ឥឡូវនេះ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ស្វះ​ស្វែងរក​អ្វី​ដើម្បី​ទប់ស្កាត់​ដំណើរ​ការណ៍​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អាហារ​ជា​ច្រើន​ដែល​អ្នក​ទទួលទាន​អាច​បង្កើត​បានជា​ភាព​ខុស​គ្នា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ស្ថានភាព​វ័យ​របស់​អ្នក​ទាំង​ក្នុង និង​ក្រៅ​។

របប​អាហារ​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ស្ករ និង​កាបូ​អ៊ី​ដ្រា​ត​កែ​ច្នៃ​ច្រើន​មិន​ត្រឹមតែ​ធ្វើ​អោយ​អ្នក​ឡើង​ទម្ងន់​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​បណ្តាល​អោយ​ជាតិ​កូ​ឡា​ជែ​ន​ភ្ជាប់​គ្នា​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​មនុស្ស​ឆាប់​ចាស់ និង​មាន​ភាព​ជ្រៀវ​ជ្រួញ​លឿន​ផង​ដែរ​។ ដើម្បី​ថែរក្សា​ភាព​ជា​យុវវ័យ​របស់​អ្នក ខាងក្រោម​នេះ​គឺជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ជួយ​ថែរក្សា​សុខភាព​របស់​អ្នក​កុំឱ្យ​ចាស់​ទៅ​តាម​អាយុ​បាន​។

បឺ​រី​ពណ៌​ខៀវ
ផ្លែ​បឺ​រី​ពណ៌​ខៀវ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​អង់​ទី​អុក​ស៊ី​ដង់ ប្រភេទ Polyphenol ដែល​មាន​ខ្ពស់​បំផុត​ក្នុង​ចំណោម​អំបូរ​ផ្លែ​បឺ​រី​ទាំងអស់ សម្រាប់​សម្លាប់​បាក់តេរី និង​វី​រ៉ុ​ស​។ អង់​ទី​អុក​ស៊ី​ដង់​ប្រភេទ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​ទប់ស្កាត់​ការ​បំបែក​កូនចៅ​របស់​វី​រ៉ុ​ស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C បាន​។ តាម​ការ​សិក្សា​បានអោយ​ដឹង​ថា ផ្លែ​ឈើ​ដ៏​អស្ចារ្យ​មួយ​នេះ​ក៏​ផ្ទុក​ទៅ​ដោយសារ​ធាតុ Pterostilbene ដែរ​ក្នុង​ការ​ពង្រឹង​ដល់​ភាព​ឈ្លាស់វៃ​របស់​សត្វ​កណ្តុរ​។

សូកូឡា​ខ្មៅ
សូកូឡា​ខ្មៅ​ដែល​ផលិត​ពី កា​កៅ (Cacao) ផ្ទុក​ទៅ​ដោយសារ​ធាតុ​អង់​ទី​អុក​ស៊ី​ដង់​ច្រើន​ជាង​អាហារ​ផ្សេង​ៗ​ទៀត​។ សារធាតុ​អង់​ទី​អុក​ស៊ី​ដង់​ដែល​មាន​ក្នុង​សូកូឡា​ខ្មៅ​ប្រភេទ​នេះ​មាន​ដូច​ជា Catechin, Epicatechin និង Procyanidins ដែល​វា​សុទ្ធសឹងតែ​ជា​អង់​ទី​អុក​ស៊ី​ដង់​ខ្លាំង និង​មាន​នាទី​ជួយ​ថែរក្សា​សរសៃឈាម និង​ការពារ​សរសៃប្រសាទ​ពី​ការ​មាន​របួស និង​រលាក​។ កា​កៅ​ក៏​មាន​ប្រយោជន៍​ធ្វើ​អោយ​ឆ្អែត​, បង្កើន​ភាព​ឈ្លាសវៃ និង​អារម្មណ៍ល្អ​ដែរ​។ ចូរ​ប្រាកដ​ថា ត្រូវ​ជ្រើស​រើ​សូកូឡា​ខ្មៅ​ណា​ដែល​មានការ​កែ​ច្នៃ​តិចតួច​បំផុត និង​ផ្ទុក​ទៅ​ដោយ​កា​កៅ​ខ្ពស់​យ៉ាង​ហោច​ណាស់ ៧០​ភាគរយ​ដែរ​។

