យោងតាមអាជ្ញាធរសុខភាពបានឱ្យដឹងថា សីតុណ្ហភាពធម្មតានៃរាងកាយរបស់មនុស្សពេញវ័យមានសុខភាពល្អ គឺចន្លោះពី ៣៦.១ អង្សាសេ ទៅ ៣៧.២ អង្សាសេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើសីតុណ្ហភាពរាងកាយទាប ឬខ្ពស់ជាងនេះ នោះវាអាចបង្កជាបញ្ហាមិនស្រួលមួយចំនួនមិនខានឡើយ។ ទោះជាយ៉ាងណា អ្នកអាចបន្ថយ ឬបញ្ចុះកម្ដៅរាងកាយបានយ៉ាងឆាប់រហ័សតាមរយៈការទទួលទានអាហារ និងភេសជ្ជៈមួយចំនួន។ ថាតើអាហារ និងភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ និងភេសជ្ជៈទាំងនោះ ៖
១. ជីអង្កាម
នៅពេលសីតុណ្ហភាពរាងកាយឡើងខ្ពស់ ជីអង្កាម ជាជម្រើសនៃអាហារដ៏ប្រសើរបំផុតដើម្បីបញ្ចុះ ឬកាត់បន្ថយកម្ដៅ។ គ្រាន់តែឆុងស្លឹកជីអង្កាមស្រស់ប៉ុន្មានស្លឹកក្នុងទឹកក្ដៅ ១ ពែង រួចថែមទឹកកកពីរបីដុំចូល ហើយទទួលទានជាការស្រេច។
២. ឪឡឹក
ឪឡឹក មានប្រសិទ្ធិភាពខ្ពស់ជួយក្នុងការបញ្ចុះកម្ដៅរាងកាយ ក៏ព្រោះតែវាជាប្រភពដ៏ប្រសើរនៃជាតិទឹក។
៣. ទឹកក្រូចឆ្មារ
ក្រៅពីសម្បូរទៅដោយវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយហើយនោះ ទឹកក្រូចឆ្មារក៏មានឥទ្ធិពលបន្ថយកម្ដៅរាងកាយផងដែរ។
៤. ទឹកដូង
រាងកាយងាយនឹងឡើងកម្ដៅខ្ពស់ជាងធម្មតា ដោយសារកត្តាអាកាសធាតុ និងរលកកម្ដៅព្រះអាទិត្យ។ ទោះជាយ៉ាងណា ដំណឹងល្អនោះ គឺទឹកដូងអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៥. ទឹកដោះគោស្រស់
ភាគច្រើននៃពួកយើងបានដឹងរួចមកហើយថា ទឹកដោះគោមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមជួយរក្សាពង្រឹងសុខភាពឆ្អឹង និងទប់ស្កាត់ជំងឺពុកឆ្អឹង។ ទោះជាយ៉ាងណា ការទទួលទានទឹកដោះគោស្រស់ត្រជាក់ៗមួយកែវ ក៏អាចជួយបញ្ចុះកម្ដៅរាងកាយបានយ៉ាងប្រសើរផងដែរ។
៦. ផ្លែទទឹម
ផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹមនេះអាចធ្វើឱ្យសីតុណ្ហភាពរាងកាយស្ថិតក្នុងកម្រិតធម្មតាវិញបានគួរឱ្យកត់សម្គាល់។ ផ្លែទទឹម និងទឹកទទឹមស្រស់មានប្រសិទ្ធិភាពខ្ពស់ដូចគ្នា។
៧. គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ
ក្រៅពីផ្ដល់ឱ្យរាងកាយនូវប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ហើយនោះ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជក៏ជួយរក្សាកម្រិតប្រក្រតីនៃសីតុណ្ហភាពរាងកាយផងដែរ៕