នៅពេលគ្រូពេទ្យវាស់សម្ពាធឈាម គាត់នឹងវាស់ទៅលើសម្ពាធដែលកើតចេញពីក្នុងសរសៃឈាមអាក់ទែជាមួយនឹងចង្វាក់បេះដូងលោតម្តងៗ។ មានន័យថា លទ្ធផលនៃការវាស់សម្ពាធឈាមនោះនឹងបង្កើតបានជាលេខចំនួនពីរ គឺ Systolic Blood Pressure (លេខខាងលើ) និង Diastolic Blood Pressure (លេខខាងក្រោម)។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលដែលលេខទាំងពីរនេះត្រូវបានគេវាស់ឃើញថាឡើងខ្ពស់ជាងធម្មតា មានន័យថាអ្នកមានបញ្ហាលើសសម្ពាធឈាម ហើយវាក៏អាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដែរ។ ប៉ុន្តែ ចុះបើសម្ពាធឈាមត្រង់លេខខាងលើខ្ពស់ជាងធម្មតាតែឯង ហើយសម្ពាធលេខខាងក្រោមនៅធម្មតាវិញ គេហៅអ្វីទៅ?

ករណីនេះត្រូវបានគេហៅថា Isolated Systolic Hypertension (ISH) ដែលវាមិនទាន់មានពាក្យខ្មែរ ឬការពន្យល់តាមលក្ខណៈខ្មែរយើងច្បាស់លាស់នៅឡើយទេ។ ករណីនេះក៏មិនខុសគ្នានឹងជំងឺលើសសម្ពាធឈាមដែរ គឺអាចនាំឲ្យប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ វាក៏អាចជាសញ្ញាបញ្ជាក់ថា ក្នុងខ្លួនមានជំងឺផ្សេងៗទៀតដូចជា កង្វះគ្រាប់ឈាម និងការលើសអ័រម៉ូនទីរ៉ូអ៊ីតខុសធម្មតា (Hyperthyroidism)។ ISH គឺជាជំងឺលើសសម្ពាធឈាមដែលកើតឡើងញឹកញាប់បំផុតលើមនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ហើយក៏អាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង និងការស្លាប់លើមនុស្សវ័យក្មេងដែរ។ 

មានជំងឺមួយចំនួនដែលអាចនាំឲ្យអ្នកកើតជំងឺ ISH បាន។ ជំងឺទាំងនេះច្រើនតែប៉ះពាល់ទៅលើប្រព័ន្ធរបត់ឈាម ដែលអាចបំផ្លាញដល់សរសៃឈាម ឬនាំឲ្យសរសៃឈាមរឹង។ ជំងឺទាំងនេះអាចមានដូចជា៖

  • កង្វះគ្រាប់ឈាម
  • ជំងឺទឹកនោមផ្អែម
  • ជំងឺលើសអ័រម៉ូនទីរ៉ូអ៊ីតខុសធម្មតា
  • ការគេងបាត់ដង្ហើម

ជាធម្មតា សម្ពាធឈាមត្រូវបានគេវាស់គិតជាមីលីម៉ែត្របារត ឬ Millimeter of Mercury (mm Hg) ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)សម្រាប់ករណី ISH កើតឡើងនៅពេលដែលសម្ពាធឈាមខាងលើ ឬ Systolic Blood Pressure មានចាប់ពី ១៤០mm Hg ឡើងទៅ ហើយសម្ពាធខាងក្រោម ឬ Diastolic Blood Pressure មានចាប់ពី ៩០mm Hg ចុះក្រោម។ 

ISH មិនខុសពីជំងឺលើសសម្ពាធឈាមធម្មតាទេ គឺព្យាបាលដូចគ្នា ក្នុងគោលដៅដើម្បីបញ្ចុះសម្ពាធ Systolic ឲ្យនៅក្រោម ១៤០mm Hg។ រឿងនេះអាចធ្វើឡើងតាមរយៈការប្រើថ្នាំ ផ្លាស់ប្តូររបៀបរស់នៅ ឬទាំងពីរចូលគ្នា។ វាកាន់តែល្អថែមទៀតដែលថា ការព្យាបាលអាចបញ្ចុះសម្ពាធ Systolic ប៉ុន្តែមិនបញ្ចុះសម្ពាធ Diastolic ខ្លាំងពេក ព្រោះកាលណាវាចុះខ្លាំងអាចនាំឲ្យបេះដូងរងការខូចខាតបាន។ 

អ្នកក៏ប្រហែលជាត្រូវផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដើម្បីជាផ្នែកមួយនៃគម្រោងព្យាបាល ISH នេះដូចជា៖

  • សម្រកទម្ងន់៖ រាល់ការសម្រាកទម្ងន់បានមួយគីឡូក្រាមអាចជួយបញ្ចុះសម្ពាធឈាមបានប្រហែល ១mm Hg ដែរ
  • ញ៉ាំអាហារផ្តល់សុខភាពដល់បេះដូង៖ ចូរកំណត់គោលដៅញ៉ាំអាហារដែលមិនមានជាតិប្រៃច្រើន តែគួរមានដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើពីទឹកដោះគោមានខ្លាញ់ទាប
  • ហាត់ប្រាណ៖ ការហាត់ប្រាណមិនត្រឹមតែជួយបញ្ចុះសម្ពាធឈាមទេ តែក៏អាចគ្រប់គ្រងទម្ងន់ និងស្រ្តេបានថែមទៀត។ យកល្អគួរតែហាត់ប្រាណបែបអ៊ែរ៉ូបិកយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ និងច្រើនថ្ងៃក្នុងមួយសប្តាហ៍
  • កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
  • ឈប់ជក់បារី
  • គ្រប់គ្រងស្រ្តេស តាមរយៈការតាំងសមាធិ ហាត់ប្រាណ ឬលំហាត់ប្រាណដែលមានការដកដង្ហើមជ្រៅៗ៕