ជាធម្មតានរណាៗក៏ចង់បានស្បែកមុខសរលោងស្រស់ស្អាតគ្មានមុនដែរ! ប៉ុន្តែការស្រមៃនេះតែងត្រូវបានរំខាន ដោយសារមុនក្បាលខ្មៅ ហើយមុនប្រភេទនេះពិបាកនឹងកម្ចាត់ចេញ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណា ឈប់បារម្ភខ្លាំងថានឹងត្រូវចំណាយប្រាក់ និងពេលវេលាយូរដើម្បីដោះស្រាយបញ្ហានេះទៀតទៅ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីសាស្ត្រងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់កម្ចាត់មុនក្បាលខ្មៅ ហើយធ្វើឱ្យអ្នកទទួលបានស្បែកភ្លឺរលោងស្រស់ស្អាតដូចបំណង។ ត្រូវចាំជានិច្ចថា មុនពេលអនុវត្តតាមរូបមន្តបែបធម្មជាតិខាងក្រោម អ្នកត្រូវលាងសម្អាតមុខ និងដៃជាមួយទឹកក្ដៅឧណ្ហៗសិន ដើម្បីកម្ចាត់បាក់តេរី ក៏ដូចជាបើករន្ធញើស ៖

១. ផ្នែកពណ៌សនៃស៊ុត

មានរបៀប ២ យ៉ាងក្នុងការប្រើប្រាស់ផ្នែកពណ៌សនៃស៊ុតដើម្បីកម្ចាត់មុនក្បាលខ្មៅ ហើយអ្នកអាចជ្រើសរើសអនុវត្តតាមវិធីមួយណាក៏បាន។

– របៀបទី ១ ៖ លាយផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ ជាមួយទឹកក្រូចឆ្មារ កន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ចំនួន ១ ស្លាបព្រាកាហ្វេ។ កូរលាយចូលគ្នាឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ដោយសារមុនក្បាលខ្មៅ។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាមុនសិន សឹមលាងជាមួយទឹកត្រជាក់តាមក្រោយ។

– របៀបទី ២ ៖ លាបផ្នែកពណ៌សនៃស៊ុតឱ្យពេញស្បែកមុខ ឬតំបន់ស្បែកមានមុនក្បាលខ្មៅ បន្ទាប់ប្រើប្រាស់ក្រដាសជូតមាត់ដាក់ពីលើ។ ទុករហូតដល់ស្ងួត សឹមលាបផ្នែកពណ៌សនៃស៊ុតម្ដងទៀតពីលើក្រដាសជូតមាត់។ ទុកចោលរហូតដល់ស្ងួត ហើយស្បែកមុខប្រែជាតឹង សឹមបកក្រដាសជូតមាត់ចេញពីផ្ទៃមុខថ្នមៗជាការស្រេច។

២. ទឹកឃ្មុំ និងម្ស៉ៅឈើអែម

លាយទឹកឃ្មុំ និងម្ស៉ៅឈើអែមក្នុងបរិមាណស្មើគ្នា កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើមុនក្បាលខ្មៅ រួចប្រើប្រាស់ក្រដាសជូតមាត់សង្កត់ពីលើ។ ទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមបកចេញថ្នមៗ រួចលាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ហៗសិន រួចប្រើប្រាស់ទឹកត្រជាក់លាងចេញម្ដងទៀត។

៣. ម្ស៉ៅធញ្ញជាតិ

លាយម្ស៉ៅធញ្ញជាតិចំនួន ២ ស្លាបព្រាកាហ្វេ ជាមួយយ៉ាអួរ ៣ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលកើតមុនក្បាលខ្មៅ ហើយទុកចោលសម្រាប់រយៈពេល ១៥ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង