គេងគឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាព មនុស្សគ្រប់គ្នាតែងនិយាយថាចូលគេងឆាប់ល្អ ប៉ុន្តែបើចូលគេងរឹតតែលឿនតើល្អឫទេ?
ការគេងមានសារៈសំខាន់ណាស់សម្រាប់សុខភាពព្រោះវាជួយស្ដាររាងកាយ និងបង្កើតថាមពលឡើងវិញ។ អ្នកវិទ្យាសាស្ត្រជឿថា ពេលវេលាចូលគេង និងភ្ញាក់ពីគេងអាចប៉ះពាល់ដល់គុណភាពនៃការគេងយ៉ាងខ្លាំង។
ការគេងស្កប់ល្អមានឥទ្ធិពលវិជ្ជមានទៅលើសុខភាព ជាពិសេសសុខភាពផ្លូវចិត្ត និងសរសៃឈាមបេះដូង។ អ្នកជំនាញនិយាយថា ការចូលគេងនៅម៉ោង 10 យប់គឺល្អបំផុតដើម្បីទទួលបានការគេងប្រកបដោយគុណភាព។ ហើយពេលវេលាក្រោកពីគេងដ៏ល្អបំផុតគឺនៅម៉ោង 7 ព្រឹក។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនត្រូវចូលគេងមុន ឬក្រោយម៉ោងនេះ ដោយពួកគេគ្រាន់តែគិតបានគេងគ្រប់គ្រាន់ 7-9 ម៉ោង។ មនុស្សភាគច្រើនគួរតែពឹងផ្អែកលើពេលវេលាក្រោកពីគេងរបស់ពួកគេ ហើយរាប់ថយក្រោយ 7-9 ម៉ោងដើម្បីកំណត់ម៉ោងគេងដ៏ល្អបំផុតរបស់ពួកគេ។
ការគេងនៅម៉ោង១០យប់គឺល្អបំផុត
ការស្រាវជ្រាវបង្ហាញថា ការចូលគេងនៅម៉ោង 10 យប់ធ្វើអោយប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង និងធ្វើឱ្យមានតុល្យភាពអរម៉ូន ដែលជួយពង្រឹងសមត្ថភាពសិក្សា និងបង្កើនភាពស៊ាំ។
លើសពីនេះ ការចូលគេងចាប់ពីម៉ោង 10 យប់ជួយឱ្យយើងរក្សាសុខភាពល្អបានយូរ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺសរសៃឈាម រួមទាំងជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺវង្វេងដោយសារសរសៃឈាម។ ខណៈពេលដែលការគេងលើសពី ម៉ោង 11 យប់អាចបង្កើនហានិភ័យនៃការគេងមិនលក់ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះដូង។
ជាងនេះទៅទៀត វាជារឿងសំខាន់ដែលកាលវិភាគនៃការគេងនេះត្រូវតែទៀងទាត់ មិនមែនចូលគេងនៅម៉ោងផ្សេងគ្នាជារៀងរាល់ថ្ងៃនោះទេ៕