មនុស្ស​សឹងតែ​រាប់​លាន​នាក់​ទៅ​ហើយ​ក្នុង​ពិភពលោក ដែល​ចូល​ចិត្ត​ទទួលទាន​កាហ្វេ​ជាង​ភេសជ្ជៈ​ដទៃ​ទៀត ។ ទោះជា​យ៉ាងណា តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ក្រៅពី​គ្រាន់តែ​ទទួលទាន​ធម្មតា​ហើយ​នោះ កាហ្វេ​អាច​យក​ទៅ​ប្រើប្រាស់​ផ្ដល់​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អ្វី​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​ធ្វើ​បានជា​មួយ​កាហ្វេ​ក្រៅពី​គ្រាន់តែ​ទទួលទាន ៖

១. ម៉ាស​សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​មុខខ្លាញ់
ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ក្លិន​ឈ្ងុយ​ហើយ​នោះ កាហ្វេ​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​ស្បែក​។ កាក​កាហ្វេ​អាច​កម្ចាត់​កោសិកា​ស្បែក​ងាប់​ៗ និង​ទប់ស្កាត់​ស្នាម​ជ្រួញ​លើ​ស្បែក​តាម​រយៈ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​វា​មាន​ផ្ទុក​។ អ្នក​អាច​ប្រើប្រាស់​កាក​កាហ្វេ​លើ​មុខតែ​ម្ដង ឬ​ប្រើប្រាស់​វា​ជា​ម៉ាស​ដោយ​បន្ថែម​ម្ស៉ៅ baking soda ១ ស្លាបព្រា​កាហ្វេ​ចូល​។ បន្ទាប់​មក​លាយ​ឱ្យ​សព្វ សឹម​លាប​លើ​ផ្ទៃមុខ និង​ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ចុង​ក្រោយ​លាប​គ្រី​ម​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​ការ​ស្រេច​។ រូបមន្ត​នេះ​ផ្ដល់​អត្ថប្រយោជន៍​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ស្បែក​មុខខ្លាញ់​។

២. កម្ចាត់​ខ្លាញ់​កក​ក្រោម​ស្បែក
កាហ្វេ​មាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន​ជួយ​កម្ចាត់​ខ្លាញ់​កក​ក្រោម​ស្បែក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​កាក​កាហ្វេ​ដែល​ឆុង​រួច​ជាមួយ​ប្រេងដូង​ចំនួន​សម​ល្មម​។ បន្ទាប់​មក​លាប​ល្បាយ​លើ​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ក្នុង​ចលនា​ម៉ាស្សា​បែប​រង្វង់​យឺត​ៗ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។

៣. ខាត់​ស្បែក​កម្ចាត់​កោសិកា​ងាប់​ៗ
កាហ្វេ គឺជា​ផលិតផល​ខាត់​ស្បែក​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​មួយ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ៗ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​កាក​កាហ្វេ​មួយ​ចំនួន​ជាមួយ​ប្រេង​អូ​លីវ​។ បន្ទាប់​មក​កូរ​ឱ្យ​សព្វ សឹម​លាប​ដុសខាត់​លើ​ស្បែក​កន្លែង​ដែល​អ្នក​ចង់​ខាត់​។ ទុក​ចោល​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

៤. ជួយ​ឱ្យ​រាង​ស្លី​ម
មាន​មូលហេតុ​ច្រើន​ណាស់​ដែល​ធ្វើ​ឱ្យ​ការ​ទទួលទាន​កាហ្វេ​ជា​ប្រចាំ ឬ​ទៀត​ទាត់​ជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​រាង​ស្លី​ម​ស្រស់​ស្អាត​។ ទី​១ នោះ គឺ​កាហ្វេ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ចេញពី​រាង​កាយ ហើយ​ទី​២ គឺ​វា​មាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​ដែល​ជួយ​បង្កើន​អត្រា​នៃ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​។ យោង​តាម​អ្នកជំនាញ​បានឱ្យ​ដឹង​ថា អ្នក​គួប​ផ្សំ​ការ​ទទួលទាន​កាហ្វេ​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​។

៥. ព្យាបាល​សក់​ខូច
កាហ្វេ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​សក់​ទន់​រលោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ព្យាបាល​សក់​ជ្រុះ​បាន​ផង​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុង​កាហ្វេ​មួយ​ចំនួន (​បរិមាណ​ល្មម​លាប​បាន​ពេញ​សក់​)​។ បន្ទាប់​មក​ទុក​ឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន សឹម​លាប​ម៉ាស្សា​ទៅ​លើ​សក់ និង​ស្បែក​ក្បាល​របស់​អ្នក​។ ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។ អ្នក​អាច​អនុវត្ត​រូបមន្ត​ព្យាបាល​សក់​បែប​ធម្មជាតិ​នេះ​ម្ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៦. កម្ចាត់​ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​បន្ទះ​សំឡី​មួយគូ​ក្នុង​កាហ្វេ​ដែល​ក្ដៅ​ឧណ្ហ​មិន​រលាក​។ បន្ទាប់​មក​ច្របាច់​បន្ទះ​សំឡី​បន្តិច សឹម​យក​មក​បិត​លើ​ភ្នែក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​នាទី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង