របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមទាំងក្រពេញប្រូស្តាត។ ថាតើនៅពេលមានបញ្ហារីកក្រពេញប្រូស្តាតអ្នកគួរចៀសវាងអាហារបែបណាខ្លះ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. សាច់ក្រហម
ការទទួលទានសាច់ក្រហមអាចបណ្ដាលឱ្យក្រពេញប្រូស្តាតកើនទំហំ ហើយនេះជាមូលហេតុដែលអ្នកមានបញ្ហារីកក្រពេញប្រូស្តាតគួរកាត់បន្ថយ ឬកម្រិតការទទួលទានសាច់ក្រហម។
២. អាហារសម្បូរខ្លាញ់ឆ្អែត
ខ្លាញ់ឆ្អែតជាប្រភេទខ្លាញ់ដែលមិនល្អសោះឡើយចំពោះសុខភាពរាងកាយ ព្រមទាំងក្រពេញប្រូស្តាត។ ដូច្នេះដើម្បីរក្សាសុខភាពក្រពេញប្រូស្តាត ចូរព្យាយាមទទួលទានអាហារសម្បូរខ្លាញ់សុខភាពល្អដូចជាត្រីសម្បូរខ្លាញ់ជំនួសភីហ្សា មាន់បំពង និងបឺហ្គឺដែលអាហារប្រភេទនេះមានផ្ទុកសម្បូរដោយខ្លាញ់ឆ្អែត។
៣. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ចំពោះអ្នកមានបញ្ហារីកក្រពេញប្រូស្តាតគួរកម្រិតការទទួលទានផលិតផលអាហារផ្សំឡើងពីទឹកដោះគោទើបប្រសើរ។ ទោះបីផលិតផលអាហារផ្សំឡើងពីទឹកដោះគោជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម ប៉ុន្តែអ្នកក៏នៅតែអាចពង្រឹងសុខភាពឆ្អឹងដោយរួមបញ្ចូលអាហារផ្សេងទៀតដែលមានផ្ទុកកាល់ស្យូមដូចជាគ្រាប់ធញ្ញជាតិ គ្រាប់ពូជ សណ្ដែក និងត្រីសាលម៉ុន ឬត្រីសាលឌីនកំប៉ុងក្នុងរបបអាហារប្រចាំថ្ងៃ។
៤. អាហារហឹរ
នេះក៏ព្រោះតែអាហារហឹរអាចបង្កការរលាកដល់ផ្លោកនោម។ ដូច្នេះប្រសិនបើអ្នកកំពុងមានបញ្ហាពាក់ព័ន្ធនឹងការរីកនៃក្រពេញប្រូស្តាតចូរកម្រិត ឬប្រយ័ត្នក្នុងការទទួលទានអាហារហឹរ។ ចំពោះអាហារជូរ ឬមានផ្ទុកជាតិអាស៊ីតអាចបង្កបញ្ហាដល់ក្រពេញប្រូស្តាតបុរសដោយបណ្ដាលឱ្យនោមញឹក ឬពិបាកនោម។
៥. គ្រឿងស្រវឹង និងកាហ្វេ
ក៏មិនខុសពីអាហារហឹរនិងអាហារមានផ្ទុកជាតិអាស៊ីត គ្រឿងស្រវឹងអាចបង្កការរលាកដល់ក្រពេញប្រូស្តាត។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមមិនលើសពី ២ កែវក្នុងមួយថ្ងៃ។ ចំពោះកាហ្វេក៏ដូចជាគ្នាដោយវាមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចបណ្ដាលឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ៕