នៅពេលដែលអ្នកមានអាយុច្រើនទើបមានផ្ទៃពោះ វានឹងមានគ្រោះថ្នាក់ខ្ពស់ជាងអ្នកដែលមានអាយុតិច ដូចនេះតើពេលដែលអ្នកមានអាយុច្រើន ហើយមានផ្ទៃពោះ អ្នកត្រូវតែប្រយ័ត្នពីចំនុចមួយចំនួនដើម្បីអាចសម្រាលកូនមួយដែលមានសុខភាពល្អ ហើយអ្នកមិនប្រឈមមុខនឹងគ្រោះថ្នាក់។ តើមានចំនុចអ្វីខ្លះទៅ?
ប៉ូវវីតាមីនB9
វីតាមីននេះអាចជួយធ្វើឲ្យសរសៃប្រាសាទខួរក្បាលរបស់កូនលូតលាស់បានល្អ ដូចនេះនៅមុនពេលដែលអ្នកត្រៀមមានផ្ទៃពោះ អ្នកត្រូវតែបរិភោគអាហារដែលមានសារធាតុនេះដូចជា ៖ បន្លែដែលមានស្លឹកបៃតង ផ្កាខាត់ណា ទឹកក្រូចច្របាច់ និងថ្លើមសត្វ ទើបអ្នកមានវីតាមីននេះបានគ្រប់គ្រាន់ក្នុងការទ្រទ្រង់កូនក្នុងផ្ទៃ។
ពិនិត្យផ្ទៃពោះទៀងពេល
នៅពេលដែលអ្នកមានអាយុច្រើនទើបមានផ្ទៃពោះ អ្នកគួរតែទៅពិនិត្យឲ្យបានទៀងពេល ព្រោះការពិនិត្យនេះអាចធានាពីសុខភាពអ្នក និងកូនក្នុងផ្ទៃបាន ហើយអ្នកក៏ត្រូវតែពិនិត្យសម្ពាធឈាមអ្នកដែរ ចៀសវាកុំឲ្យមានអាការៈឡើងខ្ពស់ ម្យ៉ាងទៀតអ្នកក៏ត្រូវតែពិនិត្យជាតិស្កររបស់អ្នកដូចគ្នា ដើម្បីកុំឲ្យមានជំងឺទឹកនោមផ្អែម។
ប្រយ័ត្នពីរបបអាហារ
អ្នកត្រូវតែបរិភោគអាហារដែលមានអាស៊ីតខ្លាញ់ទាប ហើយមានប្រូតេអ៊ីនខ្ពស់ អាហារដែលមិនសូវត្រជាក់ និងក្តៅ ហើយមិនត្រូវផឹកកាហ្វេ ស្រា និងតែឡើយ ព្រោះវាសុទ្ធតែមិនស័ក្តិសមចំពោះស្ត្រីមានផ្ទៃពោះដែលមានអាយុច្រើន។
គេងឲ្យបានគ្រប់
ការគេងឲ្យបានគ្រប់ម៉ោងគឺជាអ្វីដែលស្ត្រីមានផ្ទៃពោះដែលមានអាយុច្រើនត្រូវការជាចាំបាច់ ព្រោះនៅពេលដែលអ្នកមានពេលសម្រាកគ្រប់គ្រាន់ ទើបវាមិនប៉ះពាល់ដល់សុខភាពអ្នក និងកូន ដោយមួយថ្ងៃអ្នកត្រូវតែគេងឲ្យបានគ្រប់ពី៨ទៅ៩ម៉ោង ហើយពេលថ្ងៃក៏ត្រូវសម្រាកដែរ ទើបល្អចំពោះអ្នក និងកូនក្នុងផ្ទៃ។
ឃ្លាតឲ្យឆ្ងាយពីបរិស្ថានដែលមិនល្អ
អ្នកត្រូវចាកឆ្ងាយពីកន្លែងដែលចង្អៀត ហើយមានសម្លេងថ្លង់ ម្យ៉ាងទៀតអ្នកក៏មិនត្រូវផឹកថ្នាំផ្តេសផ្តាសដែរប្រសិនជាគ្មានការអនុញ្ញាតពីគ្រូពេទ្យ ជាងនេះទៅទៀត អ្នកមិនត្រូវនៅជិតអ្នកដែលមានជំងឺឆ្លងឡើយ ព្រោះវាអាចចម្លងទៅអ្នកបានយ៉ាងងាយ ដូចនេះអ្នក និងកូននឹងមានគ្រោះថ្នាក់ខ្លាំងណាស់៕