អ្វីដែលអ្នកទាំងអស់គ្នាមិនបានដឹងនោះ គឺថាសុខភាពបេះដូងល្អក៏អាចផ្តល់អោយអ្នកនូវសុខភាពផ្លូវចិត្តល្អបានដូចគ្នាផងដែរ ហើយកាលដែលយើងទទួលបាននូវសុខភាពផ្លូវចិត្តល្អហើយនោះក៏មានន័យថា អ្វីទាំងអស់នៅក្នុងជីវិតរបស់យើងក៏នឹងមានសភាពល្អប្រសើរទៅតាមនោះផងដែរ។
ការទទួលបាននូវបេះដូងមួយដែលមានសុខភាពល្អ គឺមិនមែនគ្រាន់តែអ្នកត្រូវធ្វើការហាត់ប្រាណ តែម្យ៉ាងនោះទេវាត្រូវការនូវកត្តារួមផ្សំជាច្រើនទៀតដូចជាការ ហាត់ប្រាណអោយបានទៀងទាត់, បរិភោគអាហារអោយបានត្រឹមត្រូវ ដោយទទួលបាននូវសារធាតុចិញ្ចឹមក្នុងកម្រិតល្អ និងសម្រាកអោយបានគ្រប់គ្រាន់ផងដែរ ។
សម្រាប់មនុស្សទាំងឡាយណា ដែលគិតថាពួកគេអាចធ្វើការបរិភោគ, ផឹក ឬគេងតិចតួច ឬច្រើនតាមអ្វីដែលគេអាចធ្វើបាន និងគ្រាន់តែព្យាយាមធ្វើការហាត់ប្រាណអោយបានច្រើននោះពួកគេប្រាកដជាមានសុខភាពល្អហើយ តែតាមការពិតនេះ គឺជាការយល់ខុសនោះទេ។
ខាងក្រោមនេះគឺជាគន្លឹះ ដែលអាចជួយអោយអ្នក អោយទទួលបាននូវបេះដូងមួយ ដែលមានសុខភាពល្អ៖
១. ធ្វើការហាត់ប្រាណអោយបានជាប្រចាំ
ភាគច្រើនអ្វី ដែលមនុស្សទូទៅមិនបានធ្វើនោះគឺ ការហាត់ប្រាណអោយបានគ្រប់គ្រាន់ ដើម្បីអោយប្រាកដថា អ្នកមានសុខភាពល្អ ហើយនេះគឺជាផ្នែកមួយដ៏សំខាន់ ដែលអាចជួយអោយអ្នក មានបេះដូង ដែលមានសុខភាពល្អមួយបាន។ ការដើរ ឬរត់ត្រេះៗអោយបាន៣០នាទី៥ដងក្នុងមួយសប្តាហ៍ត្រូវបានគេជឿថា វារឿងដ៏ល្អបំផុតហើយតែតាមពិតនោះគឺវាមិនទាន់គ្រប់គ្រាន់នោះទេ ។ ជាការពិតមនុស្សយើងម្នាក់ៗត្រូវធ្វើការដើរ ឬរត់ត្រេះៗអោយបានយ៉ាងហោចណាស់១ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីធ្វើអោយបេះដូងរបស់យើង ច្របាច់ឈាមបានសព្វ និងមានដំណើរការបានល្អជាងមុន។
២. ទទួលទានអាហារដែលផ្តល់ផលល្អចំពោះសុខភាព
មនុស្សជាច្រើនយល់ថា អោយតែពួកគេបានធ្វើការហាត់ប្រាណជាប្រចាំហើយ នោះគេប្រាកដជាអាច ញាំអ្វីៗ បានតាមដែលចិត្តចង់។ ការទទួលទានអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព អាចធ្វើអោយ យើងប្រាកដក្នុងចិត្តបានថា បេះដូងរបស់យើង ទទួលបាននូវកម្រិត សារធាតុចិញ្ចឹម និង វីតាមីនបានគ្រប់គ្រាន់។ អ្វីដែលអ្នក ត្រូវកំណត់បរិមាណ ក្នុងការទទួលទានអោយបានត្រឹមត្រូវ នោះគឺដូចជា ពពួកអាហារបំពងសម្បូរជាតិខ្លាញ់ និង មានជាតិប្រូម៉ាសច្រើន ពីព្រោះពួកវាអាចធ្វើអោយសសៃអាទែ អ្នកកកស្ទះជាតិខ្លាញ់ និងកំណត់នូវ បរិមាណឈាមដែលត្រូវហូរចូលទៅក្នុងបេះដូង។
៣. ត្រូវមានការប្រុងប្រយ័ត្នចំពោះភេសជ្ជៈដែលអ្នកផឹក
នេះជាចំណុចមួយ ដែលអ្នកគួរធ្វើការពិចារណាអោយបានដិតដល់ ព្រោះមនុស្សភាគច្រើនតែងធ្វើការផឹកស្រាបៀរ, ទឹកសូដា និងកាហ្វេក្នុងបរិមាណមួយដ៏ច្រើន ។ ភេសជ្ជៈដែលល្អបំផុតសម្រាប់អ្នកក្នុងការផឹកនោះ គឺទឹកធម្មតានោះក៏ដោយសារតែរាងកាយរបស់មនុស្សយើង គឺផ្តុំឡើងទៅដោយសារធាតុរាវជាច្រើន ហើយដែលវាតែងត្រូវការនូវការបង្គ្រប់ និងផ្តល់ថាមពលបន្ថែមទៀតនៅពេលដែលយើងធ្វើការហត់ ។ យ៉ាងហោចណាស់ អ្នកគួរធ្វើការផឹកទឹកអោយបាន៨កែវយ៉ាងតិចក្នុងមួយថ្ងៃ។
គន្លឹះទាំង៣ខាងលើនេះនឹងមិនជាបញ្ហាពិបាកក្នុងការអនុវត្តតាមនោះទេ អ្វីដែលសំខាន់ គឺអ្នកត្រូវរក្សាធ្វើវាអោយបានខ្ជាប់ខ្ជួននោះអ្នកនឹងទទួលបាននូវបេះដូងមួយដែលមានសុខភាពល្អជាក់ជាមិនខានឡើយ៕