ជំងឺផ្លូវចិត្តដូចជា ការបាក់ទឹកចិត្ត ថប់អារម្មណ៍អាចជារឿងមួយដែលចៀសមិនផុតនោះទេ ព្រោះវាជាផ្នែកមួយនៃជិវិតរស់នៅ។ យ៉ាងណាមិញ បើសិនជាវាកើតឡើងខ្លាំងរហូតដល់មិនអាចបំពេញការងារប្រចាំថ្ងៃបាន នោះវាពិតជាមិនល្អចំពោះរាងកាយ និងសុខភាពទេ ហើយថែមទាំងងាយនឹងមានជំងឺទៀតផង។ ដូច្នេះបើសិនជាអ្នកយល់ថា ខ្លួនកំពុងតែបាក់ទឹកចិត្តខ្លាំង យកល្អគួរតែព្យាយាមញ៉ាំអាហារដូចខាងក្រោមនេះដើម្បីឲ្យមានអារម្មណ៍កាន់តែល្អឡើងវិញ៖

អាស៊ីតខ្លាញ់អូមេហ្គាបី
ការសិក្សាជាច្រើនបានរកឃើញថា ការដែលញ៉ាំអាហារសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីអាចជួយប្រឆាំងនឹងអាការៈបាក់ទឹកចិត្តផង និងថប់អារម្មណ៍ផង។ អាហារដូចជា ត្រីសាលម៉ុង ស៊ុត និងសណ្តែកសៀងសុទ្ធតែជាប្រភពធម្មជាតិដ៏ល្អបំផុត។
ផ្លែអាលម៉ុន
គ្រាប់ផ្លែឈើប្រភេទនេះជាប្រភពនៃវីតាមីន E ស័ង្គសី ម៉ាញ៉េស្យូម និងវីតាមីន B12 ដ៏អស្ចារ្យ ដែលអាចជួយការពារប្រព័ន្ធភាពស៊ាំនៅខ្លាំងខណៈពេលដែលអ្នកកំពុងតែមានបញ្ហាស្ត្រេស និងថប់អារម្មណ៍ច្រើន។
គ្រាប់ល្ពៅ
ការសិក្សាបានរកឃើញថា គ្រាប់ល្ពៅដើរតួនាទីជាសារធាតុកាត់បន្ថយរោគសញ្ញានៃការបាក់ទឹកចិត្តបែបធម្មជាតិ។ នេះដោយសារតែវាសម្បូរទៅដោយអាស៊ីតអាមីណេម្យ៉ាងឈ្មោះថា L-tryptophan ដែលអាចជួយក្នុងការផ្លាស់ប្តូរកម្រិត Serotonin ក្នុងខួរក្បាលបាន។ Serotonin គឺជាសារធាតុចម្លងសរសៃប្រសាទសម្រាប់ថែរក្សាអារម្មណ៍ឲ្យនៅហ្នឹងនរ៕