ផលប៉ះពាល់នៃការរំលាយអាហារលើការសម្រកទម្ងន់ គឺសំខាន់ណាស់។ រយៈពេលនៃការរំលាយអាហារពិតប្រាកដអាស្រ័យទៅលើសុខភាពរាងកាយ, ការដុតរំលាយអាហារក្នុងរាងកាយ, អាយុ និងភេទ របស់មនុស្សម្នាក់ៗ ក៏ប៉ុន្តែជាទូទៅអាហារមួយចំនួននឹងឆ្លងកាត់រាងកាយអ្នកក្នុងពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ ខណៈដែលមួយចំនួនទៀតស្ថិតនៅក្នុងប្រព័ន្ធរាងកាយរយៈពេលយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើនិយាយឲ្យងាយយល់ពេលនៃការរំលាយអាហារ គឺជាដំណើរការមួយនៅពេលអាហារដែលអ្នកបានទទួលទានត្រូវបានបំបែកទៅជាភាគល្អិតតូចៗឆ្លងកាត់ប្រព័ន្ធពោះវៀនចូលទៅក្នុងចរន្តឈាម។ ហើយវាជាការសំខាន់ណាស់ក្នុងការយល់អំពីរយៈពេលនៃការរំលាយអាហារដើម្បីសម្រកទម្ងន់ ឬរក្សារូបរាងស្រស់ស្អាតដែលអ្នកសម្រេចបានរួចហើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងជួយអ្នកឲ្យរក្សាបាននូវរបបអាហារមួយដែលមានតុល្យភាព ៖
– អាហារដែលឆាប់រំលាយ
ប្រសិនបើអ្នកទទួលទាននូវអាហារដែលឆាប់រំលាយនោះ អ្នកនឹងប្រហែលជាសម្គាល់ឃើញថាអ្នកកំពុងទទួលទានច្រើនជាងដែលអ្នកគួរ ក៏ព្រោះភ្លាមៗបន្ទាប់ពីទទួលទានអាហារមួយចំនួនទាំងនោះ គឺឆាប់រំលាយបាត់ ហើយអ្នកចាប់ផ្ដើមមានអារម្មណ៍ឃ្លានម្ដងទៀត។ ប្រភេទនៃអាហារដែលផ្ដល់ឲ្យអ្នកនូវការជម្រុញថាមពលយ៉ាងឆាប់រហ័សដោយកម្រិតជាតិស្ករកើនឡើង។ ប្រសិនបើរាងកាយពោរពេញទៅដោយគ្លូកូស ឬជាតិស្ករ ហើយមិនប្រើប្រាស់វាទេនោះ គ្លូកូសទាំងអស់នឹងប្រែទៅជាខ្លាញ់។
– អាហារដែលរំលាយយឺត
ប្រភេទនៃអាហារដែលត្រូវការពេលយូរដើម្បីរំលាយ គឺនឹងបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យកាន់តែយឺត ដោយផ្តល់នូវថាមពលដែលមានស្ថិរភាព និងតុល្យភាពជាងមុន។ ប៉ុន្តែប្រសិនបើអ្នកទទួលទានតែអាហារដែលរំលាយយឺតនោះ វាហាក់ដូចជាអ្នកកំពុងធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការធ្ងន់ហួសគ្រប់ពេលដែលអាចនឹងផ្ដល់ភាពពិបាកដល់រាងកាយ។ អ្នកជំនាញជាច្រើនណែនាំមិនឲ្យធ្វើការលាយអាហារដែលងាយរំលាយ និងយូររំលាយជាមួយគ្នាដើម្បីទទួលទានឡើយ ហើយត្រូវជៀសវាងទទួលទានអាហារ Fast Food ភ្លាមៗបន្ទាប់ពីទទួលអាហារយូររំលាយដើម្បីជាការសម្រួលដល់ក្រពះ។ អាហារដែលមានលាយប្រភេទឆាប់ និងយូររំលាយគួរត្រូវទទួលទាននៅពេលថ្ងៃត្រង់ដែលជាពេលប្រព័ន្ធរំលាយអាហារសកម្មបំផុត។ ហើយអាហារសម្រាប់ពេលព្រឹក និងល្ងាច គួរតែជាប្រភេទធម្មតា
ឆាប់រំលាយ។ ដូច្នេះអ្នកអាចទទួលបានថាមពលភ្លាមៗបន្ទាប់ពីទទួលទានអាហារពេលព្រឹក ហើយអនុញ្ញាតឱ្យក្រពះបានសម្រាកនៅពេលយប់។
១. ទឹក ៖ ចូលទៅក្នុងពោះវៀនភ្លាមៗ
២. ផ្លែឈើ ឬទឹកបន្លែ ៖ ១៥ ទៅ ២០ នាទី
៣. បន្លែឆៅ ៖ ៣០ ទៅ ៤០ នាទី
៤. បន្លែឆ្អិន ៖ ៤០នាទី
៥. ត្រី ៖ ៤៥ ទៅ ៦០ នាទី
៦. សាឡាដជាមួយប្រេង ៖ ១ ម៉ោង
៧. បន្លែមានជាតិម្ស៉ៅ ៖ ១ម៉ោងកន្លះ ទៅ ២ ម៉ោង
៨. ធញ្ញជាតិ (អង្ករ) ៖ ២ ម៉ោង
៩. ផលិតផលធ្វើឡើងពីទឹកដោះគោ ៖ ២ ម៉ោង
១០. គ្រាប់ធញ្ញជាតិ ៖ ៣ ម៉ោង
១១. សាច់មាន់ ៖ ១ម៉ោងកន្លះ ទៅ ២ ម៉ោង
១២. សាច់គោ ៖ ៣ ម៉ោង
១៣. សាច់ចៀម ៖ ៤ ម៉ោង
១៤. សាច់ជ្រូក ៖ ៥ ម៉ោង៕