មិន​ថា ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​, អ្នក​តែង​វាស់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ប្រចាំ ឬ​គ្រាន់តែ​បារម្ភ​អំពី​ការ​រក្សា​បាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រឹមត្រូវ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​! ការ​រក្សា​បាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រឹមត្រូវ គឺជា​ចំណុច​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​ទម្ងន់​, អារម្មណ៍ និង​សូ​ម្បី​តែ​សុខភាព​បេះដូង​ល្អ​ប្រសើរ​។ ជួនកាល​អាហារ​ធម្មតា​ដែល​អ្នក​មិន​ធ្លាប់​គិត​សោះ​ថា​អាច​បង្ក​ផល​ប៉ះពាល់​អ្វី​នោះ បែរជា​អាច​ផ្ដល់​ផលវិបាក​ចំពោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរ​ឲ្យ​ព្រួយបារម្ភ​។

ដូច្នេះ​ហើយ​ដើម្បី​ជៀស​ផុត​ពី​បញ្ហា អ្នក​គួរ​ដឹង​អំពី​ប្រភេទ​នៃ​អាហារ​ឲ្យ​ច្បាស់​សិន​មុន​នឹង​ទទួលទាន​។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ៖

១. ជាតិ​ផ្អែម​សិប្បនិមិត្ត
ការ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិមិត្ត​ដូច​ជា ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ និង​ជាតិ​ផ្អែម​សិប្បនិមិត្ត​ផ្សេង​ទៀត​ដែល​យក​មក​បន្ថែម​ក្នុង​តែ ឬ​កាហ្វេ​ជំនួស​ស្ករ​ធម្មតា អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បញ្ហា​នៃ​ការ​ចាញ់​គ្លុយកូស​គួរ​ឲ្យ​ព្រួយបារម្ភ​។ លើស​ពី​នេះ​ទៅ​ទៀត ភេសជ្ជៈ ឬ​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិមិត្ត ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ផង​ដែរ​។ អ្នកជំនាញ​ជា​ច្រើន​បាន​ណែនាំ​ថា ការ​ទទួលទាន​ក្នុង​បរិមាណ​សម​ល្មម គឺ​ប្រសើរ ប៉ុន្តែ​ក៏​មិន​គួរ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ផ្សេង​ៗ​ជា​ប្រចាំ​ដែរ​។
២. អាហារ​សម្បូរ​ជាតិ​ខ្លាញ់
ថ្វី​ត្បិត​តែ​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ មិន​បង្ក​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដោយ​ផ្ទាល់ ប៉ុន្តែ​វា​រួមចំណែក​បណ្ដាល​ឲ្យ​រាង​កាយ​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​។ នេះ​ក៏​ព្រោះតែ​វា​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ​ដែល​អាច​ប៉ះពាល់​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា វា​មិនមែន​មាន​ន័យ​ថា​អ្នកជំងឺ​ទឹកនោមផ្អែម​មិន​អាច​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​បាន​តែ​ម្ដងនោះ​ទេ គឺ​អាច​ញ៊ាំ​បាន​ក្នុង​បរិមាណ ឬ​កម្រិត​សម​ល្មម​។
៣. អាហារ​កញ្ចប់
អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ឬ​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ គួរ​ជៀស​ឲ្យ​ផុត​ពី​ការ​ទទួលទាន​អាហារ​កញ្ចប់​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ហើយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ទទួលទាន​អាហារ​កញ្ចប់​ច្រើន​ក៏​បង្ក​ការ​រលាក​ផ្សេង​ៗ​ក្នុង​រាង​កាយ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​។
៤. បា​យស
ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ចូរ​ដក​បា​យស​ចេញពី​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ JAMA Internal Medicine អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ពីសា​លា​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ហា​វ៉ា​ដ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា អ្នក​ដែល​ទទួលទាន​បា​យស ៥ ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួ​យស​ប្តា​ហ៍ បាន​កើនឡើង​នូវ​ហានិភ័យ​នៃ​ការ​វិវត្តន៍​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គួរ​ឲ្យ​ព្រួយបារម្ភ​។ ប៉ុន្តែ​ចំពោះ​អ្នក​ទទួលទាន​បាយ​អង្ករសម្រូប​វិញ គឺ​បែរជា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន​ដល់​ទៅ ១៦ ភាគរយ​។ មូលហេតុ​នោះ គឺ​បាយ​សមាន​ផ្ទុក​ជាតិ​ស​សៃ​តិច​ណាស់ បើ​ប្រៀប​ទៅ​នឹង​អង្ករសម្រូប​។ ហើយ​ជាតិ​ស​សៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​ស្ថេ​រ​ភាព​។

៥. ទឹកដោះគោឆៅ (Whole Milk)
តើ​អ្នក​ធ្លាប់​ដឹង​ឬ​អត់ថា​ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោឆៅ ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត (saturated fats) ដែរ? ការ​ទទួលទាន​ជាតិ​ខ្លាញ់​ឆ្អែត ឬ​ជាតិ​ខ្លាញ់​មិន​ល្អជា​កត្តា​ចម្បង​បំផុត​មួយ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​គម្រាមកំហែង​អាយុជីវិត​គួរ​ឲ្យ​ព្រួយបារម្ភ​។ លើស​ពី​នេះ​ទៅ​ទៀត អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់ គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​ធាត់​ជ្រុល ក៏​ដូច​ជា​បណ្ដាល​ឲ្យ​រាង​កាយ​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​បង្ក​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ឬ​អាហារ​ដែល​ផ្សំ​ឡើង​ពី​ទឹកដោះគោ ១​ភាគរយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង