ជំងឺធ្លាក់ទឹកចិត្ត (Depression) ជាបញ្ហាផ្លូវចិត្តគួរឱ្យព្រួយបារម្ភបំផុតមួយ។ មនុស្សភាគច្រើនគិតថា អាការៈនៃជំងឺនេះគ្រាន់តែធ្វើឱ្យពិបាកចិត្តខ្លាំងប៉ុណ្ណោះ។ ទោះជាយ៉ាងណា ជំងឺធ្លាក់ទឹកចិត្ត ជាអ្វីមួយដែលអាចធ្វើឱ្យអ្នកជំងឺក្លាយជាខ្ជិលមិនចង់ធ្វើអ្វីសោះ, អស់សង្ឃឹម, ហត់នឿយផ្លូវចិត្ត ហើយករណីធ្ងន់ធ្ងរ គឺគ្មានអារម្មណ៍ចង់រស់នៅបន្តទៀត។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកជំងឺធ្លាក់ទឹកចិត្តគួរទទួលយកការព្យាបាលជាមួយគ្រូពេទ្យជំនាញផ្លូវចិត្តដើម្បីអាចមានអារម្មណ៍ថាចង់រស់នៅដូចធម្មតាវិញឈប់គិតចង់សម្លាប់ខ្លួន។ ហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តអាចកើនឡើងដោយសារទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអ្នកប្រហែលជាស្មានមិនដល់។ ថាតើទម្លាប់អ្វីខ្លះទៅដែលអ្នកគួរជៀសវាងដើម្បីកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ទាំងនោះ ៖

១. ការទទួលទានអាហារកែច្នៃ

យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ទោះបីជាការទទួលទានដំឡូងបារាំងបំពង, ដំឡូងបារាំងចៀន ឬអាហារកែច្នៃដទៃទៀតអាចធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយចិត្តបាន ប៉ុន្តែការទទួលទានអាហារប្រភេទនេះសឹងគ្រប់ពេលអាចបង្កជាបញ្ហាធ្លាក់ទឹកចិត្តនៅថ្ងៃណាមួយនាពេលអនាគត។ មកទល់នឹងពេលសព្វថ្ងៃនេះ ការសិក្សាស្រាវជ្រាវកាន់តែច្រើនឡើងៗកំពុងព្យាយាមបង្ហាញពីទំនាក់ទំនងរវាងជំងឺធ្លាក់ទឹកចិត្ត និងការទទួលទានអាហារកែច្នៃ។ វេជ្ជបណ្ឌិតជាច្រើនជឿថា គ្រឿងផ្សំមួយចំនួននៅក្នុងអាហារកែច្នៃ រួមបញ្ចូលទាំងស្ករចម្រាញ់, សារធាតុ GMO’s, សារធាតុគ្លូទែន (Gluten) និងគ្រឿងផ្សំសិប្បនិម្មិតបន្ថែមរសជាតិផ្សេងទៀត គឺអាចបង្កការរំខានដល់សារធាតុគីមីរបស់ខួរក្បាលដែលនឹងនាំឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត។

២. ការចំណាយពេលច្រើនពេកលើបណ្ដាញសង្គម

យោងតាមការស្ទាបស្ទង់មតិសាកលវិទ្យាល័យរដ្ឋ Michigan សហរដ្ឋអាមេរិក ឆ្នាំ ២០១៣ បានឱ្យដឹងថា អ្នកដែលសារភាពថាបានចំណាយពេលច្រើនលើបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានាតាមរយៈឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទច្រើនជួបប្រទះរោគសញ្ញា ឬអាការៈនៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ ហើយសូម្បីតែការចំណាយច្រើនពេកមើលទូរទស្សន៍ ខណៈពេលស្ដាប់ចម្រៀងក្នុងកុំព្យូរទ័រ និងលេងបណ្ដាញសង្គមផ្សេងៗក្នុងទូរស័ព្ទដៃ ក៏ជាសកម្មភាពដែលអាចបង្កើនហានិភ័យនៃការកើតមានជំងឺធ្លាក់ទឹកចិត្តដែរ។

៣. ការជក់បារី

ទម្លាប់នៃការជក់បារីមិនត្រឹមតែបង្កបញ្ហាដល់សួត និងបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យអ្នកប្រឈមមុខនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ ២០១៥ លើមនុស្សចំនួន ៦៥០០ ដែលមានវ័យលើ ៤០ ឆ្នាំបានបង្ហាញថា ប្រមាណជា ១៨ ភាគរយនៃអ្នកដែលជក់បារីប្រឈមមុខនឹងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ ចំណែកអ្នកដែលមិនជក់ គឺគ្មានរោគសញ្ញាណាមួយនៃជំងឺធ្លាក់ចិត្តលេចឡើងឡើយ។ ការសិក្សាស្រាវជ្រាវដដែលនេះក៏បានរកឃើញផងដែរថា អ្នកដែលផ្ដាច់បារីអាចកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ចិត្តគួរឱ្យកត់សម្គាល់។

៤. ចូលគេងយប់ជ្រៅ

ប្រសិនបើអ្នកមានទម្លាប់យូរៗចូលគេង នោះឱកាសនៃបញ្ហាគេងមិនគ្រប់ ឬកង្វះការគេងប្រាកដជានឹងលេចឡើង។ ហើយនៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។ យោងតាមការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Binghamton សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤ បានបង្ហាញថា អ្នកដែលចូលគេងយប់ជ្រៅច្រើនតែមានគំនិត ឬការគិតអវិជ្ជមាន ហើយការគិតច្រើនបែបនេះ គឺជាអ្វីមួយផ្សារភ្ជាប់នឹងការវិវត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្ត។

៥. នៅជាមួយអ្នកដែលមានគំនិតអវិជ្ជមាន

ថ្ងៃណាមួយអ្នកនឹងកើតជំងឺធ្លាក់ទឹកចិត្តជាជាក់មិនខាន ប្រសិនបើមនុស្សជុំវិញខ្លួនអ្នកសុទ្ធតែមានគំនិតអវិជ្ជមាន, មិនផ្ដល់យោបល់ល្អៗបែរជារៀបរាប់តែរឿងរ៉ាវពិបាកនាំឱ្យធ្លាក់ទឹកចិត្ត។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា អ្នកងាយនឹងមានអារម្មណ៍ពិបាកចិត្តខ្លាំង ប្រសិនបើអ្នកចំណាយពេលនៅជាមួយអ្នកដែលគ្មានការគិតវិជ្ជមាន ហើយតែងនិយាយរឿងបាក់ទឹកចិត្តលែងចង់រស់ប្រាប់អ្នកសឹងគ្រប់ពេល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង