ខួរក្បាលគឺជាកំពូលម៉ាស៊ីនកុំព្យូទ័ររបស់មនុស្សដែលមានសមត្ថភាពមិនអាចវាស់ស្ទង់បាន ។ គឺជាខួរក្បាលនេះហើយដែលបញ្ជាក់ពីភាពខុសគ្នារវាងមនុស្សនិងសត្វ ។ បើទោះបីជា មានជំនឿមួយដែលថា ភាពវៃឆ្លាតគឺជាបាតុភូតតំណហ្សែន ប៉ុន្តែ ការសិក្សាជាច្រើនបានបញ្ជាក់ថា នោះមិនមែនជាការពិតទេ ។
ដូចជាសាច់ដុំដែរ ខួរក្បាលប្រសិនជាទទួលបានការហាត់ប្រាណទៀងទាត់ កម្រិតឆ្លាតវៃនឹងត្រូវបានបង្កើនផងដែរពោលគឺសម្រាប់មនុស្សគ្រប់វ័យ ។ ផ្ទុយមកវិញ ការទុកវាឱ្យទំនេរ ភាពវៃឆ្លាតនឹងបាត់បង់ ។ ទាំងនេះគឺជាមធ្យោបាយមួយចំនួនជួយឱ្យខួរក្បាលលោកអ្នកដំណើរទៅកាន់តែល្អប្រសើរ ៖
១-ធ្វើលំហាត់ប្រាណរាងកាយឱ្យបានទៀងទាត់
នៅពេលមានវ័យកាន់តែចាស់ កំណើតថ្មីរបស់កោសិកាខួរក្បាលក៏កាន់តែយឺតៗទៅផងដែរ ។ ចំណែកទំហំជាលិកាខួរក្បាលបានចាប់រួញតូចជាងមុន ។ ទោះជាយ៉ាងនេះក្តី ការហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយការវិវឌ្ឍនេះបាន ។ ការសិក្សាមួយចំនួនបានរកឃើញថា លំហាត់ប្រាណទៀងទាត់ជាពិសេសប្រភេទលំហាត់ប្រាណដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូងជួយជំរុញដល់លំហូរឈាមទៅកាន់ខួរក្បាលគឺនាំឱ្យបណ្តាកោសិកាខួរក្បាលទទួលបានខ្យល់អុកស៊ីសែនគ្រប់គ្រាន់ ។ សូមបញ្ជាក់ថា ខួរក្បាលបានប្រើប្រាស់ជិត២០ភាគរយនៃខ្យល់អុកស៊ីសែនសរុបក្នុងរាងកាយ។ ការសិក្សាទាំងនោះបានបង្ហាញទៀតថា បុគ្គលដែលហាត់ប្រាណទៀងទាត់ ទំហំខួរក្បាលរបស់ពួកគេកើនឡើង ។
២-ការសមាធិផ្លូវចិត្ត
ជាមួយនឹងជីវិតរស់នៅដ៏មមាញឹកនាពេលបច្ចុប្បន្ន មនុស្សស្ទើរគ្រប់គ្នាពិតជាមានពេលតិចតួចបំផុតដើម្បីបន្ធូរផ្លូវចិត្ត ។ ស្ថិតក្នុងសភាពបែបនេះ ផ្លូវចិត្តពិតជាពេញទៅដោយក្តីបារម្ភនិងការគិតផ្សេងៗហើយដែលអ្វីទាំងនេះតិចឬច្រើនគឺបានប៉ះពាល់ទៅលើសមត្ថភាពគិតនិងមុខងាររបស់ខួរក្បាល ។ ដូច្នេះ ការធ្វើសមាធិគឺជាមធ្យោបាយល្អជាងគេជួយបំពេញជាថ្មីនូវថាមពលខួរក្បាល និងជួយឱ្យខួរក្បាលគេចផុតពីភាពទ្រុឌទ្រោម ។ សកម្មភាពនៃការប្រមូលអារម្មណ៍និងដកដង្ហើមវែងៗនឹងនាំឱ្យចិត្តឈានទៅរកភាពស្ងប់ ហើយបែបនេះនឹងជួួយធ្វើឱ្យល្អប្រសើរដល់ការបំពេញមុខងាររបស់ខួរក្បាល ។
៣-កែលំអរបបអាហារទទួលទានប្រចាំថ្ងៃ
របបអាហារមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់អត្ថប្រយោជន៍ចំពោះខួរក្បាលផងដែរ ។ សារធាតុចិញ្ចឹមគឺពិតជាសំខាន់បំផុតជួយដល់ការលូតលាស់ក៏ដូចជា ការអភិវឌ្ឍរបស់ខួរក្បាល។ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិគឺជាជម្រើសចាំបាច់។ បន្ថែមពីលើនេះត្រីក៏ជាប្រភពមួយជំនួយដល់ខួរក្បាលផងដែរ ។ ការទទួលទានយ៉ាងហោចណាស់២ដងក្នុងសប្តាហ៍នឹងជួយបង្កើនភាពឆ្លាតវៃបានជាង១០ភាគរយ ។
៤-ធ្វើលំហាត់ប្រាណខួរក្បាលដោយការលេងល្បែងល្បងប្រាជ្ញាផ្សេងៗ
មិនខុសពីផ្នែកផ្សេងៗនៃរាងកាយនោះទេ ខួរក្បាលក៏ត្រូវការនូវលំហាត់ប្រាណទៀងទាត់ផងដែរដើម្បីធ្វើឱ្យប្រសើរចំពោះសុខភាពរបស់វា ។ ចូរជ្រើសយកល្បែងគំនិតមួយចំនួនដូចជា Soduku និង Crossword Puzzlesជាដើម ។
៥-ត្រូវចៀសវាងឱ្យបាននូវបញ្ហា Stress
ការសិក្សាជាច្រើនបានរកឃើញថា Stressគឺជាហេតុបង្កចម្បងដែលប៉ះពាល់ដល់សមត្ថភាពខួរក្បាល ។ ការសិក្សាមួយរបស់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យUniversity of Californiaបានរកឃើញថា វត្តមាននៃការឆ្លើយតបដោយបញ្ហា Stressច្រំដែលៗអាចនាំឱ្យរួញខ្លី Hippocampus(ផ្នែកសំខាន់របស់ខួរក្បាលមាននាទីគ្រប់គ្រង Stressនិងការចងចាំរយៈពេលវែង )។ ចូរលេងកីឡាឬធ្វើសកម្មភាពផ្សេងៗដើម្បីលុបបំបាត់ Stress ៕