តើថ្នាំកាត់បន្ថយការក្អួតចង្អោរមានប៉ុន្មានប្រភេទ?
ថ្នាំកាត់បន្ថយក្អួតចង្អោរគេហៅថា antiemetic។ ពួកវាអាចជួយអោយមានភាពធូរស្រាលនៅការចង្អោរ និងក្អួត។មានថ្នាំប្រភេទនេះជាច្រើន។

-Bismuth subsalicylate (Kaopectate, Pepto-Bismol)អាចជួយព្យាបាលនូវប្រភេទចង្អោរ និងក្អួតដូចជាមកពីការរលាកក្រពះ-ពោះវៀន។ វាត្រូវបានប្រើប្រាស់ក្នុងករណីឈឺក្រពះ និងប្រឆាំងនឹងការរាគ(ថ្នាំព្យាបាលរាគ)។
-ថ្នាំប្រឆាំងអ៊ីសស្តាមីន(Antihistamines)មួយចំនួនអាចជួយការពារការចង្អោរ និងក្អួតដែលបណ្តាលមកពីសកម្មភាពនៃការឈឺផងដែរ។ថ្នាំទាំងនេះរួមមាន dimenhydrinate (Dramamine) និង meclizine hydrochloride (Dramamine Less Drowsy)។
តើថ្នាំកាត់បន្ថយការក្អួតចង្អោរមានសកម្មភាពយ៉ាងដូចម្តេច?
Bismuth subsalicylateមានសកម្មភាពដោយការការពារស្រទាប់ការពាររបស់ក្រពះ។
ថ្នាំប្រឆាំងអ៊ីស្តាមីនអាចបង្អាក់ព័ត៌មានទៅផ្នែកមួយនៃខួរក្បាលដែលគ្រប់គ្រងទៅនឹងការចង្អោរ និងក្អួត។ ទាំងនេះជាហេតុផលដែលពួកវាមានសកម្មភាពយ៉ាងល្អបំផុតប្រសិនបើអ្នកលេបវាមុនអ្នកគិតថាអ្នកអាចនឹងមានបញ្ហាពុលដោយសារចលនាដូចជាពុលឡានពុលទូកជាដើម។
តើថ្នាំ antiemeticអាចបង្ករផលវិបាលអ្វីខ្លះ?
អ្នកពេញវ័យដែលមានសុខភាពល្អជាធម្មតាមិនមានផលប៉ះពាល់ដែលបណ្តាលមកពីការប្រើថ្នាំកាត់បន្ថយក្អួតទេ។ ផលប៉ះពាល់នេះអាចជាការព្រួយបារម្ភចំពោះអ្នកដែលមានវ័យចំនាស់ ឬក៏អ្នកដែលមានសុខភាពខ្សោយ។
ផលប៉ះពាល់ដែលបណ្តាលមកពីថ្នាំ bismuth subsalicylateគឺអោយលាមកខ្មៅ ឬអណ្តាតខ្មៅ, ទល់លាមក ឬមានសំលេងរោទិនៅត្រចៀក។ ទាំងនេះគឺជាផលប៉ះពាល់ដែលនឹងមានរយះពេលខ្លីប៉ុណ្ណោះ។
ថ្នាំអង់ទីអ៊ីស្តាមីន(Antihistamines)អាចអោយអ្នកមានអារម្មណ៍ងងុយគេង។ នេះអាចធ្វើអោយប៉ះពាល់ដល់ការបើកបរ ឬការប្រើប្រាស់ម៉ាស៊ីននានា។ វាអាចធ្វើអោយអ្នកពិបាកគិត។ វាក៏អាចអោយមាត់ និងភ្នែករបស់អ្នកស្ងួត។ សូមចងចាំថា, ជាតិស្រវឹងអាចបង្កើននូវការងងុយគេងដែលបណ្តាលមកពីថ្នាំប្រឆាំងអ៊ីស្តាមីន(Antihistamines)។
តើថ្នាំ កាត់បន្ថយក្អួតមិនគួរអោយប្រើប្រាស់ចំពោះមនុស្សប្រភេទណា?
សូមកុំលេបថ្នាំ bismuth subsalicylateប្រសិនបើអ្នកធ្លាប់មានប្រតិកម្មទៅនឹងថ្នាំអាស្ពីរីន ឬផលិតផលដទៃទៀតដែលមានធាតុផ្សំ salicylates។ ដូចគ្នាដែរ, សូមកុំអោយ bismuth subsalicylateទៅកុមារដែលមានអោយក្រោម១២ឆ្នាំ ឬក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៨ឆ្នាំដែលមានជំងឺផ្តាសាយ ពីព្រោះវាអាចអោយមានហានិភ័យនៃជំងឺReye’s syndrome
តើថ្នាំ កាត់បន្ថយការក្អួតអាចបង្កអោយមានបញ្ហាឬទេប្រសិនបើវាត្រូវបានប្រើប្រាស់ជាមួយថ្នាំដទៃទៀត?
Bismuth subsalicylateអាចធ្វើអោយប៉ះពាល់ទៅនឹងថ្នាំដទៃទៀត ដូចនេះហើយវាមិនមានសកម្មភាពល្អនោះទេ។ វាអាចអោយមានការជះឥទ្ធិពលផ្សេងៗផងដែរប្រសិនបើអ្នកលាយវាជាមួយថ្នាំដទៃទៀត។ សូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិនមុននឹងអ្នកលេបវាជាមួយថ្នាំ មួយចំនួនដូចជាៈ
-ថ្នាំដែលធ្វើអោយឈាមរាវ
-ថ្នាំព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងម្យ៉ាងហៅថាហ្គូត
-ថ្នាំព្យាបាលជំងឺរលាកសន្លាក់
-ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម
សូមប្រយ័ត្នក្នុងការលេបថ្នាំទ្វេដងនៃពពួក salicylate។ ថ្នាំមួយចំនួនដែលបន្ថយការឈឺចាប់, ថ្នាំផ្តាសាយ និងថ្នាំដទៃទៀតដែលមានធាតុផ្សំជាអាស្ពីរីន ដែលផ្សំដោយ salicylate ឬក៏ប្រភេទផ្សេងៗនៃ salicylate។ ដោយសារតែ bismuth subsalicylateផ្សំដោយsalicylate, ដូចនេះអ្នកអាចលេប salicylateច្រើនជាងអ្វីដែលអ្នកប៉ងបើអ្នកលេបថ្នាំទាំងនេះចូលគ្នា។សូមពិភាក្សាជាមួយគ្រូពេទ្យ មុននឹងអ្នកលេបថ្នាំប្រឆាំងនឹងអ៊ីស្តាមីន(antihistamine)ប្រសិនបើអ្នកចង់លេបថ្នាំងងុយគេង, ថ្នាំសណ្តំ និងថ្នាំសម្រួលចលនាសាច់ដុំ។ ថ្នាំផ្តាសាយ និងថ្នាំប្រឆាំងអាឡែរហ្ស៊ីដែលគ្មានវេជ្ជបញ្ជាជាច្រើនផ្សំឡើងដោយសារធាតុប្រឆាំងនឹងអ៊ីស្តាមីន(antihistamines)។ ដូច្នេះអ្នកត្រូវសួរគ្រូពេទ្យមុននឹងអ្នកលេបថ្នាំទាំងនេះលាយចូល។