នៅពេលញៀននឹងគ្រឿងស្រវឹងហើយ នោះការបញ្ឈប់ ឬផ្ដាច់ភ្លាមៗ មិនមែនជារឿងងាយស្រួលឡើយ! ជាពិសេសប្រសិនបើអ្នកទម្លាប់ទទួលទានវាជាប្រចាំក្នុងបរិមាណលើសកម្រិត។ ទោះជាយ៉ាងណា អ្នកអាចកាត់បន្ថយចំណង់នៃការទទួលទានគ្រឿងស្រវឹងតាមរយៈអាហារមួយចំនួនបាន។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមល្មម (១កែវក្នុងមួយថ្ងៃប្រសិនបើអ្នកជាមនុស្សស្រី និង ២ កែវក្នុងមួយថ្ងៃប្រសិនបើអ្នកជាមនុស្សប្រុស) អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនមិនគួរឱ្យជឿចំពោះសុខភាព។ ប៉ុន្តែការទទួលទានច្រើនលើសកម្រិតពេកនឹងបង្កជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភវិញជាក់ជាមិនខាន! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាន ដើម្បីទប់ទល់ការឃ្លានគ្រឿងស្រវឹង ៖
១. នំបុ័ង និងផាស្តា
នៅពេលអ្នកញៀនហើយនោះ នៅពេលអ្នកព្យាយាមគេចឆ្ងាយពីគ្រឿងស្រវឹងប៉ុណ្ណា រាងកាយរបស់អ្នកទាមទារ ឬឃ្លានវាកាន់តែខ្លាំងឡើងប៉ុននោះ។ វិធីដ៏ប្រសើរបំផុតក្នុងការទប់ស្កាត់បញ្ហានេះ គឺការព្យាយាមទទួលទានអាហារដែលអាចផ្ដល់ឱ្យរាងកាយនូវកាបូអ៊ីដ្រាតស្មុគស្មាញ ឬជាតិកាបូអ៊ីដ្រាតល្អដូចជា នំប័ុង និងផាស្តា។ ទោះជាយ៉ាងណា ត្រូវប្រាកដថាអ្នកទទួលនំបុ័ងធ្វើឡើងពីស្រូវសាឡីសុទ្ធទើបប្រសើរ ក៏ព្រោះនំបុ័ងធ្វើពីម្ស៉ៅសធម្មតាមិនល្អចំពោះសុខភាពឡើយ។
២. ជីវ៉ាន់ស៊ុយ និងស្ពៃខ្មៅ
ការរួមបញ្ចូលបន្លែទាំងពីរនេះក្នុងរបបអាហារប្រចាំថ្ងៃអាចជួយអ្នកបំបាត់ចំណង់ឃ្លានគ្រឿងស្រវឹងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ នោះក៏ព្រោះតែបន្លែទាំងនេះមានផ្ទុក អាមីណូអាស៊ីត L-glutamine ដែលមិនត្រឹមតែជួយទប់ស្កាត់ចំណង់ប៉ុណ្ណោះទេ ប៉ុន្តែក៏បំបាត់អាការៈញៀនដូចជា ថប់បារម្ភ និងគេងមិនលក់ផងដែរ។
៣. គ្រាប់ផ្កាឈូករ័ត្ន និងផ្លែចេក
ការរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយសារធាតុ dopamine ក្នុងរបបអាហារប្រចាំថ្ងៃ គឺមានប្រយោជន៍ណាស់ ប្រសិនបើអ្នកកំពុងព្យាយាមកម្ចាត់ ក៏ដូចជាទប់ទល់នឹងទម្លាប់នៃការទទួលទានគ្រឿងស្រវឹងច្រើនពេក។ ការទទួលទានគ្រាប់ផ្កាឈូករ័ត្ន និងផ្លែចេកទៀងទាត់អាចជួយបង្កើនកម្រិតនៃសារធាតុ dopamine ក្នុងខួរក្បាល។ លើសពីនេះទៅទៀត ផ្លែចេក ក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម និងសារធាតុចិញ្ចឹមចាំបាច់ជួយទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភដែលច្រើនកើតឡើងនៅពេលអ្នកព្យាយាមផ្ដាច់ស្រា។
៤. ផ្លែឈើ និងបន្លែ
ជាចុងក្រោយ ត្រូវប្រាកដថារបបអាហារប្រចាំថ្ងៃរបស់អ្នកមានផ្ទុកផ្លែឈើ និងបន្លែស្រស់គ្រប់គ្រាន់។ បន្លែផ្លែឈើជួយផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមល្អៗជាច្រើន ហើយអ្នកត្រូវការជាតិវីតាមីន និងជាតិរ៉ែទាំងអស់ដើម្បីអាចពង្រឹងប្រព័ន្ធភាពស៊ាំយកឈ្នះទៅលើភាពញៀនគ្រឿងស្រវឹង។ ការទទួលទានបន្លែផ្លែឈើស្រស់ៗក៏ជួយបន្សាបជាតិពុលផ្សេងៗពីក្នុងរាងកាយផងដែរ ខណៈដែលវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ថ្លើមរបស់អ្នកដែលជាសរីរាង្គមួយងាយនឹងទទួលរងការបំផ្លាញ ដោយសារការទទួលទានគ្រឿងស្រវឹងលើសកម្រិតអាចទទួលបានអត្ថប្រយោជន៍ និងការពារតាមរយៈការរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ៕