នៅថ្ងៃអនាគតអវកាសយានិក និងអ្នករុករកក្នុងលំហ នឹងអាចមានផ្លែទុរេន ដែលជាស្តេចផ្លែឈើ ដើម្បីទទួលទាននៅលើលំហអាកាស។
ទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់រដ្ឋាភិបាលថៃ មានបំណងបញ្ជូនទុរេនដុតទៅកាន់អវកាសក្នុងខែកក្កដា ដែលជាគម្រោងមួយដែលគេឲ្យឈ្មោះថា “អាហារថៃទៅកាន់អវកាស”។ នេះបើតាមសារព័ត៌មាន coconuts ទើបបានចុះផ្សាយ។
ណាផាសន ជុងជីតាណុន (Napasorn Jongjittanon) មកពីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រ និង អវកាស (GISTDA) របស់ប្រទេសថៃ បាននិយាយថា GISTDA នឹងបញ្ជូនទុរេនចេញពីផែនដីទៅអវកាស តាមរយៈគ្រាប់រ៉ុកកែតរបស់ក្រុមហ៊ុនអាមេរិក សហការជាមួយក្រុមហ៊ុនផ្កាយរណបថៃ ឈ្មោះថា Mu Space និងបច្ចេកវិទ្យាឈានមុខ។ ប្រភពខាងលើបន្ត។
GISTDA បាននិយាយថា ពួកគេមានបំណងប្រមូលទិន្នន័យ តាមរយៈរសជាតិ ក្លិន និងសំបកវេចខ្ចប់របស់ទុរេន ថាតើវានឹងមានការប្រែប្រួលយ៉ាងណាខ្លះនៅពេលដែលត្រលប់មកដល់ផែនដីវិញ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារអវកាសថៃក៏មានបំណងបញ្ជូនអង្ករ និង អាហារថៃមួយចំនួនទៀតជាមួយទុរេនចេញពីផែនដី ដែលគេសង្ឃឹមថាអាហារថៃទាំងនេះនឹងមានសំណាងបានទៅដល់ទៅកាន់ទីអវកាសមុនប្រជាជនថៃ។ ប្រភពខាងលើបន្ថែម៕
ប្រភព៖ sabay.com.kh