ផ្កា​ខាត់ណា​ពណ៌​បៃតង (Broccoli)
ផ្កា​ខាត់ណា​ពណ៌​បៃតង​ប្រហែលជា​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​ច្រើន​ប្រភេទ ព្រោះតែ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ Sulforaphane ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំង​មួយ​ប្រភេទ​សម្រាប់​ទប់ស្កាត់ ក៏​ដូច​ជា​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​រ៉ា​ឌី​កាល​សេរី និង​សារធាតុ​បង្ក​ជំងឺមហារីក​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ផ្កា​ខាត់ណា​ពណ៌​បៃតង​ពេល​នៅ​ឆៅ​មាន​ជីវជាតិ​មួយ​ចំនួន​ដែរ​ក្នុង​ការ​ជំរុញ​ប្រសិទ្ធភាព​ស្នូល​របស់ Sulphoraphen ដូច្នេះ​គួរតែ​ចម្អិន​វា​ល្មម​ៗ​បាន​ហើយ​ពេល​ទទួលទាន​។

ត្រី​ដែល​សម្បូរ​ខ្លាញ់​អូ​មេ​ហ្គា​បី
ប្រភេទ​ខ្លាញ់​អូ​មេ​ហ្គា​បី​គឺជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​ពី​ធម្មជាតិ​ដ៏​ខ្លាំង​បំផុត​។ សារធាតុ​ធ្វើ​អោយរ​លាក​ប្រភេទ Cytokines គឺជា​អ្នក​បង្ក​អោយ​មាន​ជំងឺ​គ្រប់​ប្រភេទ ដូច្នេះ​ហើយ ការ​បង្កើន​កម្រិត​អូ​មេ​ហ្គា​បី​នៅ​ក្នុង​ខ្លួន អាច​ជួយ​ជំនះ​ការ​ខូចខាត​របស់​កោសិការ​ដែល​បាន​មក​ពី​ការ​រលាក​ក្នុង​បេះដូង​, ខួរក្បាល និង​ជាលិការ​ផ្សេង​ៗ​ទៀត​។

ផ្លែ​អាល​ម៉ុ​ន
ផ្លែ​អាល​ម៉ុ​ន​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ដោយសារ​តែ​វា​មាន​សារធាតុ​ដូច​ជា ជាតិ​សរសៃ​, Alpha Tocopherol (​ដែល​ជា​ទម្រ​ង​របស់​វីតាមីន E), ម៉ា​ញ៉េ​ស្យូ​ម និង​ទង​ដែង​។ បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​បានអោយ​ដឹង​ថា​អត្ថប្រយោជន៍​របស់​វា​មាន​ដូច​ជា ជួយ​បញ្ចុះ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ុល និង​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ការ​ឡើង​ជាតិ​ស្ករ ដើម្បី​កុំឱ្យ​កើតជា​ជំងឺ Metabolic Syndrome និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ចូរ​ចាំ​ថា ផ្លែ​អាល​ម៉ុ​ន​មាន​កាល​ឡូ​រី​ខ្ពស់​ណាស់​។

ប៉េងប៉ោះ
ផ្លែ​ប៉េងប៉ោះ​សម្បូរ​ទៅ​ដោយសារ​ធាតុ Lycopene ដែល​ជា​ម៉ូលេគុល​រុក្ខជាតិ​ម្យ៉ាង​ល្អ​ចំពោះ​សុខភាព​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម និង​បង្ការ​កុំអោយ​មាន​ជំងឺមហារីក​។ យន្ត​ការណ៍​មួយ​របស់​វា​គឺ​កាត់​បន្ថយ​ការ​ភ្ញោ​ច​អោយ​មានដំណើរ​នៃ​ការ​រលាក និង​កាត់​បន្ថយ​រ៉ា​ឌី​កាល​សេរី​។

ខ្ទឹមស
ខ្ទឹមស​ផ្ទុក​ទៅ​ដោយសារ​ធាតុ Allicin ដែល​ល្អ​ចំពោះ​សុខភាព​របស់​មនុស្ស​។ តាម​ការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា ខ្ទឹម​សមាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​តាម​រយៈ​ការ​ជម្រុញ​ឱ្យ​មានការ​បន្ធូរ ឬ​សម្រាក​របស់​សរសៃឈាម​។ វា​ដើរតួ​នាទី​ដូច​ជា​ថ្នាំ​រំលាយ​កំណក​ឈាម និង​ពង្រឹង​ស្ថានភាព​អង់​ទី​អុក​ស៊ី​ដង់​តាម​រយៈ​កាត់​បន្ថយ​កម្រិត​រ៉ា​ឌី​កាល​សេរី និង​ភ្ញោ​ច​ឱ្យ​ផលិត​សារធាតុ Glutathione ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ច្រោះ​ជាតិពុល​នៅ​ក្នុង​ថ្លើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង