ក្រូចថ្លុង គឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានរសជាតិជូរអែម ហើយអាចផ្ដល់នូវអត្ថប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាព។ ត្រឹម ១ កែវនៃទឹកក្រូចថ្លុងស្រស់ ជាពិសេសក្នុងរដូវរងារ គឺអាចជួយជម្រុញកម្រិតនៃវីតាមីន C។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រូចថ្លុងមានផ្ទុកនូវវីតាមីន និងសារធាតុចិញ្ចឹមចាំបាច់ច្រើម រួមបញ្ចូលទាំងសារធាតុលីកូប៉ែន (lycopene), ប៉ូតាស្យូម, កាល់ស្យូម និងផូស្វ័រ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចថ្លុង ៖
១. មានផ្ទុកកាឡូរីទាប
ប្រសិនបើអ្នកកំពុងស្វែងរកនូវភេសជ្ជៈស្រស់ៗដែលនឹងមិនផ្ដល់ឲ្យរាងកាយនូវជាតិកាឡូរីខ្ពស់នោះ អ្នកគួរសាកល្បងចាប់ផ្ដើមទទួលទាននូវទឹកក្រូចថ្លុង។ ក្រៅពីមានផ្ទុកកាឡូរីទាបហើយនោះ ក្រូចថ្លុង គឺជាប្រភពដ៏ល្អនៃវីតាមីន A និង C ទៀតផង។
២. កាត់បន្ថយកម្រិតកួឡេស្តេរ៉ូល
សារធាតុ pectin (សារធាតុស្ករនៅក្នុងផ្លែឈើ) ដែលមាននៅក្នុងផ្លែក្រូចថ្លុងអាចជួយកាត់បន្ថយកូឡេស្តេរ៉ូលបាន ប្រសិនបើអ្នកបញ្ចូលទឹកផ្លែឈើនេះជាផ្នែកមួយនៃរបបអាហារសុខភាពរបស់អ្នក។ ការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការទទួលទានសារធាតុ pectin ទៀងទាត់ជួយកាត់បន្ថយកួឡេស្តេរ៉ូមិនល្អ (LDL)។ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ ឬសារធាតុ pectin ច្រើន អ្នកអាចទទួលទានផ្លែក្រូចថ្លុងទាំងមូលតែម្ដង។
៣. បង្ការជំងឺ
វីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏មានឥទ្ធិពល និងមានប្រយោជន៍ជាច្រើន។ ការទទួលទានអាហារផ្លែឈើដែលមានផ្ទុកនូវវីតាមីន C ខ្ពស់ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការបាត់បង់អាយុជីវិត រួមទាំងជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ សារធាតុ Lycopene នៅក្នុងផ្លែក្រូចថ្លុង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ លើសពីនេះទៅទៀត ទឹកក្រូចថ្លុងមានផ្ទុកនូវសារធាតុ Bioflavonoids, Terpenes, monoterpenes, Limonoids និងអាស៊ីត Phenolic ដែលសុទ្ធតែមានប្រសិទ្ធិភាពបង្ការនូវជំងឺមហារីក។ ទឹកក្រូចថ្លុង ក៏ជួយកាត់បន្ថយជាតិអាស៊ីតក្នុងរាងកាយផងដែរ ដូច្នេះវាអាចការពារអ្នកឲ្យផុតពីជំងឺរលាកសួត, គ្រុនក្ដៅ និងសូម្បីតែជំងឺផ្ដាសាយ។
៤. ជួយបំពេញជាតិទឹកក្នុងរាងកាយ
ផ្លែក្រូចថ្លុង ក៏ដូចជាត្រសក់ និងឪឡឹកដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សោះជាតិទឹក ការទទួលទានទឹកក្រូចថ្លុង ១ កែវ គឺជាជម្រើសដ៏ប្រសើរបំផុត។
៥. ជួយឲ្យស្រកទម្ងន់
ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ ផ្លែក្រូចថ្លុង គឺអាចជួយពន្លឿនដំណើរការនៃការស្រកនៃទម្ងន់បាន។ ទឹកក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ៕