មនុស្សភាគច្រើនគិតថា ការទទួលទានអំបិល ឬអាហារមានជាតិប្រៃច្រើនពេក គឺមិនល្អតែចំពោះរូបរាងប៉ុណ្ណោះដោយវាបណ្ដាលឱ្យហើម។ ទោះជាយ៉ាងណា ការទទួលទានប្រៃអាចបង្កសុខភាពយ៉ាងច្រើនគួរឱ្យព្រួយបារម្ភដូចជា ជំងឺលើសសម្ពាធឈាម, បញ្ហាតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាលជាដើម! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះហើយទើបការបន្សាបជាតិប្រៃចេញពីរាងកាយជាគំនិតដ៏ប្រសើរបំផុតមួយទប់ស្កាត់ជំងឺផ្សេងៗដែលអាចនឹងកើតឡើងក្រោយការទទួលទានអំបិល ឬអាហារមានជាតិប្រៃច្រើន។ ប៉ុន្តែថាតើគួរធ្វើបែបណាទៅទើបអាចបន្សាប​ ឬកម្ចាត់ជាតិប្រៃចេញពីប្រព័ន្ធរាងកាយបាន? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបន្សាប ឬកម្ចាត់ជាតិប្រៃពីរាងកាយ ៖

១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

គ្រាន់តែទទួលទានទឹកធម្មតាប្រមាណ ២ លីត្រក្នុងមួយថ្ងៃ ក៏មានប្រសិទ្ធិភាពជួយកម្ចាត់ ឬបន្សាបជាតិប្រៃ និងសារធាតុរាវដែលលើសចេញពីរាងកាយបានដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថា ប្រសិនបើអ្នកព្យាយាមមិនបរិភោគទឹកនៅពេលកំពុងទទួលរងអាការៈហើមប៉ុណ្ណា នោះរាងកាយនឹងរក្សាទុកសារធាតុរាវដែលលើសកាន់តែច្រើនប៉ុននោះដែរ។ ដូច្នេះកុំភ្លេចទទួលទានឱ្យសោះ!

២. ទទួលទានផ្លែឈើ និងបន្លែ

បន្លែ និងផ្លែឈើភាគច្រើន គឺមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម ហើយជាតរ៉ែនេះទទួលខុសត្រូវក្នុងការបន្សាបជាតិប្រៃដែលលើសក្នុងរាងកាយ។ ជាតិប៉ូតាស្យូមក៏ជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ដោយសារការទទួលទានប្រៃច្រើនពេកផងដែរ។

៣. ជៀសវាងអាហារមានផ្ទុកសម្បូរដោយជាតិអំបិល

ព្យាយាមកាត់បន្ថយការទទួលទានប្រៃ ឬអាហារដែលមានផ្ទុកសម្បូរទៅដោយអំបិល ពិសេស នោះ គឺសាច់កែច្នៃ, បន្លែ និងស៊ុបកំប៉ុង ជាដើម។

៤. រក្សាភាពសកម្មនៃរាងកាយ

តើអ្នកធ្លាប់ដឹងឬអត់ថាការធ្វើសកម្មភាពរាងកាយជាប្រចាំអាចកម្ចាត់ជាតិប្រៃដែលលើសចេញពីក្នុងប្រព័ន្ធរាងកាយបានយ៉ាងមានប្រសិទ្ធិភាព? យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ការធ្វើលំហាត់ប្រាណរាល់ថ្ងៃមិនត្រឹមតែជួយរក្សាចរន្តឈាមរត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ ជួយជម្រុញឱ្យស្បែក រួមទាំងតម្រងនោមអាចកម្ចាត់ជាតិប្រៃដែលលើសបានផងដែរ៕