មិនចង់ឱ្យស្បែកឆាប់ចាស់ជាងវ័យ ប៉ុន្តែមិនចង់ចំណាយប្រាក់អស់ច្រើនលើផលិតផលថែរក្សាស្បែក ឬវះកាត់កែសម្ផស្សមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាស្បែកនឹងគង់តែប្រែប្រួលចាស់ទៅតាមវ័យក៏ដោយ ក៏នៅមានគន្លឹះងាយៗជាច្រើនជួយពន្យឺតភាពចាស់តាមវ័យនៃស្បែក ហើយមួយក្នុងចំណោមនោះ គឺការជៀសឱ្យផុត ឬកាត់បន្ថយសកម្មភាពដែលបង្កឱ្យស្បែកឆាប់ចាស់ជាងវ័យ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសកម្មភាពដែលអ្នកគួរជៀសវាងដើម្បីរក្សាបាននូវស្បែកក្មេងជាងវ័យរយៈពេលយូរ ៖

១. តមអាហារដើម្បីសម្រកទម្ងន់

អ្នកប្រហែលជាមើលទៅស្គមជាងមុនក៏ពិតមែនតាមរយៈសកម្មភាពតមមិនទទួលទានអាហារច្រើនអស់រយៈពេលប្រមាណពី ២ ទៅ ៣ សប្តាហ៍។ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ប្រហែលជាមើលទៅមានរូបសម្រស់ចាស់ជាងមុនផងដែរដោយសារការធ្វើបែបនេះ។ ដើម្បីទទួលបានស្បែកមានសុខភាពល្អតឹងណែនស្រស់ថ្លានោះអ្នកគួរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗឱ្យបានច្រើនគ្រប់គ្រាន់។ ការតមអាហារដើម្បីឱ្យស្រកទម្ងន់បានច្រើនគីឡូក្នុងរយៈពេលខ្លីមួយមិនល្អសម្រាប់សុខភាពស្បែករបស់អ្នកឡើយ ដោយការធ្វើបែបនេះអាចបណ្ដាលឱ្យស្បែកខ្វះនូវការទទួលបានវីតាមីន និងជាតិរ៉ែចាំបាច់គ្រប់គ្រាន់ដើម្បីរក្សាសុខភាពល្អប្រសើរ, ស្រស់ស្អាត និងក្មេងជាងវ័យ។

២. មិនទទួលទានជាតិខ្លាញ់

ក៏ព្រោះមិនបានដឹងថាខ្លាញ់មានល្អ និងអាក្រក់ មនុស្សភាគច្រើនសម្រេចចិត្តមិនទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់តែម្ដង។ ប្រភេទនៃខ្លាញ់ល្អ គឺត្រូវការចាំបាច់ដើម្បីរក្សាសុខភាពខួរក្បាល, បេះដូង, សន្លាក់ឆ្អឹង និងស្បែក។ គ្រាប់ធញ្ញជាតិ, គ្រាប់ពូជ និងត្រីសម្បូរខ្លាញ់ ជាប្រភពដ៏ប្រសើរនៃខ្លាញ់ល្អ។

៣. ត្រូវកម្ដៅព្រះអាទិត្យច្រើនពេក

ការត្រូវកម្ដៅព្រះអាទិត្យច្រើនពេកអាចបង្ករោគសញ្ញានៃភាពចាស់មុនវ័យ ហើយក៏បង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ ទោះជាយ៉ាងណា ការត្រូវពន្លឺ ឬកម្ដៅព្រះអាទិត្យក៏ល្អសម្រាប់សុខភាពស្បែក និងសុខភាពរាងកាយផងដែរ ប្រសិនបើនៅចន្លោះម៉ោង ១០ ព្រឹក និង ៤ ល្ងាច។ ហើយក៏កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF ៣០ ឬខ្ពស់ជាងនេះដើម្បីការពារស្បែកពីកម្ដៅខ្លាំងនៃព្រះអាទិត្យរាល់ពេលចេញទៅក្រៅក្រោមកម្ដៅថ្ងៃ។

៤. ទទួលទានជាតិស្ករច្រើនពេក

ការទទួលទានអាហារផ្អែម ឬមានផ្ទុកសម្បូរទៅដោយជាតិស្ករមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់សុខភាពស្បែកធ្វើឱ្យឆាប់ចាស់ជាងវ័យផងដែរ។ នោះក៏ព្រោះតែស្ករអាចបង្កការរលាកក្នុងរាងកាយដែលផ្សារភ្ជាប់ទៅនឹងភាពឆាប់ចាស់នៃស្បែក។

៥. ស្ត្រេសរយៈពេលយូរ

តានតឹងក្នុងអារម្មណ៍សឹងតែរាល់ថ្ងៃទៅហើយមែនទេ? ដូច្នេះកុំភ្ញាក់ផ្អើល ប្រសិនបើអ្នកមើលទៅចាស់ជាងវ័យរបស់ខ្លួន! ភាពតានតឹង ឬស្ត្រេសដែលមិនអាចគ្រប់គ្រងបានអាចធ្វើឱ្យស្បែកឆាប់ចាស់គួរឱ្យកត់សម្គាល់។ ដូច្នេះព្យាយាមកាត់បន្ថយភាពតានតឹង ហើយសម្រាកឱ្យបានគ្រប់គ្រាន់ទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង