នរណាៗក៏ធ្លាប់មានកំហឹង ឬមានអារម្មណ៍ខឹងដែរ ហើយទោះបីវាជាប្រតិកម្មធម្មតាតបតទៅនឹងស្ថានភាពមួយចំនួនក៏ដោយ ប៉ុន្តែកំហឹងដែលមិនអាចគ្រប់គ្រងបានអាចបង្កជាហិង្សាផ្លូវកាយ និងការឈ្លោះប្រកែកគ្នា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាពិសេសកំហឹងក៏អាចបណ្ដាលឱ្យអ្នកធ្វើបាបខ្លួនឯងផងដែរ! ភាគច្រើននៃពួកយើងប្រហែលជាគិតថា កំហឹងគ្មានឥទ្ធិពលប៉ះពាល់អ្វីចំពោះរាងកាយ, ផ្លូវចិត្ត ឬអារម្មណ៍ឡើយ ខណៈដែលការពិតទៅកំហឹងផ្ដល់ផលអិជ្ជមានគួរឱ្យព្រួយបារម្ភជាច្រើន។ ថាតើកំហឹងប៉ះពាល់យ៉ាងណាខ្លះទៅចំពោះរាងកាយ និងខួរក្បាល? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃកំហឹង ៖

១. ចំពោះរាងកាយ

តើអ្នកធ្លាប់ចាប់អារម្មណ៍អំពីប្រតិកម្មដែលរាងកាយតបតទៅនឹងកំហឹងដោយចេះតែបណ្ដាលឱ្យចង់វាយគ្នា ឬវាយនេះវាយនោះដែរឬទេ? ក៏ដូចទៅនឹងករណីនៃការថប់បារម្ភ, រំភើប និងភ័យខ្លាចដែរ គឺកំហឹងបង្កឱ្យរាងកាយត្រូវការប្រយុទ្ធជាមួយអ្វីមួយឬអត់អាស្រ័យលើស្ថានភាព។ នោះក៏ព្រោះតែរាងកាយត្រូវជួបប្រទះនូវការកើនឡើងនូវកម្រិតអ័រម៉ូនស្ត្រេសភ្លាមៗនៅពេលខឹង។ នៅពេលខឹងខ្លាំងនោះសម្ពាធឈាមនឹងកើនឡើង ហើយចង្វាក់បេះដូងលោតញាប់ជាងធម្មតា សូម្បីតែការដកដង្ហើម ខណៈដែលឈាមបុកឡើងទៅសាច់ដុំលឿនពេក។

២. សម្ពាធឈាមឡើងខ្ពស់

នៅពេលអ្នកខឹង នោះលំហូរឈាមនឹងត្រូវបែងចែកបញ្ជូនទៅកាន់ផ្នែកផ្សេងៗគ្នានៃរាងកាយ ហើយក៏ព្រោះតែការកើនឡើងនូវកម្រិតនៃអ័រម៉ូនស្ត្រេស (cortisol និងadrenaline) ចង្វាក់បេះដូងប្រែជាលោតលឿនជាងធម្មតាដែលបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាប្រចាំស្រាប់នោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃជំងឺគាំងបេះដូង ឬជំងឺដាច់សសៃឈាមខួរក្បាល នៅពេលខឹងខ្លាំងជាក់ជាមិនខាន។

៣. បញ្ហាប្រព័ន្ធរំលាយអាហារ

កង្វះលំហូរឈាមទៅកាន់ពោះវៀននៅពេលខឹងនឹងបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាទាក់ទងជាមួយការរំលាយអាហារ ជាពិសេសប្រសិនបើអ្នកតែងតែខឹងសឹងគ្រប់ពេល។ នេះជាហេតុផលមួយចម្បងបំផុតដែលធ្វើឱ្យអ្នកពេលខ្លះជួបប្រទះអារម្មណ៍រមួលក្នុងពោះ និងបញ្ហាពោះវៀន នៅពេលខឹង។

៤. ចំពោះប្រព័ន្ធភាពស៊ាំ

បញ្ហាគួរឱ្យព្រួយបារម្ភមួយទៀតនៃការមានអារម្មណ៍ខឹងជានិច្ចនោះ គឺភាពមិនប្រក្រតីនៃមុខងារប្រព័ន្ធភាពស៊ាំរាងកាយ។ មុខងារនៃក្រពេញទីរ៉ូអ៊ីតត្រូវទទួលរងផលប៉ះពាល់ដែលមានន័យថាសមត្ថភាពប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកោសិកាគ្រោះថ្នាក់ផ្សេងទៀតក្នុងរាងកាយត្រូវជួបប្រទះការរំខាន។ ហើយក៏ព្រោះតែប្រព័ន្ធភាពស៊ាំមិនដំណើរការមុខងារបានត្រឹមត្រូវនោះមានន័យថា អ្នកកំពុងប្រឈមមុខនឹងការកើតជំងឺផ្សេងៗហើយ៕