មនុស្សយើងមានធ្មេញតែ ២ស្និតតែប៉ុណ្ណោះ ដូច្នេះប្រសិនបើមិនចង់បាត់បង់ទេនោះគួរព្យាយាមថែរក្សាឱ្យបានល្អបំផុត។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើគួរធ្វើយ៉ាងណាទៅទើបអាចរក្សាសុខភាពធ្មេញរឹងមាំជៀសផុតពីជំងឺពុកធ្មេញ ឬប្រហោងដង្កូវស៊ី? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទប់ស្កាត់បញ្ហាធ្មេញពុកប្រហោងដង្កូវស៊ី ៖

១. ខ្ពុរមាត់ជាមួយប្រេង

វិធីដ៏ងាយបំផុតដើម្បីរក្សាសុខភាពធ្មេញទប់ស្កាត់បញ្ហាពុកដង្កូវស៊ីនោះ គឺព្យាយាមខ្ពុរមាត់ជាមួយប្រេងដូចជា ប្រេងល្ង ឬប្រេងដូង សម្រាប់រយៈពេល ២០ នាទី ហើយលាងសម្អាតមាត់ចេញជាមួយទឹកធម្មតាជាការស្រេច។

២. កុំទទួលទានអាហារសម្បូរជាតិផ្អែម ឬស្ករច្រើនពេក

ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងរួចមកហើយថា ជាតិផ្អែម ឬជាតិស្ករជាសត្រូវដ៏ធំបំផុតនៃធ្មេញ ដោយវាអាចបង្កបញ្ហាមាត់ធ្មេញផ្សេងៗ រួមទាំងជំងឺពុកធ្មេញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយការទទួលទានអាហារ និងភេសជ្ជៈដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករ។

៣. ដុសសម្អាតធ្មេញឱ្យបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំ

ដើម្បីរក្សាសុខភាពធ្មេញជៀសផុតពីបញ្ហាពុកធ្មេញ ឬដង្កូវស៊ីប្រហោង ក៏ដូចជាការឡើងកំណកកំបោរ និងជំងឺអញ្ចាញធ្មេញ ចូរដុសសម្អាតធ្មេញឱ្យបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំ (ពេលព្រឹក និងពេលយប់មុនពេលចូលគេង) ។

៤. ដុសសម្អាតអណ្តាត

ធ្លាប់ដឹងទេថា អណ្ដាតក៏ជាផ្នែកមួយសម្បូរទៅដោយបាក់តេរីមិនចាញ់ធ្មេញ និងអញ្ចាញឡើយ! ដូច្នេះរាល់ពេលដុសធ្មេញ កុំភ្លេចដុសសម្អាតអណ្ដាតផង។

៥. យកចិត្តទុកដាក់ចំពោះរាល់បញ្ហាមិនប្រក្រតីនៃសុខភាពមាត់ធ្មេញ

ប្រសិនបើអញ្ចាញរបស់អ្នកមើលទៅឡើងក្រហមតិចៗ, ទឹកមាត់ពណ៌ក្រហមតិចៗ ឬប្រសិនបើអ្នកមានអារម្មណ៍ថាឈឺក្នុងមាត់ ចូរកុំស្ទាក់ស្ទើរនឹងទៅជួបពិនិត្យជាមួយទន្តពេទ្យ ក៏ព្រោះអាការៈទាំងនេះអាចនឹងលេចឡើងដោយសារភាពមិនប្រក្រតីណាមួយ។

៦. ទទួលទានតែបៃតង ឬតែខ្មៅ

តែបៃតង ឬតែខ្មៅ មានផ្ទុកសម្បូរទៅដោយសារធាតុ Camellia sinensis ជួយរក្សាសុខភាពមាត់ធ្មេញទប់ស្កាត់បញ្ហាធ្មេញពុកបានយ៉ាងប្រសើរគួរឱ្យកត់សម្គាល់។

៧. កុំដុសធ្មេញខ្លាំងៗ ឬច្រើនដងពេក

អ្វីក៏ដោយឱ្យតែពេក គឺមិនដែលល្អឡើយ! សូម្បីតែការដុសសម្អាតធ្មេញក៏ដោយ។ ការដុសធ្មេញខ្លាំងៗ ឬច្រើនដងពេកក្នុងថ្ងៃអាចបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះកាចាធ្មេញ។

៨. ពិនិត្យមាត់ធ្មេញ ២ដងក្នុងមួយឆ្នាំ

ទន្តពេទ្យ ជាអ្នកជំនាញជួយការពារសុខភាពមាត់ធ្មេញរបស់អ្នក ហើយអាចសម្គាល់ឃើញភាពមិនប្រក្រតីណាមួយបានទាន់ពេលទៀតផង។ លើសពីនេះទៅទៀត ទន្តពេទ្យក៏ជួយសម្អាតធ្មេញទៀងទាត់ដែលធ្វើឱ្យអ្នកអាចជៀសផុតពីការជួបប្រទះបញ្ហាមាត់ធ្មេញធ្ងន់ធ្ងរផ្សេងៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង