ការ​ពិត​ទៅ​ការ​ជ្រើសរើស​អាហារ​សម្រន់​នៅ​ពេល​យប់​របស់​អ្នក​មានការ​ប៉ះពាល់ យ៉ាង​ខ្លាំង​ទៅ​លើ​ការ​គេង​របស់​អ្នក​។ វា​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​យ៉ាង​ស្កប់ស្កល់​ដែរ​។

ខាងក្រោម​នេះ​គឺជា​ប្រភេទ​ផ្លែ​ឈើ ៣ មុខ​ដែល​អ្នកជំនាញ​ណែនាំ​ថា​អាច​បង្ការ​ការ​គេង​មិន​លក់ និង​ធ្វើ​ឲ្យ​អ្នក​គេង​លង់លក់​ស្កប់ស្កល់​។

១. ផ្លែ​ឈើ​រី (Cheeries)៖ តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ផ្លែ​ឈើ​រី​គឺជា​ផ្លែ​ឈើ​តែ​មួយ​គត់​ដែល​ជា​ប្រភព​នៃ​ម៉េ​ឡា​តូ​នី​ន (melatonin) ដែល​ជា​សារធាតុ​ម្យ៉ាង​ជួយ​គ្រប់​គ្រង់​នាឡិកា​ក្នុង​រា​ង្គ​កាយ​មនុស្ស​ឲ្យ គ្រប់គ្រង​ការ​គេង​។ ក្នុង​កំឡុង​ពេល​ដែល​ផ្លែ​ឈើ​រី​ផុត​រដូវ អ្នក​អាច​ពិសារ​ផ្លែ​ឈើ​រី​ក្រៀម ឬ​ទឹក​ផ្លែ​ឈើ​រី​ជំនួស​វិញ​។ (​ផ្លែ​ទំពាំងបាយជូរ​ក៏​មាន​ផ្ទុក​ម៉េ​ឡា​តូ​នី​ន​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ពិសារ​វា​ច្រើន​ជាង​ពិសារ​ផ្លែ​ឈើ​រី​ទើប​អាច​ទទួល​បាន គុណប្រយោជន៍​ដូច​គ្នា​)​។ ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បាន​សិក្សា​ពី​ម៉េ​ឡា​តូ​នី​ន​ដែល​មាន​ក្នុង​ផ្លែ ឈើ​រី បាន​ណែនាំ​ឲ្យ​ពិសារ​វា​មួយ​ម៉ោង​មុន​ពេល​ចូល​គេង​។

២. ផ្លែ​ចេក​៖ ប៉ូ​តា​ស្យូ​ម និង​ម៉ាញេស្យូម គឺជា​សារធាតុ​ធម្មជាតិ​ជួយ​បន្ធូរ​សាច់ដុំ ហើយ​ផ្លែ​ចេក​គឺជា​ប្រភព​នៃ​សារធាតុ​ទាំង​ពីរ​នេះ​។ វា​ក៏​មាន​ផ្ទុក​អាមីណូអាស៊ីត L-tryptophan ដែល​នឹង​ត្រូវ​បំ​លែង​ទៅ​ជា 5-HTP នៅ​ក្នុង​ខួរក្បាល​។ 5-HTP នេះ​នឹង​ត្រូវ​បំ​លែង​ទៅ​ជា សេ​រ៉ូ​តូ​នី​ន (serotonin) ដែល​ជា​សារធាតុ​បញ្ជូន​រំញោច​សរសៃប្រសាទ​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ និង​ម៉េ​ឡា​តូ​នី​ន​។

៣. ទឹកដោះគោ​ក្តៅ​៖ ការ​ញ៉ាំ​ទឹកដោះគោ​ក្តៅ​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​បាន​។ បើ​តាម​ការ​វិភាគ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​លាយ​ទឹកដោះគោ​ជាមួយនឹង​នំ​ប៊័​ង​អាំង ឬ​ម្សៅ oatmeal គឺ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​គេង​លក់​ស្កប់ស្កល់​។ វា​ក៏​ដូច​ជា​ផ្លែ​ចេក​ដែរ ទឹកដោះគោ​សម្បូរ​ទៅ​ដោយ​អាមីណូអាស៊ីត L-tryptophan​។ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និង​សារធាតុ​ខនិជ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​សារធាតុ​ជួយ​បន្ធូរ​អារម្មណ៍​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង