ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​ហើយ​ថា ក្រូច​ទ្រើង ឬ​ផា​ស្សិន គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​គ្រាប់​ច្រើន រួម​ជាមួយនឹង​រសជាតិ​ជូរ​ស្រស់ ហើយ​ផ្លែ​នេះ​សម្បូរ​ណាស់​ដែរ​ក្នុង​ប្រទេស​កម្ពុជា​។ គេ​អាច​យក​ផ្លែក្រូច​ទ្រើង​ទៅ​ធ្វើ​ជា​ភេសជ្ជៈ​, បង្អែម​, លាយ​ក្នុង​ស្រា​ក្រឡុក ឬ​ទទួលទាន​សាច់​វា​សុទ្ធតែ​ម្ដង​ក៏​បាន​។ បើ​ទោះជា​ចូល​ចិត្ត ឬ​ឧស្សាហ៍​ទទួលទាន​ក៏​ដោយ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ផ្លែក្រូច​ទ្រើង​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ប្រសើរ​ចំពោះ​សុខភាព​បាន ។

នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​គួរ​ឲ្យ​កត់សម្គាល់ ។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ទទួលទាន​ផ្លែក្រូច​ទ្រើង ដើម្បី​រក្សា​បាន​នូវ​សុខភាព​រាង​កាយ​ល្អ​រឹង​មាំ​៖

១. គ្រប់គ្រង​សម្ពាធ​ឈាម
គ្រាន់តែ​ទទួលទាន​ផ្លែក្រូច​ទ្រើង ១ ផ្លែ ជា​ប្រចាំ​នោះ​រាង​កាយ​នឹង​ទទួល​បាន​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​គ្រប់គ្រាន់​តាម​តម្រូវការ​។ ប៉ូ​តា​ស្យូ​ម គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ជម្រុញ​បង្កើន​លំហូរ​ឈាម និង​កាត់​បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​។ លើស​ពី​នេះ​ទៅ​ទៀត កាលណា​លំហូរ​ឈាម​ប្រក្រតី ហើយ​កម្រិត​សម្ពាធ​ឈាម​ត្រឹមត្រូវ​នោះ គឺ​ជួយ​បង្កើន​សុខភាព​បេះដូង​ល្អ​ប្រសើរ និង​កាត់​បន្ថយ​សម្ពាធ​លើ​បេះដូង​ផង​ដែរ​។

២. ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ
ផ្លែក្រូច​ទ្រើង មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន A និង វីតាមីន C ព្រមទាំង​សារជាតិ phytonutrients ដែល​ជួយ​រក្សា និង​ធ្វើ​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។ ការ​ទទួលទាន​ផ្លែ​ឈើ​នេះ​ទៀងទាត់​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ជៀស​ផុត​ពី​ជំងឺ​ទូទៅ​ដូច​ជា ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ និង​រោគ​ឆ្លង​មួយ​ចំនួន​ទៀត​។

៣. សុខភាព​ស​សៃ​ឈាម​បេះដូង
ផ្លែក្រូច​ទ្រើង គឺជា​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប និង​ស្ទើ​តែ​គ្មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង ក៏​ដូច​ជាស​សៃ​ឈាម​បេះដូង​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែក្រូច​ទ្រើង ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម ហើយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ជំនួស​វិញ​។ ដូចដែល​អ្នក​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ គឺជា​សត្រូវ​លេខ​មួយ​នៃ​បេះដូង​។

៤. ទប់ស្កាត់​ជំងឺមហារីក
ផ្លែក្រូច​ទ្រើង ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​បង្ការ​ជំងឺមហារីក​មិន​ឲ្យ​កើត​មាន​ឡើង​។ វា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ flavonoids, វីតាមីន C និង phenolic ដែល​សុទ្ធតែ​ជា​សារធាតុ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រីក​លូតលាស់​នៃ​ជំងឺមហារីក ជា​ពិ​េ​សស​មហារីក​សួត និង​មហារីក​មាត់​ធ្មេញ​។

៥. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ
ផ្លែក្រូច​ទ្រើង មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ​រលាយ​ខ្ពស់​ដែល​ល្អ​ប្រសើរ​ចំពោះ​ដំណើរការ​នៃ​ការ​រំលាយ​អាហារ និង​ចលនា​នៃ​ពោះវៀន​។ ការ​ទទួលទាន​ផ្លែក្រូច​ទ្រើង​ជួយ​អ្នក​ឲ្យ​ជៀស​ផុត​ពី​បញ្ហា​ទាក់ទង​នឹង​ការ​រំលាយ​អាហារ​ដូច​ជា អាកា​រៈ​ទល់លាមក និង​សូ​ម្បី​តែ​ជំងឺមហារីក​ពោះវៀន​។

៦. បង្កើន​សុខភាព​ភ្នែក
ផ្លែ​ផា​ស្សិន គឺជា​ប្រភេទ​នៃ​អាហារ​ដែល​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​ភ្នែក ដោយ​វា​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​វីតាមីន A, វីតាមីន C និង​សារធាតុ flavonoids​។ សារធាតុ និង​វីតាមីន​ទាំងនេះ​ជួយ​ការពារ​ភ្នែក​មិន​ឲ្យ​ទទួល​រង​ការ​បំផ្លាញ​ពី​សំណាក់​រ៉ា​ឌី​កាល់​សេរី និង​ការពារ​ភ្នាស​ទឹករំអិល​ដែល​ជា​ខែល​ការពារ​ភ្នែក​ផង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង