ផ្លែចេក តែងផ្សារភ្ជាប់ជាមួយនឹងជាតិប៉ូតាស្យូមជានិច្ច ប៉ុន្តែនេះមិនមែនជាសារធាតុចិញ្ចឹមតែមួយដែលវាមានផ្ទុកឡើយ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីនច្រើនប្រភេទទៀត រួមទាំងវីតាមីន A, B និង C ជាមួយជាតិផូស្វ័រ, ម៉ាញ៉េស្យូម និងជាតិសសៃ។ ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរ ដោយវាមានផ្ទុកជាតិកាឡូរីត្រឹមតែ ៩០ កាឡូរី។ ទោះជាយ៉ាងណា តើអ្នកធ្លាប់ឆ្ងល់ទេថា រវាងចេកខ្ចី និងចេកទុំ មួយណាដែលផ្ដល់អត្ថប្រយោជន៍ច្រើនជាង? គួរជ្រើសរើសចេកពណ៌ខៀវ ឬលឿង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍សុខភាពរវាងចេកខ្ចី និងចេកទុំ ៖

– ចេកខ្ចី

អត្ថប្រយោជន៍មួយនៃការទទួលទានចេកមិនទាន់ទុំ ឬចេកខ្ចី គឺវាមានផ្ទុកជាតិម្ស៉ៅធន់នឹងការរំលាយ។ ជំនួសឱ្យការផ្ដល់នូវជាតិស្ករខ្ពស់ ចេកខ្ចីផ្ដល់ឱ្យអ្នកនូវជាតិម្ស៉ៅដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយវាអាចជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម និងបង្កើនភាពធន់អាំងស៊ុយលីន។ ក្រៅពីនេះចេកខ្ចី ក៏ជាប្រភពដ៏ប្រសើរនៃបាក់តេរីប្រូបាយអូទិកដែលជួយរក្សាសុខភាពពោះវៀនធំ។ ចេកខ្ចីក៏ល្អសម្រាប់អ្នកដែលមានបញ្ហាក្នុងការស្រូបយកនូវសារធាតុចិញ្ចឹម ជាពិសេសជាតិកាល់ស្យូម។ ទោះជាយ៉ាងណា កុំទទួលទានចេកខ្ចីច្រើនពេកជៀសវាងបញ្ហាទល់លាមក។

– ចេកទុំ

ចេកទុំ គឺងាយនឹងរំលាយជាងចេកខ្ចី។ ទោះជាវាមានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់ ប៉ុន្តែមិនមែនមានន័យថា អ្នកគួរជៀសវាងទទួលទានផ្លែឈើនេះតែម្ដងឡើយ។ នោះក៏ព្រោះតែជាតិស្ករដែលចេកទុំមានផ្ទុកកាន់តែខ្ពស់ធ្វើឱ្យវាមានសមត្ថភាពរំលាយបានកាន់តែលឿន។ លើសពីនេះទៅទៀត ចេកទុំ ក៏ផលិតសារធាតុ Tumor Necrosis Factor ដែលមានផ្ទុកសារធាតុប្រឆាំងជំងឺមហារីកជួយក្នុងការប្រយុទ្ធប្រឆាំងកោសិកាដែលខូចខាតផងដែរ។

– រវាងចេកខ្ចី និង ចេកទុំ

អ្វីដែលអ្នកប្រហែលជាមិនបានដឹងអំពីចេកទុំ គឺផ្នែកខ្មៅៗ ឬដិតលើសំបកចេកជួយបង្កើនគុណភាពនៃសារធាតុចិញ្ចឹមដែលវាមានផ្ទុក។ ជំនួសឱ្យការជៀសវាងទទួលទានចេកដែលមានសំបកអ៊ុចខ្មៅៗ អ្នកគួរព្យាយាមទទួលទានឱ្យបានច្រើនវិញ។ ផ្លែចេកទុំ មានផ្ទុកសម្បួរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងចេកខ្ចី។ នោះក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មចាប់ផ្ដើមកើនឡើងខ្ពស់ នៅពេលចេកកាន់តែទុំខ្លាំង។ ហើយប្រសិនបើអ្នកងាយនឹងហើមពោះ ឬកើនជាតិហ្គាសក្នុងក្រពះ ចូរជៀសឱ្យផុតពីការទទួលទានចេកខ្ចីដោយសារជាតិម្ស៉ៅនៃចេកខ្ចីអាចបណ្ដាលឱ្យកើតមានបញ្ហានេះ។ ទោះជាយ៉ាងណា ចេកទាំងខ្ចី និងទុំ សុទ្ធតែផ្ដល់អត្ថប្រយោជន៍ប្រសើរចំពោះសុខភាព៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង