ភាគច្រើន​នៃ​ពួក​យើង​ដោះស្រាយ​បញ្ហា​សក់​ឡើង​ប្រេង​ខ្លាំង​ដោយ​ការ​ប្រើប្រាស់​សាប៊ូ​ពិសេស​ណាមួយ​, ចង​សក់​ឡើង ឬ​ព្យាយាម​កក់សក់​ញឹកញាប់​។ ប៉ុន្តែ​ក៏​មាន​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​ទៀត​ដែល​អាច​ជួយ​អ្នក​ទប់ទល់​នឹង​បញ្ហា​សក់​ឡើង​ប្រេង និង​អង្កែ​ដោយ​មិន​ចាំបាច់​ចំណាយ​កម្លាំង​អស់​ច្រើន​។ ឧទាហរណ៍​ការ​ជ្រើសរើស​ប្រភេទ​នៃ​អាហារ​ត្រឹមត្រូវ​ដើម្បី​ទទួលទាន​អាហារ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ផលិត​ជាតិ​ប្រេង​បាន​ផង​ដែរ ខណៈ​ដែល​ការ​ជៀសវាង​អាហារ​មួយ​ចំនួន​ទៀត​ជួយ​ទប់ស្កាត់​បញ្ហា​មិន​ឱ្យ​កើតឡើង​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ?ថ្ងៃនេះ​យើង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​កាត់​បន្ថយ ឬ​ជៀសវាង​ទទួលទាន​ច្រើន ដើម្បី​ទប់ស្កាត់​បញ្ហា​សក់​ឡើង​ប្រេង និង​អង្គែ ៖

១. ស្ករស
អ័រម៉ូន គឺជា​អ្នក​បញ្ជូន​សារ​របស់​រាង​កាយ​ដែល​ជួយ​ក្នុង​ការ​គ្រប់គ្រង​សឹង​គ្រប់​ដំណើរការ​កើតឡើង​ក្នុង​រាង​កាយ​។ ដូច្នេះ​ហើយ​ទើប​វា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​បាន​នូវ​តុល្យភាព​នៃ​អ័រម៉ូន​។ ស្ករស មិនមែន​ជា​ផលិតផល​មួយ​ដែល​ជួយ​អ្វី​បាន​ក្នុង​ដំណើរការ​នេះ​ឡើយ ក្រៅពី​បង្ក​បញ្ហា​អ​តុល្យភាព​អ័រម៉ូន​ទៅ​វិញ​។ ជំនួស​ឱ្យ​ការ​ជួយ​ដោះស្រាយ​បញ្ហា ស្ករ​បែរជា​បង្ក​ឱ្យ​កើត​មានដំណើរ​ការ​នៃ​ការ​រលាក​ក្នុង​រាង​កាយ និង​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​ថែម​ទាំង​ក្រពេញ​ឱ្យ​ផលិត​ប្រេង​កាន់តែ​ច្រើន​ឡើង​ទៀត​ផង​។
២. ជាតិ​កាបូ​អ៊ី​ដ្រា​ត​ចម្រាញ់
កាបូ​អ៊ី​ដ្រា​ត​ចម្រាញ់​ជា​ប្រភេទ​នៃ​កាបូ​អ៊ី​ដ្រា​ត​មិនល្អ​ចំពោះ​សុខភាព​។ ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ចម្រាញ់ គឺ​នំ​បុ័ង​ដែល​ផ្សំ​ឡើង​ពី​ម្ស៉ៅ​នំ​បុ័ង​ពណ៌​ស​មិនមែន​ម្ស៉ៅ​ស្រូវ​សាឡី​។ ការ​ទទួលទាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​មិនល្អ​ច្រើន​អាច​បណ្ដាល​ឱ្យ​ក្រពេញ​ប្រេង ឬ​ខ្លាញ់​ផលិត​ហួស​តម្រូវការ​ដែល​ជា​លទ្ធផល​នៃ​ស្បែក​ក្បាល និង​សក់​ឡើង​ប្រេង ក៏​ដូច​ជា​អង្គែ​ខ្លាំង​។
៣. អាហារ​ចៀន ឬ​បំពង
មិន​ថា​អាហារ​បំពង ឬ​ចៀន​ប្រភេទ​ណា​ក៏​ដោយ ជា​ពិសេស​មាន​ជាប់​ជាតិ​ខ្លាញ់​ខ្លាំង និង​អាហារ fast food ការ​ទទួលទាន​ច្រើន​ពេក​បង្ក​បញ្ហា​ជា​ច្រើន​ចំពោះ​សុខភាព ក៏​ដូច​ជា​ការ​ផលិត​ជាតិ​ប្រេង​នៃ​ក្រពេញ​ប្រេង ឬ​ខ្លាញ់​ក្នុង​រាង​កាយ​ផង​ដែរ​។ ជាតិ​ប្រេង ឬ​ខ្លាញ់​ដែល​វា​ផលិត​គ្រប់​ដណ្ដប់​លើ​ស្បែក​របស់​យើង រួម​បញ្ចូល​ទាំង​ស្បែក​ក្បាល​។ ដូច្នេះ​ជៀសវាង​ទទួលទាន​អាហារ fast food ដូច​ជា បឺ​ហ្គឺ​រ នៅ​ពេល​ល្ងាច​ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​សក់​រញ៉េរញ៉ៃ​ស្អិត​ពេញ​មួយ​យប់​។ ដូច្នេះ​ដើម្បី​រក្សា​សុខភាព​សក់​ល្អ​ប្រសើរ​, ដោះស្រាយ​បញ្ហា​សក់​ឡើង​ប្រេង និង​អង្គែ ក៏​ដូច​ជា​ទប់ស្កាត់​បញ្ហា​កុំឱ្យ​កើតឡើង កុំ​ទទួលទាន​អាហារ​ប្រភេទ​នេះ​ច្រើន​ពេក ដោយ​ជំនួស​មក​វិញ​នូវ​អាហារ​សុខភាព​ល្អ​។
៤. ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ
ការ​ទទួលទាន​ផលិតផល​គ្រប់​ប្រភេទ​ដែល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​ទាក់ទង​នឹង​ការ​ផលិត​ជាតិ​ប្រេង ឬ​ខ្លាញ់​លើស​បន្ថែម​។ នោះ​ក៏​ព្រោះតែ​ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូច​ជា ទឹកដោះគោ​ស្រស់​, បឺ​រ និង​ឈី​ស ត្រូវ​បាន​រំលាយ​បំបែក​ដោយ​រាង​កាយ​ទៅ​ជា​ជាតិ​ប្រេង និង​ខ្លាញ់ ការ​ទទួលទាន​ច្រើន​ពេក​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ឡើង​ស្អិត​ៗ ហើយ​កើត​មុន​លើ​ផ្ទៃមុខ​ថែម​ទៀត​។ អាហារ​ប្រភេទ​នេះ​ក៏​មាន​ផ្ទុក​សារធាតុ​ដែល​បង្កើន​បរិមាណ​នៃ​អ័រម៉ូន testosterone ដែល​ប៉ះពាល់​ដល់​ការ​ផលិត​ជាតិ​ខ្លាញ់​បន្ថែម​។ ដូច្នេះ​ហើយ​ទើប​ទឹកដោះគោ​ផ្ទុក​ជាតិ​ខ្លាញ់​ពេញ​ក្ដៅ​ៗ​មួយ​កែវ​នៅ​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង តម្រូវ​ឱ្យ​អ្នក​ត្រូវ​កក់សក់​នៅ​ព្រឹក​បន្ទាប់​។
៥. អំបិល
ការ​ទទួលទាន​អំបិល​ច្រើន​ពេក​មិន​ត្រឹម​បង្ក​ការ​ហើម​, ស្នាម​ថ្នក់​ក្រោម​ភ្នែក​, អង្គែ​ស្បែក​ក្បាល និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ក្រពេញ​ខ្លាញ់ ឬ​ប្រេង​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​រាង​កាយ​ត្រូវ​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់ ឬ​ប្រេង​កាន់តែ​ច្រើន​ដើម្បី​ទប់ទល់​ការ​ខ្សោះ​ជាតិ​ទឹក​បណ្ដាល​ឱ្យ​សក់​ប្រែជា​ស្អិត និង​ឡើង​ប្រេង ជា​ពិសេស​អ្នក​ដែល​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង