ជាធម្មតា ការហើមពោះ គឺនឹងធ្វើឱ្យយើងមានអារម្មណ៍ថាមិនស្រួល ឬពិបាកក្នុងខ្លួនខ្លាំង។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គ្មាននរណាម្នាក់ចង់ជួបប្រទះអាការៈនេះឡើយ ប៉ុន្តែទម្លាប់ធម្មតាមួយចំនួនរបស់ពួកគេបង្កបញ្ហានេះឡើង! ថាតើទម្លាប់ដែលបង្កអាការៈហើមតឹងពោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុចម្បងមួយចំនួនដែលជាញឹកញយធ្វើឱ្យអ្នកហើមពោះ ៖

១. ទំពារមិនគ្រប់គ្រាន់

ការទំពារអាហារមិនបានគ្រប់គ្រាន់ត្រឹមត្រូវតែងជាកត្តាចម្បងមួយនៃបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារដែលបង្កអាការៈហើមពោះ។ ការទំពារអាហារបានល្អជួយសម្រួលដល់ក្រពះក្នុងការរំលាយអាហារដែលពិបាកនឹងរំលាយ។ លើសពីនេះទៅទៀត ទឹកមាត់មានអង់ស៊ីមជួយបំបែកអាហារផងដែរ។ អ្នកជំនាញជាច្រើនណែនាំឱ្យអ្នកទំពារអាហារមិនតិចជាង ២០ ដងមុននឹងលេប ដើម្បីជៀសផុតពីអាការៈហើមតឹងពោះ។

២. ការទទួលទានអាហារលឿនៗ

មានមូលហេតុពីរដែលបញ្ជាក់ថា ការទទួលទានអាហារលឿនៗមិនល្អសម្រាប់ពោះរបស់អ្នក។ ទី ១ ការបរិភោគលឿនធ្វើឱ្យអ្នកទំពារអាហារមិនបានល្អ ឬច្រើនគ្រប់គ្រាន់ដែលបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។ ទី ២ នោះ គឺវាធ្វើឱ្យអ្នកលេបខ្យល់ចូលពោះដោយចៃដន្យច្រើនជាងធម្មតាជាហេតុបណ្ដាលឱ្យងាយនឹងហើមពោះ។

៣​. ទទួលទានទឹកមិនបានគ្រប់គ្រាន់

ការរក្សាជាតិទឹកក្នុងរាងកាយបានគ្រប់គ្រាន់ គឺជារឿងសំខាន់ណាស់ ដើម្បីរក្សាសុខភាពជៀសផុតពីជំងឺផ្សេងៗ។ ក្រៅពីផ្ដល់ឱ្យរាល់កោសិកា​ និងជាលិកានូវជាតិទឹកគ្រប់គ្រាន់ដើម្បីដំណើរការមុខងារហើយនោះ ការទទួលទានទឹកក៏ជួយរក្សាសម្រួលដល់ប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារដូចជា អាការៈហើមតឹងពោះ ចូរទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃជាប្រចាំ និងកុំភ្លេចធ្វើសកម្មភាពរាងកាយខ្លះផង។

៤.​ ទទួលទានទឹកច្រើនហួសតម្រូវការ

អ្វីក៏ដោយឱ្យតែពេក គឺមិនល្អឡើយ រួមបញ្ចូលទាំងការទទួលទានទឹកផងដែរ។ ប្រសិនបើអ្នកទទួលទានទឹកច្រើនកំឡុងពេលអាហារ អាស៊ីតក្រពះក្លាយជារាវខ្លាំង ឬត្រូវបានបន្សាបដែលធ្វើឱ្យអាហារមិនអាចរំលាយបានពេញលេញបង្កជាអាការៈហើមពោះ និងពិបាករំលាយអាហារ។ ដូច្នេះដើម្បីជាការប្រសើរជៀសផុតពីបញ្ហាហើមពោះ កុំទទួលទានទឹកច្រើនពេកក្នុងកំឡុងពេល ៣០ នាទីមុន ឬក្រោយអាហារ។

៥. ស្ត្រេស

ធ្លាប់ដឹងទេថា ប្រព័ន្ធរំលាយអាហារ គឺងាយនឹងទទួលរងនូវឥទ្ធិពលពីភាពស្ត្រេសលើរាងកាយ។ វាជាអ្វីមួយដែលអាចកាត់បន្ថយអាស៊ីតក្រពះ និងអង់ស៊ីមរំលាយអាហារ។ លើសពីនេះទៅទៀត វាក៏បង្កឱ្យបានបញ្ហាអតុល្យភាពនៃបាក់តេរីក្នុងពោះវៀនផងដែរ។ ប្រសិនបើអ្នកងាយនឹងហើមពោះព្រោះតែជីវិតពោរពេញដោយភាពស្ត្រេស ចូរព្យាយាមជៀសឱ្យផុតពីមូលហេតុឥតប្រយោជន៍ដែលធ្វើឱ្យអ្នកតានតឹងក្នុងអារម្មណ៍៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here