ការរ៉ាំងរដូវគឺជាលក្ខណៈធម្មជាតិរបស់ជីវិតជាមនុស្សស្រី។ វាត្រូវបានបញ្ជាក់ថា ការរ៉ាំងរដូវកើតឡើងក្រោយពីអ្នកលែងមករដូវទៀតរយៈពេល ១២ខែជាប់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ការចូលដល់ជីវិតរ៉ាំងរដូវបែបនេះ អាចបង្កជារោគសញ្ញាច្រើនសម្រាប់ស្រ្តី។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះយកល្អអ្នកគួរតែផ្លាស់ប្តូររបបអាហារខ្លះៗដើម្បីអាចជាវិធីសម្រាប់គ្រប់គ្រងរោគសញ្ញានៃការរ៉ាំងរដូវនេះកុំឲ្យធ្ងន់ធ្ងរពេក។

ក្នុងពេលរ៉ាំងរដូវ អ័រម៉ូនអេស្រ្តូជែនចាប់ផ្តើមថយចុះ ដែលជាហេតុរំខានដល់វដ្តរបស់អ័រម៉ូនភេទ។ ការថយចុះនេះនឹងមានឥទ្ធិពលអវិជ្ជមានចំពោះការរំលាយអាហារ ដែលនាំឲ្យឡើងទម្ងន់បាន។ ការប្រែប្រួលទាំងនេះក៏ប៉ះពាល់ដល់កម្រិតកូឡេស្តេរ៉ុល និងរបៀបដែលរាងកាយធ្វើការរំលាយអាហារដែរ។ ស្រ្តីភាគច្រើនជួបរោគសញ្ញាដូចជា ក្តៅពេញខ្លួន និងពិបាកគេង។ សំណាងដែរ របបអាហារអាចជួយអ្នកបំបាត់រោគសញ្ញាខ្លះៗទាំងនេះបាន

អាហារដែលគួរញ៉ាំ

  • អាហារធ្វើពីទឹកដោះគោ៖ ការថយចុះរបស់អ័រម៉ូនភេទស្រ្តីក្នុងពេលរ៉ាំងរដូវ អាចធ្វើឲ្យស្រ្តីប្រឈមកាន់តែខ្លាំងនឹងការបាក់ឆ្អឹងបាន។ ដូច្នេះអ្នកគួរតែប៉ូវឆ្អឹងតាមរយៈការញ៉ាំអាហារធ្វើពីទឹកដោះគោ ឬទឹកដោះគោឲ្យបានច្រើនវិញ
  • ខ្លាញ់ផ្តល់សុខភាព៖ ខ្លាញ់ផ្តល់សុខភាពដូចជា អាស៊ីតខ្លាញ់អូមេហ្គាបី ប្រហែលជាមានប្រយោជន៍ច្រើនក្នុងការបន្ថយភាពញឹកញាប់នៃការក្តៅពេញខ្លួន និងបែកញើសធ្ងន់ធ្ងរពេលយប់ ខណៈពេលរ៉ាំងរដូវហើយ
  • គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិសម្បូរទៅដោយជីវជាតិដូចជា ជាតិសរសៃ និងវីតាមីន B ប្រភេទ Thiamine, Niacin, Riboflavin និង Panthothenic Acid។ ដែលវាល្អក្នុងការបន្ថយការប្រឈមនឹងជំងឺបេះដូង និងមហារីក។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ការញ៉ាំអង្ករសម្រូបក៏ល្អសម្រាប់សុខភាពពេលរ៉ាំងរដូវដែរ។ 
  • បន្លែ និងផ្លែឈើ៖ ផ្លែឈើ និងបន្លែផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែ ជាតិសរសៃ និងអង់ទីអុកស៊ីដង់។ វាល្អបំផុតក្នុងការបន្ថយអាការៈក្តៅពេញខ្លួនក្នុងពេលមករដូវ ហើយក៏ជួយដល់ការសម្រកទម្ងន់ផងដែរ។ ការសិក្សាមួយបានបង្ហាញថា ការញ៉ាំប្រូខូលីជួយបន្ថយប្រភេទអ័រម៉ូនអេស្រ្តូជែនម៉្យាងដែលជាប់ទាក់ទងនឹងជំងឺមហារីកសុដន់ ខណៈពេលបង្កើនប្រភេទអ័រម៉ូនអេស្រ្តូជែនម៉្យាងដែលប្រឆាំងនឹងមហារីកសុដន់។ 
  • អាហារផ្ទុកសារធាតុ Phytoestrogen៖ Phytoestrogen គឺជាសារធាតុមួយដើរតួនាទីដូចជា អ័រម៉ូនភេទស្រីអេស្រ្តូជែនក្នុងរាងកាយអ៊ីចឹង ហើយក៏មានប្រយោជន៍ជាពិសេសសម្រាប់ស្រ្តីរ៉ាំងរដូវដែរ។ ប្រភពអាហារដែលមានសារធាតុមួយនេះមានដូចជា សណ្តែកសៀង សណ្តែកដី គ្រាប់ល្ង ទំពាំងបាយជូរ បឺរី តែបៃតង និងខ្មៅ។ 

អាហារគួរចៀសវាង

  • កាបូអ៊ីដ្រាតកៃឆ្នៃ និងស្ករច្រើន៖ ការដែលលើសជាតិស្ករក្នុងឈាម រ៉េស៊ីស្តង់អាំងស៊ុយលីន និងជំងឺទាក់ទងនឹងការរំលាយអាហារ មានជាប់ទាក់ទងយ៉ាងខ្លាំងនឹងការក្តៅពេញខ្លួនសម្រាប់ស្រ្តីរ៉ាំងរដូវ។ អាហារកៃឆ្នៃ និងមានជាតិផ្អែមច្រើន ត្រូវបានគេដឹងថា ជាមូលហេតុនាំឲ្យលើសជាតិស្ករក្នុងឈាមយ៉ាងលឿន។ 
  • គ្រឿងស្រវឹង និងកាហ្វេអ៊ីន៖ ការសិក្សាបានបង្ហាញថា ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងអាចជំរុញឲ្យក្តៅពេញខ្លួនលើស្រ្តីដែលរ៉ាំងរដូវបាន។ ដូច្នេះវាគឺជារឿងដែលស្រ្តីគួរតែចៀសវាង។
  • អាហារហិរ៖ ការចៀសវាងអាហារហិរគឺជារឿងដែលស្រ្តីមានផ្ទៃពោះគួរតែធ្វើ ព្រោះវាជាកត្តាដែលបង្កើនការក្តៅពេញខ្លួន។ អ្នកស្រាវជ្រាវបានរកឃើញថា ការក្តៅពេញខ្លួននេះក៏កាន់តែធ្ងន់ធ្ងរទៅៗចំពោះស្រ្តីដែលមានស្ថានភាពសុខភាពមិនល្អ។
  • អាហារមានជាតិប្រៃខ្លាំង៖ អាហារប្រៃៗនឹងធ្វើឲ្យថយចុះកំហាប់ឆ្អឹងលើស្រ្តីក្រោយរ៉ាំងរដូវ។ ដូច្នេះក៏ប្រឈមនឹងការបាក់បែកឆ្អឹងផងដែរ។ ក្រោយពីរ៉ាំងរដូវរួច ការថយចុះរបស់អ័រម៉ូនអេស្រ្តូជែននឹងបង្កើនការប្រឈមនឹងការលើសសម្ពាធឈាម។ ការបន្ថយប្រៃអាចជួយបន្ថយបញ្ហាខាងលើនេះបាន៕