កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការរឹងបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ ថ្វីត្បិតតែស្ត្រីមានផ្ទៃពោះត្រូវបានហាមមិនឱ្យទទួលទានអាហារជាច្រើនប្រភេទក៏ដោយ ក៏នៅមានអាហារមួយប្រភេទដែលអ្នកអាចទទួលទានបានដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ និងថែមទាំងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទៀតនោះ គឺសូកូឡា។ ទោះជាយ៉ាងណា ក៏មិនគួរទទួលទានច្រើនពេកដែរ ត្រឹម ៣០ ក្រាមក្នុងមួយថ្ងៃ គឺប្រសើរបំផុត! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលស្ត្រីមានផ្ទៃពោះគួរទទួលទានសូកូឡា ៖

១. ទប់ស្កាត់ជំងឺក្រឡាភ្លើង

សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវប្រមាណ ៧០ ភាគរយ មានផ្ទុកសម្បូរទៅដោយសារធាតុ theobromine ដែលជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺក្រឡាភ្លើង។

២.​ គ្រប់គ្រងសម្ពាធឈាម

សារធាតុ theobromine ដែលមានផ្ទុកនៅក្នុងកាកាវជួយគ្រប់គ្រងឈាម ក៏ដូចជានៃសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះឱ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ។

៣. ការទទួលទានសូកូឡាធ្វើឱ្យទារករីករាយ

យោងតាមការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសហ្វាំងឡង់បានបង្ហាញឱ្យដឹងថា អ្នកម្ដាយដែលទទួលទានសូកូឡាជាប្រចាំនឹងបង្កើតបានទារកដែលរីករាយ ហើយរស់រវើក។ សូម្បីតែស្ត្រីមានផ្ទៃពោះស្ថិតក្នុងភាពស្ត្រេសប៉ុណ្ណាក៏ដោយ ប៉ុន្តែការទទួលទានសូកូឡាក្នុងចំនួនសមល្មមទៀងទាត់ធ្វើឱ្យពួកគេបង្កើតបានទារកដែលរីករាយ។ នោះក៏ព្រោះតែសូកូឡាមានផ្ទុកសារធាតុ phenylethylamine ដែលត្រូវបានបញ្ជូនពីម្ដាយទៅកាន់ទារកក្នុងផ្ទៃ។

៤. សូកូឡាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

សូកូឡាជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលហៅថា flavonoids ដែលជួយរក្សាប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ ក៏ដូចជាបង្កើមសុខភាពប្រព័ន្ធសសៃឈាមបេះដូងនៃស្ត្រីមានផ្ទៃពោះផងដែរ។

៥. សូកូឡាមានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែចាំបាច់

សូកូឡាជាប្រភពនៃសារធាតុរ៉ែចាំបាច់ជាច្រើន រួមទាំង ម៉ាញ៉េស្យូម, ជាតិដែក និងសារធាតុចិញ្ចឹមល្អៗផ្សេងទៀតដែលជួយរក្សាសុខភាពរាងកាយ និងសម្រួលដល់ការដុតរំលាយអាហារទប់ស្កាត់អាការៈទល់លាមកកំឡុងពេលមានផ្ទៃពោះ។

៦. កាត់បន្ថយបំបាត់ស្ត្រេស

ការទទួលទានសូកូឡាក្នុងកំឡុងពេលមានផ្ទៃពោះជួយសម្រួលដល់អារម្មណ៍របស់ស្ត្រីឱ្យមានភាពប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានផ្ទៃពោះគួរចាំក្នុងចិត្តថាគួរទទួលទានក្នុងកម្រិតសមល្មមបានហើយ។ ក៏ព្រោះថាអ្វីក៏ដោយនៅពេលទទួលទានច្រើនលើសពេក គឺមិនល្អសម្រាប់សុខភាពឡើយ!