ជាតិសរសៃសម្បូរនៅក្នុងបន្លែ គ្រាប់ធញ្ញជាតិ សណ្តែក ផ្លែឈើ និងគ្រាប់ផ្លែឈើ។ ការញុំាអាហារសម្បូរទៅដោយជាតិសរសៃជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ ព្រមទាំងកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើសសម្ពាធឈាមជាដើម។ យ៉ាងណាមិញបើមានអាការៈ ៤ យ៉ាងដូចខាងក្រោម បញ្ជាក់ថាយើងញុំាជាតិសរសៃច្រើនជ្រុលហើយ។
១. ទល់លាមក
ប្រសិនបើយើងញុំាអាហារដែលមានជាតិសរសៃរលាយក្នុងទឹកដូចជា អាហារផ្សំពីស្រូវសាលីអូត សណ្តែក ផ្លែប៉ោម ស្ត្រប៊ើរី ឬប្ល៊ូប៊ើរីច្រើន និងញឹកញាប់ វានឹងធ្វើឱ្យពោះរៀនពិបាកនឹងបញ្ចេញលាមកមកក្រៅ ព្រោះជាតិសរសៃទាំងនេះស្រូបយកជាតិទឹកនៅក្នុងពោះវៀន។ ជាពិសេសនៅពេលរាងកាយយើងខ្វះជាតិទឹក ។
២. រាគ
ផ្ទុយទៅវិញបើយើងញុំាអាហារដែលមានជាតិសរសៃមិនរំលាយក្នុងទឹកដូចជា ស្រូវសាលី បន្លែស្លឹក ផ្កាខាត់ណាបៃតង ប៉េងប៉ោះជាដើមច្រើន ហើយញឹកញាប់ពេក វាអាចបណ្តាលឱ្យលាមករាវ និងរាកវិញ ព្រោះជាតិសរសៃទាំងនោះធ្លងកាត់ពោះវៀនលឿនពេក។
៣. ហើមពោះ
វាច្រើនកើតឡើង ពេលយើងញុំាជាតិសរសៃច្រើន និងញឹកញាប់ពេក ព្រោះជាតិសរសៃភាគច្រើនមិនអាចរំលាយ ឬបំបែកក្នុងខណៈធ្វើដំណើរឆ្លងកាត់ប្រព័ន្ធរំលាយអាហារ។ ជាលទ្ធផលបាក់តេរីដែលនៅក្នុងពោះវៀនស៊ីជាតិសរសៃដែលនៅសេសសល់ ហើយធ្វើឱ្យមានខ្យល់ក្នុងពោះ។
៤. ចុកពោះ
នេះបណ្តាលមកពីការញុំាជាតិសរសៃច្រើនពេកដែលធ្វើឱ្យការរំលាយអាហារយឺត ឬឈប់ដំណើរការ។
ក្នុងករណីយើងមានបញ្ហាសុខភាពដោយសារការញុំាជាតិសរសៃច្រើន យើងត្រូវ៖
• ចៀសវាងការទំពារស្ករកៅស៊ូ ឬភេសជ្ជៈដែលមានជាតិហ្គាស ព្រោះអាហារទាំងនេះធ្វើឱ្យមានខ្យល់ក្នុងពោះ
• ញុំាទឹកឱ្យបានគ្រប់គ្រាន់
• ហាត់ប្រាណ
• ញុំាបន្លែឆ្អិនជាជាងញុំាបន្លែឆៅ ព្រោះបន្លែឆ្អិនងាយរំលាយជាង
• ប្រសិនបើទល់លាមក ត្រូវប្តូរមកញុំាអាហារដែលមានជាតិសរសៃមិនរលាយក្នុងទឹក តែបើរាកត្រូវប្តូរមកញុំាអាហារដែលមានជាតិសរសៃរលាយក្នុងទឹក។
• ញុាំអាហារពីគ្រប់ក្រុមអាហារ និងញុំាអាហារដែលមានទាំងជាតិសរសៃរលាយ និងមិនរលាយក្នុងទឹកដើម្បីឱ្យមានតុល្យភាព។
• កាត់បន្ថយការញុំាំអាហារដែលមានជាតិសរសៃ
តើក្នុង ១ ថ្ងៃរាងកាយយើងត្រូវការជាតិសរសៃប៉ុន្មាន?
សមាគមន៍បេះដូងអាមេរិកណែនាំឱ្យញុំាជាតិសរសៃចន្លោះពី ២៥-៣០ ក្រាម/ថ្ងៃពីអាហារគ្រប់ក្រុម មិនមែនពីអាហារបំប៉នជាតិសរសៃទេ។ ឯបណ្ឌិតសភាអាមេរិកផ្នែកអាហាររូបត្ថម្ភ និងរបបអាហារបានណែនាំឱ្យញុំាជាតិសរសៃ ២៥ ក្រាមសម្រាប់ស្ត្រី និង ៣៨ ក្រាមសម្រាប់បុរស។ ចំណែកមនុស្សចាស់ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅគឺ ២១ ក្រាមសម្រាប់ស្ត្រី និង ២៨ ក្រាមសម្រាប់បុរស។ សម្រាប់ស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូនគឺ ២៨ ក្រាម/ថ្ងៃ ៕