ជាញឹកញយ ភាពមិនប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីការធ្វើលំហាត់ប្រាណទៀងទាត់ របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃកម្រិតជាតិស្ករក្នុងឈាមឡើយខ្ពស់។ ថាតើអាហារប្រភេទណាខ្លះទៅដែលមានប្រសិទ្ធិភាពជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារអ្នកគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជៀសផុតពីហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ៖

១. ត្រីសម្បូរខ្លាញ់

ត្រីសាលម៉ុន, ត្រីធូណា, ត្រីសាឌីន, ត្រី Halibut និង ត្រី mackerel សុទ្ធតែជាប្រភេទនៃត្រីដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ លើសពីនេះទៅទៀត​ អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ល្អសម្រាប់សុខភាពសន្លាក់ឆ្អឹង, បេះដូង និងខួរក្បាលផងដែរ។

២. គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ

គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ ក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយប្រយុទ្ធប្រឆាំងជាមួយភាពធន់នៃអាំងស៊ុយលីនផងដែរ។ ប្រភពនៃគ្រាប់ធញ្ញជាតិដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺគ្រាប់វាល់ណឺត, គ្រាប់អាល់ម៉ុន, គ្រាប់កៅឡាក់, គ្រាប់ស្វាយចន្ទី និងគ្រាប់ Brazil nuts។ រីឯគ្រាប់ពូជដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា​ ៣ វិញ គឺគ្រាប់ជី, គ្រាប់ល្ង, គ្រាប់ផ្កាឈូករ័ត្ន, គ្រាប់ល្ពៅ និងគ្រាប់ flax seeds។

៣. បន្លែបៃតង

បន្លែបៃតងមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រាងកាយជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាជាតិកូឡេស្តេរ៉ូលមិនល្អគួរឱ្យកត់សម្គាល់ផងដែរ។

៤. ខ្ទឹមស និងខ្ទឹមបារាំង

យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ខ្ទឹមស និងខ្ទឹមបារាំង មានផ្ទុកសារធាតុដែលមានប្រសិទ្ធិភាពខ្ពស់ជួយបញ្ចុះជាតិស្ករក្នុងឈាម និងទប់ស្កាត់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដូច្នេះហើយទើបការទទួលទានខ្ទឹមស និងខ្ទឹមបារាំងឱ្យបានញឹកញាប់ ឬរួមបញ្ចូលវាក្នុងអាហារជាគំនិតប្រសើរបំផុត៕