គជ់ខ្យងទឹកសាបទំហំធំបំផុតលើពិភពលោក ដែលធ្លាប់ជាកម្មសិទ្ធិរបស់អធិរាជរុស្ស៊ី Catherine the Great ត្រូវបានគេដាក់លក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅប្រទេសហូឡង់ ក្នុងតម្លៃរហូតដល់ទៅ ៣២ម៉ឺនអឺរ៉ូ ឬប្រហែល ៣៧ ម៉ឺនដុល្លារ។
គជ់ខ្យងទឹកសាបដ៏ធំនេះត្រូវបានគេឲ្យរហស្សនាមថា «តោដេក» (Sleeping Lion) ដោយសារតែរូបរាងរបស់វា ដែលត្រូវបានគេរកឃើញ កាលពីពាក់កណ្ដាលសតវត្សទី១៨ នៅក្នុងដែនទឹកចិន គឺ ទន្លេ Pearl River។
បើតាមកន្លែងដាក់លក់ដេញថ្លៃ បានឲ្យដឹងថា វាមានទម្ងន់ ១២០ក្រាម និងប្រហែលជិត ៧សង់ទីម៉ែត្រ។ គជ់ខ្យល់នេះត្រូវបានឈ្មួញជប៉ុនម្នាក់ ទិញក្នុងតម្លៃ ៣២ម៉ឺនអឺរ៉ូ ហើយត្រូវបានគេវាយតម្លៃថា អាចលក់បានពី ៣៤ម៉ឺនអឺរ៉ូ ដល់ ៥៤ម៉ឺនអឺរ៉ូ។
កាលពីអំឡុងឆ្នាំ១៧៦៥ គជ់ខ្យងតោដេក ត្រូវបានដឹកទៅកាន់ ទីក្រុង Batavia ដែលបច្ចុប្បន្នគឺ ទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេស៊ី ដោយឈ្មួញជនជាតិហូឡង់ របស់ក្រុមហ៊ុន United East Indies Company។ បន្ទាប់មក វាបានក្លាយជាកម្មសិទ្ធិរបស់បុគ្គលិកផ្នែកគណនេយ្យ ឈ្មោះ Hendrik Coenraad Sander។
ក្រោយពេល Sander បានស្លាប់ វាត្រូវបានដាក់លក់ដេញថ្លៃនៅក្នុងទីក្រុង Amsterdam ក្នុងឆ្នាំ១៧៧៨ ហើយត្រូវអធិរាជរុស្ស៊ី Catherine the Great ទិញយកតែម្ដង។ អធិរាជខាងលើបានយកវាទៅដាក់តាំងនៅឯសារមន្ទីរ Hermitage ក្នុងទីក្រុង Saint Petersburg រហូតដល់ឆ្នាំ១៧៩៦៕
ប្រភព៖ sabay.com.kh