ជំងឺរលាកពោះវៀនមួយប្រភេទ ឈ្មោះថា Crohn’s Disease ដែលមានអាការៈដូចជា ឈឺក្រពះធ្ងន់ធ្ងរ អាស៊ីតក្រពះចេញច្រើន រាករូស និងអស់កម្លាំង ហើយករណីខ្លះ ឈានដល់កង្វះអាហារូបត្ថម្ភទៀតផង។ វាគឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលប៉ះពាល់ទៅលើភ្នាស់របស់ក្រពះ និងជីវិតរស់នៅរបស់អ្នកជំងឺដែរ។ ដូច្នេះ ដើម្បីគ្រប់គ្រងរោគសញ្ញារបស់ជំងឺនេះកាន់តែល្អ អ្នកជំងឺគប្បី ចៀសវាងអាហារមួយចំនួនខាងក្រោមនេះ ៖
អាហារសម្បូរជាតិសរសៃ
អ្នកជំងឺរលាកពោះវៀនបែបនេះ មិនគួរណាញ៉ាំបន្លែឆៅឡើយ ព្រោះពោះវៀនពួកគេកំពុងតែពិបាករំលាយអាហារស្រាប់ ហើយពោះវៀន គឺងាយនឹងរួមតូចខ្លាំងណាស់ ដូច្នេះ ពេលអាហារមានជាតិសរសៃចូលច្រើន កាន់តែធ្វើឲ្យរោគសញ្ញាធ្ងន់ធ្ងរថែមទៀត។
បន្លែ ឬផ្លែឈើមានគ្រាប់ច្រើន
ចូរចៀសវាងផ្លែឪឡឹក ស្ត្របឺរី ប៉េងប៉ោះ និងផ្លែរ៉ាសបឺរី ព្រោះវាអាចធ្វើឲ្យអ្នកជំងឺរលាកពោះវៀនរាកកាន់តែខ្លាំង។ ចំពោះផ្លែម្នាស់ និងផ្លែប៉ោមវិញ ក៏ជារបស់ត្រូវហាមដែរ។ យ៉ាងណាមិញ របបអាហារណាដែលមានជាតិសរសៃតិច និងមានកាបូអ៊ីដ្រាត ទើបជាជម្រើសដ៏ល្អវិញ។
ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ
អ្នកជំងឺរលាកពោះវៀនភាគច្រើន ក៏មានបញ្ហាមិនអាចញ៉ាំសារធាតុមានជាតិ Lactose ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោបានដែរ ដូចជា ហ្វ្រូមាតជាដើម ព្រោះវានឹងធ្វើឲ្យផោមច្រើន និងហើមពោះខ្លាំងបាន។
អាហារហឹរ
អាហារដែលមានម្ទេសច្រើន ឬមានគ្រឿងហឹរច្រើននោះ ក៏អាចធ្វើឲ្យរោគសញ្ញា ជំងឺរលាកពោះវៀនកាន់តែធ្ងន់ធ្ងរដែរ។
អាហារមានខ្លាញ់ច្រើន
អ្នកជំងឺរលាកពោះវៀនប្រភេទ Crohn’s Disease ដែលមានបញ្ហា ដោយសារជាតិអាស៊ីតក្រពះច្រើន គួរណាចៀសវាង ការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន។ យ៉ាងណាមិញ គេអាចញ៉ាំបានដែរ បើសិនជាមានខ្លាញ់តិចតួច៕