កំពស់​ខ្ពស់​សមរម្យ គឺជា​អ្វីមួយ​ដែល​ភាគច្រើន​នៃ​ពួក​យើង​ចង់បាន​ដើម្បី​បង្កើន​ទំនុកចិត្ត ឬ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ពេល​ឈរ​នៅ​ក្បែរ​អ្នក​ដទៃ​។ ជា​ធម្មតា​ការ​លូត​កំពស់​មាន​ទំនាក់ទំនង​ទៅ​នឹង​កត្តា​ហ្សែ​ន លំ​ហាត់ប្រាណ ព្រមទាំង​ប្រភេទ​នៃ​ចំណីអាហារ​ដែល​យើង​ទទួលទាន​។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​កើន​កម្ពស់​បន្ថែម អ្នក​ត្រូវ​ដឹង​អំពី​ប្រភេទ​នៃ​អាហារ​បែប​ណា​ដែល​មាន​ប្រសិទ្ធភាព​រក្សា​ភាពរឹងមាំ ក៏​ដូច​ជា​ជួយ​ដល់​ការ​លូតលាស់​នៃ​ឆ្អឹង​។ អាហារ​ដែល​លោក​អ្នក​គួរ​ព្យាយាម​ឱ្យ​កូន​ទទួលទាន​ដើម្បី​ជួយ​បង្កើន​កម្ពស់​កំឡុង​ពេល​លូតលាស់ ៖

១. ស៊ុត

ការ​រួម​បញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កុមារ​ក៏​ជួយ​ឱ្យ​ពួក​គេ​អាច​លូត​កម្ពស់​បាន​ត្រឹមត្រូវ​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​ស៊ុត​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ឆ្អឹង​និង​សាច់ដុំ​។

២. ទឹកដោះគោ​និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ

ទឹកដោះគោ​និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​និង​ប្រូតេអ៊ីន​ដែល​ជួយ​ដល់​ការ​លូតលាស់​នៃ​ឆ្អឹង ក៏​ដូច​ជា​ពង្រឹង​ភាពរឹងមាំ​ផង​ដែរ​។

៣. សណ្ដែកសៀង

មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដែល​ចាំបាច់​ណាស់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​មិន​ចាញ់​កាល់ស្យូម​ឡើយ​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​បន្លែ​នេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

៤. សាច់​មាន់

ដូច​បាន​រៀបរាប់​ច្រើន​ដង​ខាងលើ​រួ​កមក​ហើយ ប្រូតេអ៊ីន​គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​និង​រក្សាសុខ​ភាពល្អ​ប្រសើរ​នៃ​ឆ្អឹង​និង​សាច់ដុំ​។ ហើយ​សាច់​មាន់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​សាច់​មាន់​ក្នុង​របប​អាហារ​របស់​កុមារ​ដើម្បី​ធានា​បាន​ថា​ពួក​គេ​អាច​លូត​កម្ពស់​បាន​ប្រសើរ​។

៥. បន្លែ​បៃតង

បន្លែ​បៃតង​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ផង​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​ឱ្យ​កូន​ញ៊ាំ​បន្លែ​បៃតង​ដើម្បី​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ពួក​គេ​។

៦. ការ៉ុត

មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ beta-carotene ដែល​រាង​កាយ​បំ​លែង​ជា​វីតាមីន A​។ ការ​រួម​បញ្ចូល​បន្លែ​មើម​នេះ​ក្នុង​របប​អាហារ​ក្មេង​មិន​ត្រឹមតែ​ល្អ​សម្រាប់​ពង្រឹង​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ធ្វើ​ឱ្យ​រាង​កាយ​អាច​ស្រូប​យកជាតិ​កាល់ស្យូម​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​។ ជា​លទ្ធផល​ការ​លូតលាស់​និង​សុខភាព​ឆ្អឹង​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​។ អ្នក​អាច​ឱ្យ​កូន​ញ៊ាំ​ការ៉ុត ឬ​ទឹក​ការ៉ុត​ស្រស់​ជា​ប្រចាំ​។

៧. ផ្លែ​ឈើ

ក្រៅពី​ជួយ​រក្សាសុខ​ភាពល្អ​ប្រសើរ​ហើយ​នោះ ការ​រួម​បញ្ចូល​ផ្លែ​ឈើ​ចម្រុះ​ក្នុង​របប​អាហារ​កុមារ​ក៏​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ពួក​គេ​គួរ​ឱ្យ​កត់សម្គាល់​។ ផ្លែ​ឈើ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​រាង​កាយ​កំពុង​លូតលាស់​របស់​ក្មេង​ត្រូវការ​។ លើស​ពី​នេះ​ទៅ​ទៀ​ការ​ទទួលទាន​ផ្លែ​ឈើ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ​។

៨. យ៉ា​អួរ

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន កាល់ស្យូម វីតាមីន D និង​ស័ង្កសី ព្រមទាំង​ប្រូ​បាយ​អូ​ទិ​ក​ដែល​ល្អ​សម្រាប់​ការ​លូតលាស់​ឆ្អឹង​។

៩. គ្រាប់​ធញ្ញជាតិ

មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​, វីតាមីន​, ជាតិ​រ៉ែ​, អាស៊ីត​ខ្លាញ់​សុខភាព​ល្អ និង​ប្រូតេអ៊ីន​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​ក្នុង​គ្រាប់​ធញ្ញជាតិ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​ណាស់​ចំពោះ​សុខភាព​ឆ្អឹង​។ ប្រូតេអ៊ីន​ក្នុង​អាហារ​នេះ​វិញ​ក៏​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​កុមារ​ផង​ដែរ​។

១០. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ និង​វីតាមីន C ជាតិ​ស​សៃ ជាតិ​ដែក ព្រមទាំង​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​។ ការ​ទទួលទាន​ផ្កា​ខាត់ណា​ខៀវ​អាច​ជួយ​ឱ្យ​រាង​កាយ​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ ជា​ពិសេស​រំញោច​ដល់​អ័រម៉ូន​លូតលាស់​បង្កើន​ការ​លូត​កម្ពស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង