អយស្ទ័រ ជាប្រភេទអាហារសមុទ្រម្យ៉ាងដែលកំពុងពេញនិយមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ហើយអាចយកមកទទួលទានទាំងឆៅ ឬចម្អិនតាមរបៀបផ្សេងៗ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ភាគច្រើននៃពួកយើងក៏ប្រាកដជាស្គាល់ និងធ្លាប់ទទួលទានវារួចមកហើយ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃអាហារសមុទ្រមួយនេះចំពោះសុខភាពឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានអយស្ទ័រ ៖

១. ផ្ទុកសម្បូរទៅដោយជាតិស័ង្កសីច្រើនជាងអាហារសមុទ្រដទៃទៀត

ជាតិស័ង្កសី គឺចាំបាច់ណាស់សម្រាប់ការលូតលាស់បានត្រឹមត្រូវ, ពង្រឹងប្រព័ន្ធភាពស៊ាំ ក៏ដូចជាជួយឱ្យរបួសឆាប់ជាសះស្បើយ។

២. បង្កើនសុខភាពបេះដូង

នោះក៏ព្រោះតែអយស្ទ័រជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣, ប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលជួយកាត់បន្ថយហានិភ័យនៃ ជំងឺគាំងបេះដូង, ដាច់សសៃឈាមខួរក្បាល និងសម្ពាធឈាមឡើងខ្ពស់។

៣. បង្កើនសុខភាពផ្លូវភេទ

បរិមាណនៃជាតិស័ង្កសីក្នុងអយស្ទ័រជួយរាងកាយផលិតអ័រម៉ូនតេស្តូស្តេរ៉ូនដែលមានតួនាទីគ្រប់គ្រងពង្រឹងដំណើរការមុខងារផ្លូវភេទរបស់បុរស និងស្ត្រី។ ចំពោះបុរសការទទួលទានអយស្ទ័រជួយបង្កើនដល់បរិមាណនៃមេជីវិតឈ្មោល និងសមត្ថភាពនៃការហែល។ រីឯស្ត្រីវិញជាតិស័ង្កសីជួយដល់អូវែធ្វើឱ្យមានតុល្យភាពរវាងអ័រម៉ូន estrogen,  progesterone និង testosterone។

៤. ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់ដទៃទៀត

រួមបញ្ចូលទាំងវីតាមីន A, E និង C, ជាតិស័ង្កសី, ជាតិដែក, កាល់ស្យូម, សេលេញ៉ូម និងវីតាមីន B12 ដែលរាងកាយត្រូវការ។

៥. បង្កើនថាមពល

អយស្ទ័រជាប្រភពដ៏ប្រសើរនៃជាតិដែកដែលជួយរាងកាយដឹកនាំអុកស៊ីសែនទៅកាន់រាល់កោសិកាផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែម។

៦. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ

ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានរកឃើញថា ការទទួលទានអយស្ទ័រអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។

៧. ធ្វើឱ្យមុខងារខួរក្បាលកាន់តែប្រសើរឡើង

អយស្ទ័រមានផ្ទុកសម្បូរទៅដោយវីតាមីន B12, អាស៊ីតខ្លាញ់អូមេហ្គា ៣, ជាតិស័ង្កសី និងជាតិដែកដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាព ក៏ដូចជាមុខងារនៃខួរក្បាលបង្កើនការចងចាំ។

៨. សុខភាពប្រព័ន្ធសសៃឈាម និងសសៃឈាមល្អ

អយស្ទ័រ ក៏ជាប្រភពដ៏ល្អនៃវីតាមីន C ជួយប្រយុទ្ធប្រឆាំងនឹងជំងឺសសៃឈាមបេះដូង។ ហើយក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣, ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានប្រសិទ្ធិភាពខ្ពស់ជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង, ដាច់សសៃឈាមខួរក្បាល និងបញ្ហាសម្ពាធឈាមផងដែរ៕