ក្រៅពីកាហ្វេក៏នៅមានអាហារមួយចំនួនទៀត ដែលជួយឱ្យអ្នកស្វាងងងុយគេងបានយ៉ាងប្រសើរផងដែរ ។ តើអាហារទាំងនោះមានអ្វីខ្លះទៅ ? ខាងក្រោមវេបសាយសុខភាព យើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ពេលមានអារម្មណ៍ងងុយគេង ៖

១. យ៉ាអួរ
ការទទួលទានយ៉ាអួរអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាងឆាប់រហ័ស! នេះក៏ព្រោះតែអាហារសម្រន់នេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលជាអ្វីមួយពិបាកនឹងរំលាយ។ ជាលទ្ធផលរាងកាយនឹងបង្កើនដំណើរការនៃការដុតរំលាយអាហារ ហើយនាំឱ្យមានការបង្កើតថាមពល។ ចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធជំនួសយ៉ាអួរលាយគ្រឿងផ្សំផ្សេងៗពិសេសជាតិស្ករក៏ព្រោះវាអាចនឹងបណ្ដាលឱ្យអ្នកឆាប់អស់កម្លាំងទៅវិញ។
២. ស៊ុត
ក៏ដូចនឹងយ៉ាអួរដែរ ស៊ុតជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន។ ពិសេសនៅពេលទទួលទានគួបផ្សំជាមួយផលិតផលធ្វើឡើងពីស្រូវសាលីសុទ្ធផ្សេងទៀតដែលផ្ដល់ឱ្យរាងកាយនូវកាបូអ៊ីដ្រាតល្អ ហើយអ្នកនឹងចៀសផុតពីអារម្មណ៍អស់កម្លាំងងងុយគេង។
៣. គ្រាប់ធញ្ញជាតិ
អាហារនេះជួយគ្រប់គ្រាប់កម្រិតជាតិស្ករក្នុងឈាមធ្វើឱ្យអ្នករក្សាបាននូវស្ថេរភាពនៃថាមពលពេញមួយថ្ងៃ។ ទោះជាយ៉ាងណាកុំទទួលទានច្រើងជាងមួយក្ដាប់ដៃពេញ។
៤. ផ្លែប៉ោម
ពេលខ្លះអ្វីដែលអ្នកត្រូវការដើម្បីមានអារម្មណ៍ស្វាង គឺជាតិស្ករធម្មជាតិ។ ដូច្នេះហើយទើបការទទួលទានផ្លែប៉ោមមួយផ្លែ គឺជាវិធីដ៏ប្រសើរបំផុតដើម្បីបំពេញជាតិស្ករធម្មជាតិក្នុងរាងកាយជួយឱ្យមានអារម្មណ៍ស្វាង។
៥. សាច់មាន់
ការងងុយគេងទាំងថ្ងៃក៏អាចបណ្ដាលមកពីភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ផងដែរ។ ហើយការទទួលទានសាច់ទ្រូងមាន់ជាជម្រើសដ៏ល្អបំផុតដើម្បីទប់ទល់បញ្ហានេះ! នេះក៏ព្រោះតែសាច់មាន់មានផ្ទុកអាស៊ីតអាមីណូមួយហៅថា tryptophan ដែលជួយកាត់បន្ថយស្ត្រេសនិងធ្វើឱ្យមានអារម្មណ៍ប្រសើរឡើង។
៦. បន្លែបៃតង
ប្រសិនបើអ្នកមានអារម្មណ៍ងងុយគេងខុសពេល ឬមិនស្វាងសោះចូរសាកល្បងទទួលទានបន្លែបៃតង! ក៏ព្រោះវាមានផ្ទុកវីតាមីន B ខ្ពស់ដែលជាសារធាតុចិញ្ចឹមផ្ដល់ឱ្យអ្នកនូវអារម្មណ៍ស្វាងនិងស្វាហាប់ដោយវាបំលែងអាហារទៅជាថាមពល៕