តើអ្នកធ្លាប់ដឹងទេថាមានសកម្មភាពមួយចំនួនមិនគួរធ្វើឡើងនៅពេលទទួលទានទឹកតែ ក៏ព្រោះវាអាចនឹងបង្កបញ្ហាចំពោះសុខភាពបាន? ភាគច្រើននៃពួកយើងប្រាកដជាមិនប្រហែលជាមិនធ្លាប់ដឹងឡើយ! ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញឲ្យដឹងអ្វីដែលអ្នកមិនគួរធ្វើនៅពេលទទួលទានទឹកតែ ៖
១. ទទួលទានភ្លាមៗក្រោយអាហារ
ការទទួលទានទឹកតែភ្លាមៗក្រោយអាហារអាចជះឥទ្ធិពលដល់ការរំលាយអាហារបានត្រឹមត្រូវ ហើយបញ្ហានេះនឹងធ្វើអោយរាងកាយមិនអាចទទួលបាននូវសារធាតុពេញលេញពីអាហារ។ អ្នកជំនាញជាច្រើននិយាថា អ្នកគួររងចាំយ៉ាងហោចណាស់ ១ ម៉ោងបន្ទាប់ពីទទួលទានអាហារសិន សឹមទទួលទានទឹកតែ។
២. ទទួលទានមុនពេលអាហារ
ក៏មិនខុសពីចំណុចខាងលើដែរ ដោយទឹកតែអាចបង្កភាពពិបាកក្នុងការរំលាយអាហារ ហើយរាងកាយនឹងមិនទទួលបានសារធាតុចិញ្ចឹមពេញលេញពីអាហារដែលអ្នកបានទទួលទានចូល។
៣. លេបថ្នាំជាមួយទឹកតែ
វាមិនត្រឹមតែអាហារប៉ុណ្ណោះទេដែលទឹកតែរារាំងរាងកាយមិនអោយស្រូបយកសារធាតុចិញ្ចឹមបានពេញលេញនោះ ប៉ុន្តែក៏ចំពោះធាតុផ្សំសំខាន់ៗក្នុងថ្នាំដូចគ្នា។
៤. ទទួលទានទឹកតែក្ដៅខ្លាំង
ក្រៅពីអាចបង្កការរលាកដល់អណ្ដាត និងបំពង់កហើយនោះ ការទទួលទានទឹកតែក្ដៅខ្លាំងពេកក៏បង្កើនហានិភ័យនៃជំងឺមហារីកមាត់ធ្មេញ, ជំងឺមហារីកបំពង់ក, ជំងឺមហារីកបំពង់អាហារ និងជំងឺមហារីកក្រពះផងដែរ។
៥. ទទួលទានទឹកតែចាស់ខ្លាំង
វាជាការពិតដែលជាតិកាហ្វេអ៊ីនក្នុងទឹកតែមានបរិមាណតិចជាងក្នុងកាហ្វេ ប៉ុន្តែប្រសិនបើអ្នកឆុងតែចាស់នោះបរិមាណជាតិកាហ្វេអ៊ីននឹងកើនឡើងតាមនោះជាក់ជាមិនខាន ហើយអាចធ្វើអោយអ្នកពិបាកគេងលក់នៅពេលយប់៕