ជំងឺ​ទឹកនោមផ្អែម​កំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ខុស​ពី​ប្រភេទ​ផ្សេង​ទៀត​នៃ​ជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​វា​កើតឡើង​តែ​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​។ ជា​ធម្មតា​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ ហើយ​ងាយ​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​។ កំឡុង​ពេល​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​នេះ អ័រម៉ូន​ដែល​ជា​ធម្មតា​ផលិត​ឡើង​ដើម្បី​ជួយ​ដល់​ការ​លូតលាស់​របស់​ទារក​ចាប់ផ្ដើម​ជះ​ឥទ្ធិពល​លើ​ការ​ផលិត​អាំង​ស៊ុ​យ​លី​ន​។

សរីរាង្គ​របស់​ស្ត្រី​មួយ​ចំនួន​អាច​នៅ​តែ​ផលិត​អាំង​ស៊ុ​យ​លី​ន​លើស​បន្តិច​ដើម្បី​រក្សា​កម្រិត​គ្លុយកូស ឬ​ជាតិ​ស្ករ ប៉ុន្តែ​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​កំឡុង​ពេល​មាន​ផ្ទៃពោះ​មិន​អាច​ឡើយ​។ ថា​តើ​មាន​វិធី​អ្វី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​កំឡុង​ពេល​មាន​ផ្ទៃពោះ​ឬ​អត់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​សាកល្បង ៖

. ជ្រើសរើស​ទទួលទាន​ផ្លែ​ឈើ​ឱ្យ​បាន​ត្រឹមត្រូវ
ផ្លែ​ឈើ​ជា​អាហារ​សម្រន់​ដ៏​ល្អ​បំផុត​ចំពោះ​សុខភាព​ផ្ទុយ​ពី​នំ​ស្រួយ​និង​សូកូឡា​ដែល​អ្នក​ទទួលទាន​ចន្លោះ​ពេល​អាហារ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា​ផ្លែ​ឈើ​មួយ​ចំនួន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដែល​អាច​បណ្ដាល​ឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ផ្លែ​ឈើ​ណា​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​។

២. ទទួលទាន​ប្រូតេអ៊ីន​ឱ្យ​បាន​ច្រើន
ដើម្បី​រក្សា​តុល្យភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ការ​ទទួលទាន​ប្រូតេអ៊ីន​បាន​គ្រប់គ្រាន់ គឺ​សំខាន់​ណាស់​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​មាន​ជំងឺ​ទឹកនោមផ្អែម​កំឡុង​ពេល​មាន​ផ្ទៃពោះ ចូរ​ព្យាយាម​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ និង​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។
៣. ទទួលទាន​ខ្លាញ់​ក្នុង​កម្រិត​មធ្យម
ការ​ទទួលទាន​ខ្លាញ់​សុខភាព​ល្អ​ក្នុង​កម្រិត​មធ្យម គឺ​ពិតជា​ល្អ​សម្រាប់​អ្នក​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ នោះ​ក៏​ព្រោះតែ​ខ្លាញ់​ល្អ​នឹង​មិន​បណ្ដាល​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឡើយ​។
៤. ចៀសវាង​ទទួលទាន​អាហារ​មាន​ជាតិ​ម្ស៉ៅ
អាហារ​មាន​ជាតិ​ម្ស៉ៅ​ច្រើន​តែ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នេះ​មាន​ន័យ​ថា​អ្នក​គួរ​ចៀសវាង​ទទួលទាន​អាហារ​មាន​ជាតិ​ម្ស៉ៅ​ដូច​ជា​នំ​បុ័ង និង​បា​យស​ជាដើម​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ អ្នក​អាច​ទទួលទាន​បាយ​អង្ករសម្រូប​ជំនួស​បា​យស​។
៥. បង្កើន​ការ​ទទួលទាន​បន្លែ
ការ​ទទួលទាន​បន្លែ​បាន​ច្រើន គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល ក៏​ដូច​ជា​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ​។
៦. រួម​បញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ
អ្នក​ក៏​អាច​ទទួលទាន​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​សម្រន់​ជំនួស​ផ្លែ​ឈើ​។ គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ល្អ​ខ្ពស់ ប៉ុន្តែ​ជាតិ​ស្ករ ឬ​កាបូ​អ៊ី​ដ្រា​ត​ទាប​។ ទោះជា​យ៉ាងណា​មិន​ត្រូវ​ទទួលទាន​ច្រើន​ពេក​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង