មិនថាអ្នកឧស្សាហ៍ផ្ដាសាយ ឬមិនអាចទ្រាំទ្រនឹងផលប៉ះពាល់នៃការទទួលទានកាហ្វេបានទៀតនោះទេ វាជារឿងដ៏ប្រសើរមួយសម្រាប់អ្នកក្នុងការទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំជាប្រចាំ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នោះក៏ព្រោះតែភេសជ្ជៈនេះអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព! ហើយវិធីធ្វើភេសជ្ជៈនេះក៏ងាយទៀត ដោយគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងចូលក្នុងទឹកក្ដៅឧណ្ហៗមួយកែវ ឬមួយពែង រួចបន្ថែមទឹកឃ្មុំឆៅធម្មជាតិ ១ ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមទទួលទាន។ ដើម្បីទទួលបានផលទ្វេដង អ្នកគួរទទួលទាននៅពេលព្រឹក ៣០ នាទីមុនបរិភោគអាហារពេលព្រឹក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានទឹកក្ដៅឧណ្ហលាយទឹកឃ្មុំ ៖
១. បង្កើនថាមពល
ការទទួលទានភេសជ្ជៈមានផ្ទកជាតិកាហ្វេអ៊ីនអាចបង្កអាការៈញ័រដៃ, ញ័រទ្រូង, ឈឺក្បាល, វិលមុខធីងធោង, ថប់បារម្ភ និងរោគសញ្ញាមិនល្អមួយចំនួនទៀត។ ប៉ុន្តែទឹកក្ដៅឧណ្ហៗ ១ ពែងលាយជាមួយទឹកឃ្មុំ គឺគ្មានផ្ទុកជាតិកាហ្វេអ៊ីនឡើយ! ដូច្នេះហើយទើបភេសជ្ជៈនេះប្រសើរបំផុតសម្រាប់សុខភាពជួយជម្រុញបង្កើនថាមពលរាងកាយតាមបែបធម្មជាត។ ទឹកក្រូចឆ្មារ និងទឹកឃ្មុំមានផ្ទុកជាតិស្ករសុខភាពល្អដែលអាចផ្ដល់ឱ្យរាល់កោសិកនូវថាមពលបន្ថែម។ ភេសជ្ជៈនេះក៏ជួយទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ!
២. ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំ
ភាគច្រើននៃពួកយើងបានដឹងរួចមកហើយថា ទឹកក្រូចឆ្មារ ជាប្រភពដ៏ប្រសើរនៃវីតាមីន C។ ហើយវីតាមីននេះចាំបាច់សម្រាប់រក្សាប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំ។ ការទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំទៀងទាត់ក៏ជួយកាត់បន្ថយហានិភ័យនៃបញ្ហាឆ្លងមេរោគលើផ្លូវដង្ហើមខាងលើដូចជាជំងឺផ្តាសាយឬគ្រុនផ្តាសាយ។ ទឹកឃ្មុំ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មកម្ចាត់រ៉ាឌីកាល់សេរីដែលជាម៉ូលេគុលគ្រោះថ្នាក់ដែលអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សចុះខ្សោយ។
៣. កាត់បន្ថយអាការៈសន្លាក់
ទឹកឃ្មុំមានផ្ទុកសមាសធាតុប្រឆាំងការរលាក ដូច្នេះហើយទើបការទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំប្រសើរបំផុតជួយកាត់បន្ថយការឈឺចាប់, ស្ពឹក និងហើមសន្លាក់ ជាពិសេសនៅពេលព្រឹក។
៤. ជួយឱ្យស្រកទម្ងន់
គ្រាន់តែទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំឱ្យបានទៀងទាត់ក៏ជួយសម្រកទម្ងន់បានដែរ! នោះក៏ព្រោះតែទឹកឃ្មុំមានផ្ទុកជាតិស្ករធម្មជាតិដែលល្អសម្រាប់សុខភាព ខុសឆ្ងាយពីជាតិស្ករចម្រាញ់ដែលមានផ្ទុកក្នុងភេសជ្ជៈកំប៉ុង, ទឹកផ្លែឈើកែច្នៃ និងនំខេកជាដើម។ ការទទួលទានទឹកក្ដៅឧណ្ហលាយទឹកឃ្មុំរាល់ពេលអ្នកឃ្លានអាហារភេសជ្ជៈផ្អែមក៏ប្រសើរផងដែរ ដោយវាជួយកាត់បន្ថយចំណង់អាហារ៕