នេះ​គឺជា​ដំណឹង​ល្អ​មួយ សម្រាប់​ស្ត្រី​ជា​ម្តាយ​គ្រប់​រូប ជា​ពិសេស ស្ត្រី​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ​តែ​ម្តង​។ វា​ក៏​ជា​សំណួរ​មួយ ដែល​បងប្អូន​អ្នក​អាន​របស់​យើង តែងតែ​ចោទសួរ​ជា​ញឹកញាប់​។ តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ក្មេង​ដែល​កើត​ពី​ម្តាយ ដែល​បាន​ញ៉ាំ​ផ្លែ​ឈើ ៦ ទៅ ៧ ដង​ជា​រៀងរាល់ថ្ងៃ ក្នុង​ពេល​មាន​ផ្ទៃពោះ ឃើញ​ថា ពិន្ទុ IQ របស់​គេ អាច​ខ្ពស់​ជាងគេ​ពី ៦ ទៅ ៧ ពិន្ទុ​ឯណោះ នៅ​ពេល​ពួក​គេ​ធំ​ឡើង​។

យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ផ្លែ​ឈើ គឺ​ល្អ​ចំពោះ​មនុស្ស​យើង​ណាស់​។ ប៉ុន្តែ ការ​ញ៉ាំ​ផ្លែ​ឈើ​ច្រើន ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន គួរ​ឲ្យ​ភ្ញាក់ផ្អើល ចំពោះ​ទារក​ក្នុង​ផ្ទៃ​ដែរ​។ ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង ដោយ​សាកលវិទ្យាល័យ Alberta បាន​បង្ហាញ​ថា អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ឈើ អាច​ចាប់ផ្តើម​តាំងពី​ទារក​ក្នុង​ផ្ទៃ​មក​ម្លេះ​។

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ ក្នុង​សារព័ត៌មាន EbioMedicine បាន​រក​ឃើញ​ថា ទារក​កើត​ពី​ម្តាយ​ដែល​ញ៉ាំ​ផ្លែ​ឈើ​ច្រើន បំផុត​ក្នុង​ពេល​មាន​ផ្ទៃពោះ ឃើញ​ថា​មានការ​លូតលាស់​ល្អ ច្រើន​ជាងគេ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត​។

ចំពោះ​ម្តាយ​ដែល​បាន​ញ៉ាំ​ទឹក​ផ្លែ​ឈើ និង​ផ្លែ​ឈើ ៦ ទៅ ៧ ដង​ជា​រៀងរាល់ថ្ងៃ ក្នុង​ពេល​មាន​ផ្ទៃពោះ កូន​ដែល​កើតមក​ឃើញ​ថា អាច​ទទួល​បាន​ពិន្ទុ IQ ខ្ពស់​ជាង​កម្រិត​មធ្យម​រហូត​ដល់ ៦ ទៅ ៧ ពិន្ទុ​ឯណោះ​។ កម្រិត​ពិន្ទុ​ជា​មធ្យម​របស់ IQ គឺ ១០០​។

អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា កាលណា​ទារក​នៅ​ក្នុង​ផ្ទៃ​កាន់តែ​យូរ ពួក​គេ​កាន់តែ​ទទួល​បានការ​លូតលាស់​បន្ថែម​ទៀត នៅ​ពេល​ម្តាយ​នៅ​តែ​បន្ត​ការ​ញ៉ាំ​ផ្លែ​ឈើ​ទៀត​។
ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​ស្រាវជ្រាវ​មិន​បាន​លើកទឹកចិត្ត​ឲ្យ​ម្តាយ​គ្រប់​រូប ខំប្រឹង​ញ៉ាំ​ផ្លែ​ឈើ​ច្រើន​ៗ ជ្រុល​ពេក​នោះ​ទេ ព្រោះ​វា​អាច​នឹង​បង្ក ជា​បញ្ហា​សុខភាព​ច្រើន​បាន ជា​ពិសេស ជំងឺ​ទឹកនោមផ្អែម​តែ​ម្តង​។ ប៉ុន្តែ ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា ត្រឹមតែ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ពីរ អាច​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​អស្ចារ្យ​ទៅ​ហើយ សម្រាប់​ការ​លូតលាស់ ថាមពល​ខួរក្បាល​កូន​នៅ​ថ្ងៃ​អនាគត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង