​បើ​យោង​ទៅតាម​សមាគម​ជំងឺ​ភ្នែក​អាមេរិក (American Optometric Association) នៅលើ​ពិភពលោក​នេះ មាន​មនុស្ស​ប្រមាណ​ជាង ២៥​លាន​នាក់​ហើយ​ដែល​មាន​ជំងឺ​ខូច​ភ្នែក​ប្រភេទ Macular Degeneration និង​ជំងឺភ្នែកឡើងបាយ​ដោយសារតែ​ការ​ចាស់​ទៅ​តាម​អាយុ​។

ជំងឺ​ទាំងនេះ​កំពុង​ក្លាយទៅជា​មូលហេតុ​ដែល​ធ្វើអោយ​មនុស្ស​ខ្វាក់ភ្នែក​នៅពេល​អាយុ​ចូល​ខ្ទង់ ៥៥​ឆ្នាំ​។ ជំងឺ​ទាំងនេះ​ច្រើន​តែ​បណ្តាលមកពី​អុកស៊ីត​កម្ម និង​ការ​រលាក​លើ​គ្រាប់​ភ្នែក ប៉ុន្តែ​ការស្រាវជ្រាវ​បាន​រកឃើញថា អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ Lutein និង Zeaxanthin អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្នែក​រ៉ាំរ៉ៃ​បាន​។

ការសិក្សា​ផ្សេងៗ​ទៀត​បាន​រកឃើញថា របប​អាហារ​ដែល​សម្បូរ​វីតាមីន C និង E, Beta Carotene, ស័ង្គសី និង​ខ្លាញ់​អូ​មេហ្គា​បី​ក៏ជួយ​ការពារ​កុំអោយ​មាន​ជំងឺ​ភ្នែក​ពេល​អាយុ​កាន់តែ​ច្រើន​ដែរ​។ ខាងក្រោម​នេះ​គឺជា​ប្រភព​អាហារ​ចំបង​ទាំង​ប្រាំ​ដែល​អ្នក​គួរតែ​ចាប់ផ្តើម​ញ៉ាំ​នៅ​ពេល​ឥឡូវនេះ​ដើម្បី​ជំនួយ​ដល់​គំហើញ​ភ្នែក​របស់​អ្នក​។

​ពោត​
​វា​មិន​ត្រឹមតែ​ជា​ហារ​ដែល​មាន​រស់ជាតិ​ឆ្ងាញ់​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ Lutein និង Zeaxanthin មួយចំនួន​ដែរ​។ អ្នក​ស្រាវជ្រាវ​ក្នុង​សារព័ត៌មាន Jounal of Agricultural Food and Chemistry បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​នេះ​ដោយ​ចំអិន​ធ្វើ​អោយ​ចំនួន​របស់​សារធាតុ Lutein និង​កម្រិត​អង់​ទី​អុក​ស៊ីដង់​កើនឡើង​បាន​រយៈពេល​យូរ​។

​ស្ពៃ​បៃតងចាស់​

​ស្ពៃ​បៃតងចាស់​ក៏​មាន​សារធាតុ Lutein និង Zeaxanthin មួយចំនួន​ដែរ​។ ដូច្នេះ​ចូរ​បន្ថែមបន្លែ​មួយ​ប្រភេទ​នេះ​ទៅក្នុង​អាហារ​ណាមួយ​ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ទៅ​។ ចំណាំ​៖ ការ​ចំអិន​បន្លែ​ពណ៌​បៃតង​ជួយ​អោយ​រាងកាយ​របស់​អ្នក​បឺត​ស្រូប​សារធាតុ Lutein កាន់តែ​ល្អ​។

​បន្លែ​ប្រូ​ខូលី​
​បន្លែ​សម្បូរ​ជាតិ​សរសៃ​មួយ​នេះ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន C, សារធាតុ​ជំនួយ​ភ្នែក Beta-carotene  ព្រមទាំង Lutein និង Zeaxanthin​ផងដែរ​។​

​ស៊ុត​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី ស៊ុត​ដែល​ផ្ទុក​ទៅដោយ​ប្រូតេអ៊ីន​ច្រើន​ក៏​ផ្តល់​ជា​ជីវជាតិ​ដូចជា Lutein, វីតាមីន E និង​អូ​មេហ្គាបី​ផងដែរ​។

​ក្រូច​
​ផ្លែឈើ​ជូរៗ​ទាំងនេះ​សម្បូរ​វីតាមីន C ណាស់ សម្រាប់​ជួយ​ពង្រឹង​ដល់​ជាលិការ​ភ្នែក​អោយមាន​សុខភាព​ល្អ​។ នេះ​បើ​យើង​យោង​ទៅ​តាម​ការសិក្សា​ទៅលើ​ជំងឺ​ភ្នែក​ដែល​ទាក់ទង​នឹង​ការ​ចាស់​ទោ​តាម​អាយុ ដែល​ឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​ភ្នែក​ជាតិ​។ ក្នុង​ភ្នែក វីតាមីន C ប្រហែល​ជា​ជួយ​ធ្វើអោយ​សារធាតុ​អង់​ទី​អុកស៊ី​ដង់​សំខាន់ៗ​ផ្សេង​ទៀត​កើត​ឡើង​វិញ​ដូចជា​វីតាមីន E ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង