុទ្ធប្រឆាំងទប់ស្កាត់រោគឆ្លងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជំងឺផ្លូវដង្ហើមផ្សេងៗ រួមទាំងជំងឺហឺត និងក្អក ជាញឹកញយបណ្ដាលមកពីជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយដែលពិបាកដោះស្រាយ។ បើទោះជាផ្លែស្រកានាគមិនអាចប្រើជំនួសថ្នាំតែម្ដង ប៉ុន្តែវាមានប្រសិទ្ធិភាពខ្ពស់ជួយឱ្យអាការៈនៃជំងឺប្រែជាធូរស្រាលជាងមុន។
៤. ព្យាបាលទប់ស្កាត់បញ្ហាទល់លាមក និងពិបាករំលាយអាហារ
នោះក៏ព្រោះតែទឹកផ្លែស្រកានាគមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងជាតិទឹកដែលជួយបង្កើនការរំលាយអាហារដោះស្រាយបញ្ហាទល់លាមក។
៥. ជួយឱ្យស្រកទម្ងន់
ផ្លែស្រកានាគ មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិសសៃខ្ពស់ ជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ វាក៏ជួយទប់ស្កាត់ការទទួលទានច្រើនលើសផងដែរ។
៦. បង្កើនសុខភាពសសៃឈាមបេះដូង
ទឹកផ្លែស្រកានាគ ជាភេសជ្ជៈប្រសើរបំផុតមួយសម្រាប់បង្កើនសុខភាពសសៃឈាមបេះដូង ដោយវាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ។ វាក៏ជួយគ្រប់គ្រងការខូចខាតដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី និងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងផងដែរ។
៧. បញ្ចុះកម្រិតកូឡេស្តេរ៉ូល
ផ្លែស្រកានាគ គឺមានផ្ទុកនូវសារធាតុពិសេសមួយហៅថា Betalains ដែលផ្ដល់ពណ៌ឲ្យផ្លែឈើនេះ។ សារធាតុ Betalains គឺទទួលខុសត្រូវគ្រប់គ្រងលើកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ដោយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ។ លើសពីនេះទៅទៀត គ្រាប់របស់ផ្លែស្រកានាគមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣, អាស៊ីតខ្លាញ់អូមេហ្គា ៦ និងជាតិខ្លាញ់ polyunsaturated ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ។
៨. បញ្ចុះជាតិស្ករក្នុងឈាម
ទឹកផ្លែស្រកានាគស្រស់ ជាប្រភពដ៏សម្បូរបែបនៃសារធាតុ carotenoids, polyphenols, tocopherols, thiols និង glucosinolates ដែលមានប្រសិទ្ធិភាពជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម។
ខាងក្រោមជារូបមន្តងាយៗក្នុងការធ្វើទឹកផ្លែស្រកានាគពិសេសផ្ដល់អត្ថប្រយោជន៍ទ្វេដងចំពោះសុខភាព ៖
– អ្វីដែលអ្នកត្រូវការ គឺ ផ្លែចេក ១ ផ្លែ ចិតជាដុំៗ, សាច់ផ្លែស្រកានាគ ១ ពែង, ទឹកដូង ១ ពែង, ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ និងខ្ញីម៉ដ្ឋខាប់ៗ ១ ស្លាបព្រាកាហ្វេ។
– អ្វីដែលអ្នកត្រូវធ្វើ គឺកិនគ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនទឹកក្រឡុក រហូតដល់ក្លាយជាម៉ដ្ឋខាប់ចូលគ្នា សឹមចាក់ដាក់កែវ រួចបន្ថែមទឹកកកប៉ុន្មានដុំចូលជាការស្រេច៕